ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ កំពុងដែលគាត់សំដែងពន្យល់ពីសេចក្តីសុចរិត សេចក្តីដឹងខ្នាត និងសេចក្តីជំនុំជំរះដែលត្រូវមក នោះលោកភេលីចកើតមានចិត្តភិតភ័យ ក៏ឆ្លើយថា ឥឡូវនេះ ឲ្យទៅសិនចុះ កាលណាមានឱកាសស្រួល នោះអញនឹងហៅឯងមកទៀត។ កិច្ចការ ២៤:២៥
អំណានប្រចាំថ្ងៃ អ្នកបំរើព្រះដែលចេះសម្របសម្រួល
ចូរយើងក្រឡេកមើលលោកប៉ុល កាលគាត់នៅក្នុងគុកឯក្រុងភីលីព ទោះបីជារាងកាយរបស់គាត់ត្រូវទទួលការឈឺចាប់យ៉ាងណាក៏ដោយ ក៏គាត់នៅតែសរសើរតម្កើងដល់ព្រះដែរ។ នៅពេលយប់នោះឯង ការសរសើរតម្កើងរបស់គាត់បានធ្វើឱ្យកក្រើកគុក ហើយទ្វារគុកក៏បានរបើកឡើង។ សំឡេងរបស់គាត់ក៏បានកម្សាន្តចិត្តដល់អ្នកយាមគុកផងដែរ ដោយបាននិយាយទៅកាន់អ្នកយាមគុកនោះថា «កុំសម្លាប់ខ្លួនអី មើលចុះ ពួកយើងនៅទីនេះទេតើ» ។ ឆ្មាំគុក ក៏បានទទួលជឿលើសេចក្តីពិត ដោយបានថែរក្សាប៉ុល ហើយក៏បានសួរពីការដែលនាំឱ្យបានសង្គ្រោះ។ គាត់ព្រមទាំងពួកគ្រួសាររបស់គាត់ក៏បានទទួលជឿជាមួយពួកសាវកដែរ។
ចូរយើងក្រឡេកមើលលោកប៉ុល កាលដែលគាត់នៅឯក្រុងអាថែន នៅមុខសន្និបាតអើរីយ៉ូស គាត់បានយកវិទ្យាសាស្ត្រមកតទល់ជាមួយនឹងវិទ្យាសាស្ត្រ ហេតុផលជាមួយនឹងហេតុផល ហើយទស្សនៈវិជ្ជា ជាមួយនឹងទស្សនៈវិជ្ជាដែរ។ ចូរកត់សំគាល់ការដែលគាត់យកសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះ មកចង្អុលបង្ហាញថា ព្រះយេហូវ៉ានោះហើយគឺជាព្រះដែលពួកគេពុំស្គាល់ ដែលពួកគេបានថ្វាយបង្គំទ្រង់ដោយពុំដឹងខ្លួន ហើយថែមទាំងបានសរសេរជាកំណាព្យថ្វាយទ្រង់ផង។ គាត់បានប្រៀបប្រដូចព្រះទៅនឹងឪពុក ដែលមានកូនដូចពួកគេរាល់គ្នា។ ចូរឱ្យយើងស្តាប់គាត់ នៅក្នុងសម័យវណ្ណៈនិយមនោះ នៅពេលដែលមនុស្សពុំត្រូវបានគេទទួលស្គាល់សិទ្ធិជាមនុស្សរបស់ខ្លួន។ គាត់បានលើកឡើងពីភាពជាបងប្អូនរបស់មនុស្សជាតិ ដោយបានប្រកាសថា «ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឱ្យបាននៅពេញលើផែនដី» បន្ទាប់មក តាមរយៈមនុស្សដែលទ្រង់ស្រឡាញ់ទ្រង់បានបង្ហាញពីគោលបំណងនៃព្រះគុណរបស់ទ្រង់ ដែលមានហូរហែដូចជាខ្សែអំបោះពណ៌មាសថា «ព្រមទាំងសម្រេចកំណត់ពេលវេលាដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឱ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនីមួយៗក៏ដោយ»។
ចូរឱ្យយើងស្តាប់គាត់ កាលដែលគាត់នៅចំពោះព្រះភក្ត្រស្តេចអ័គ្រីប៉ា នៅពេលដែលទ្រង់កំពុងតែជំនុំជម្រះរឿងក្តី ស្តីពីជំនឿរបស់ប៉ុល ទ្រង់បានមានបន្ទូលទៅប៉ុលថា «បន្តិចទៀត ឯងនឹងនាំយើងឱ្យត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ»។ រួចប៉ុលក៏មានប្រសាសន៍ទៅកាន់ទ្រង់វិញថា «ទូលបង្គំសូមដល់ព្រះ មិនមែនឱ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឱ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឱ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ»។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ២៦
ខចងចាំ៖ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨