ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨
អំណានប្រចាំថ្ងៃ ការបំពេញបេសកកម្មទាំងជាប់ចំណង
ក្រោយមក គាត់ក៏បានរៀបរាប់ប្រាប់ពីជីវិតរបស់គាត់ថា «ខ្ញុំដើរដំណើរជាច្រើនក៏មានសេចក្តី អន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងមនុស្ស ក្នុងពួកបងប្អូនក្លែងក្លាយដែរ។ ខ្ញុំត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង» កូរិនថូសទី២ ១១:២៦-២៧។
យើងខ្ញុំធ្វើការនឿយហត់នឹងដៃយើង កាលណាគេជេរនោះយើងខ្ញុំឱ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកិយ ហើយដូចជាកំអែលនៃមនុស្សទាំងអស់ ដរាបដល់ឥឡូវនេះ»។ «ដូចជាទ័លក្រ តែកំពុងតែចម្រេើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ» កូរិនថូសទី១ ៤:១២-១៣, កូរិនថូសទី២ ៦:១០។
ទោះបីគាត់មានភាពជាអ្នកទោសអស់រយៈពេលដ៏យូរក្តី ព្រះជាម្ចាស់បានសម្រេចកិច្ចការរបស់ទ្រង់ តាមរយៈគាត់។ ការជាប់ចំណងរបស់គាត់គឺជាវិធីមួយដែលព្រះបានប្រើ ក្នុងការពាំនាំយកព្រះបន្ទូលរបស់ទ្រង់ ពីព្រះគ្រីស្ទ ដើម្បីចម្រើនសិរីល្អរបស់ព្រះវិញ។ ក្នុងខណៈដែលគាត់ត្រូវបានគេបញ្ជូនខ្លួនពីទីក្រុងមួយ ទៅទីក្រុងមួយ ដើម្បីកាត់ទោស គាត់បានរ៉ាយរា៉ប់ប្រាប់ទីបន្ទាល់របស់គាត់ និងជំនឿរបស់គាត់លើព្រះយេស៊ូ ដល់ទាំងស្តេច ព្រមទាំងអ្នកដឹកនាំផងដែរ ដើម្បីកុំឱ្យគេមានលេសថាមិនបានឮពីព្រះគ្រីស្ទ។ ដោយសារការនេះ មានមនុស្សរាប់ពាន់នាក់ បានជឿដល់ព្រះនាមទ្រង់ ហើយក៏មានអំណរដោយនូវព្រះនាមទ្រង់។
ខ្ញុំបានឃើញថាគោលបំណងពិសេសរបស់ព្រះត្រូវបានបំពេញ តាមរយៈដំណើរលើផ្ទៃសមុទ្ររបស់លោកប៉ុល។ ទ្រង់បានធ្វើឱ្យពួកនាយសំពៅបានឃើញការអស្ចារ្យ និងព្រះចេស្តារបស់ព្រះ ហើយឱ្យពួកដែលមានជំនឿលើសាសនាដទៃបានឮពីព្រះនាមរបស់ព្រះយេស៊ូវ ហើយដើម្បីឱ្យមនុស្សជាច្រើននោះបានងាកមកជឿដល់ទ្រង់តាមរយៈការបង្រៀនរបស់ប៉ុល តាមរយៈ ទីបន្ទាល់នៃការអស្ចារ្យរបស់គាត់។
ទាំងស្តេច ទាំងមេដឹកនាំ មានការភ្ញាក់ផ្អើលអំពីអ្វីដែលលោកប៉ុលបាននិយាយ និងពីការដែលគាត់បានអធិប្បាយអំពីព្រះយេស៊ូវគ្រីស្ទដោយអំណរ និងពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធនិងពីការដែលគាត់ចែកចាយទីបន្ទាល់របស់គាត់ ក្នុងការដែលគាត់ទទួលជឿដល់ព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ២៧:១-២០
ខចងចាំ៖ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨