ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ។ រ៉ូម ៨:៣៨-៣៩
អំណានប្រចាំថ្ងៃ
អស់រយៈពេលជាច្រើនឆ្នាំ ដែលលោកពេត្រុស និងលោកប៉ុលបានចែកផ្លូវគ្នាក្នុងការផ្សាយដំណឹងល្អរបស់ព្រះ ដោយប៉ុលជាអ្នកផ្សាយដំណឹងល្អដល់ពួកសាសន៍ដទៃ ឯពេត្រុសជាអ្នកផ្សាយដំណឹងល្អដល់សាសន៍យូដា។ ប៉ុន្តែ ដោយព្រះចេស្តារបស់ព្រះ អ្នកទាំងពីរនាក់នេះ ជាអ្នកពាំនាំយកព្រះបន្ទូលរបស់ព្រះ ទៅចែកផ្សាយដល់គ្រប់ទាំងទីក្រុង ទូទាំងពិភពលោកទាំងមូល ហើយពួកគេនឹងត្រូវបង្ហូរឈាម ដើម្បីជាគ្រាប់ពូជដល់ចម្រូតដ៏ធំ ដែលមានទាំងពួកបរិសុទ្ធ និងពួកអ្នកដែលលះបង់ជីវិតដើម្បីព្រះ។
នៅពេលដែលប៉ុលត្រូវបានគេចាប់ខ្លួនលេើកទីពីរនោះ គេក៏បានចាប់ខ្លួនលោកពេត្រុសដែរ។ ដោយសារតែគាត់បានបកអាក្រាតការបោកបញ្ឆោតរបស់គ្រូមន្តអាគមម្នាក់ដែលមានឈ្មោះថាស៊ីម៉ូន ម៉ាកុស ហើយបានផ្ចាញ់គេ ក្នុងកាលដែលគេតាមគាត់ទៅឯក្រុងរ៉ូម ដើម្បីរារាំងការផ្សាយដំណឹងល្អ នោះបានធ្វើឱ្យពួកអ្នកមានអំណាចស្អប់គាត់ជាខ្លាំង។ ព្រះចៅអធិរាជណេរ៉ូ ជាស្តេចនិយមមន្តអាគម ដែលបានគាំទ្រដល់ស៊ីម៉ូន ម៉ាកុសនោះបានយកលេសទាស់នឹងសាវកពេត្រុស ហើយក៏បានចេញបញ្ជាឱ្យចាប់ខ្លួនពេត្រុស។ ព្រះចៅអធិរាជអង្គនោះបានព្យាបាទលោកពេត្រុសយ៉ាងខ្លាំង ដោយសារតែគាត់បានធ្វើឱ្យសមាជិកមួយចំនួនរបស់ទ្រង់ក្លាយជាគ្រីស្ទានដែរ កាលពីការជាប់ទោសលើកមុន។ ដោយសារហេតុនេះហើយ បានជាស្តេចអង្គនេះបានធ្វើឱ្យការជាប់ទោសលើកនេះវេទនាជាងមុនទៅទៀត ដើម្បីកុំឱ្យគាត់មានឱកាសនឹងនិយាយពីព្រះយេស៊ូវទៀត។ មិនតែប៉ុណ្ណោះ ទ្រង់ចង់កាត់ទោសប្រហារជីវិតពេត្រុសយ៉ាងឆាប់ជាទីបំផុត ឱ្យតែទ្រង់រកបានហេតុផលសមរម្យណាមួយ។ អធិរាជ ណេរ៉ូ មានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះអំណាចនៃសម្តីរបស់ពេត្រុសកាលពីរឿងក្តីមុនហើយក៏បាន ពន្យារការកាត់ទោសនេះ ដោយពុំបានធ្វើការដោះលែង ឬចោទប្រកាន់ដែរ។ មិនយូរប៉ុន្មាន ក្រោយពីការកាត់ទោសពេត្រុស ប៉ុលក៏ត្រូវបានគេបញ្ជូនទៅសម្លាប់ដែរ ប៉ុន្តែ ដោយសារគាត់ជាជនជាតិរ៉ូម នោះគ្មានអ្នកណាម្នាក់មានសិទ្ធិនឹងធ្វើទារុណកម្មដល់គាត់ឡើយ ដូច្នេះហើយគាត់ត្រូវបានគេសម្លាប់ដោយកាត់ក្បាលវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ២៧:២១-៤៤
ខចងចាំ៖ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨