ថ្ងៃសៅរ៍ ទី០២​ ខែកក្កដា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ពឹង​ជ្រកដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់សង្កិនគឺ​ជា​ទី​ពឹង​នៅ​គ្រា​លំបាកឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះនាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ដ្បិតឱព្រះយេហូវ៉ា​​អើយ ទ្រង់​មិន​បាន​បោះបង់​ចោល​ពួក​អ្នកដែល​ស្វែង​រក​ទ្រង់​ឡើយ។ ទំនុកតម្កើង ៩:៩-១០

អំណានប្រចាំថ្ងៃ ការរំដោះចេញពីគុកដោយទេវតា

នៅពេលយប់មុនការកាត់ទោសរបស់គាត់ ពេត្រុសក៏បានសម្រាន្ត​នៅកណ្តាលទាហានទាំងពីរនាក់ដែលយាមគាត់ជាធម្មតា។ ស្តេចហេរ៉ូឌបាននឹកចាំពីការដែលពេត្រុស ហើយនិងយ៉ូហានរួចពីគុកដោយសារតែជំនឿរបស់គេ កាលពីលើកមុន ហើយក៏បានចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីមិនឱ្យរឿងនេះកើតឡើងសាជាថ្មីម្តងទៀតឡើយ។ ទាហានដែលនៅយាម​គុកនោះ ត្រូវតែបន្ថែមការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីធានាមិនឱ្យរឿងអាស្រូវកើតឡើង ព្រោះគេម្នាក់ៗសុទ្ធតែនឹងត្រូវទទួលខុសត្រូវចំពោះស្តេចហេរ៉ូឌ ពីសុវត្ថិភាពរបស់អ្នកទោស។ ពេត្រុសត្រូវបានគេដាក់ច្រវាក់ជាប់ទៅនឹងកំផែងដ៏រឹងមាំនៅក្នុងគុក ហើយមានទាហានយាមគាត់ដល់ទៅ ១៦នាក់ ផ្លាស់ប្តូរគ្នាយាមគាត់ ម្តង៤នាក់។ ប៉ុន្តែ រនុកហើយនិងរនាំងទ្វារគុកដ៏រឹងមាំរបស់ពួករ៉ូមដែលគ្មានអ្នកណាអាចនឹងបំបាក់បានទាំងនោះ បានធ្វើឱ្យ​ការ​រំដោះ​ពេត្រុសចេញពីគុក កាន់តែចម្រើនសិរីល្អដល់ព្រះថែមទៀត។ ស្តេចហេរ៉ូឌបានលើកខ្លួនឡើងទាស់នឹងព្រះដ៏មានអំណាច ដូច្នេះទ្រង់នឹងត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ ក្នុងការដែលទ្រង់ព្យាយាមយាយីដល់ជីវិតអ្នកបំរើរបស់ទ្រង់។

នៅយប់ចុងក្រោយបង្អស់ មុនការកាត់ទោសនោះ ព្រះជាម្ចាស់បានចាត់ទេវតាពីស្ថានសួគ៌ ដើម្បីឱ្យជួយរំដោះពេត្រុសចេញពីគុក។ ទ្វារគុក​ដ៏រឹងមាំនោះត្រូវបានរបើកឡើង ដោយគ្មានដៃរបស់មនុស្សណាប៉ះឡើយ ហើយទេវតានៃព្រះដ៏ធំក៏បានចូលទៅក្នុងគុក រួចទ្វារនោះក៏បានបិទវិញដោយគ្មានអ្នកណាបានឮឡើយ។ ទេវតាក៏បានយាងចូលទៅក្នុងបន្ទប់ក្នុងគុកដែលព័ទ្ធទៅដោយ​ជញ្ជាំងថ្មដ៏រឹងមាំ ហើយក៏បានឃើញពេត្រុសកំពុងតែដេកលក់ដោយព្រះពរ និងសេចក្តីសុខសាន្តដែលគាត់ទទួលបានពីការទុកចិត្តដល់ព្រះ ទោះបីជាគាត់ត្រូវគេដាក់ខ្នោះជាប់ទៅនឹងទាហានទាំងពីរនាក់នោះក៏ដោយ។ ពន្លឺដែលបានចែងចាំងពីទេវតានោះ បានបំភ្លឺគុកទាំងមូល ប៉ុន្តែមិនបានធ្វើឱ្យសាវកពេត្រុសភ្ញាក់ឡើយ។ លោកពេត្រុសបានសម្រាន្ត​យ៉ាងលង់លក់ ​ព្រោះគាត់មិនបានប្រព្រឹត្តអ្វីខុសឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ពង្សាវតាក្សត្រទី២ ជំពូក​ ៦:៨-២៣

ខចងចាំ៖​​ ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ។ កិច្ចការ​ ២:៣៨

Powered by CAM