ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបំរុងទុកឲ្យយើងរាល់គ្នានៅស្ថានសួគ៌ គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្តីជំនឿ សំរាប់ឲ្យបានសេចក្តីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ។ ពេត្រុសទី១ ១:៣-៥
អំណានប្រចាំថ្ងៃ ការស្លាប់របស់លោកពេត្រុស
ដោយសារគាត់ជាជនជាតិយូដា ពេត្រុសត្រូវបានគេកាត់ទោសឱ្យជាប់ឆ្កាង។ នៅក្នុងការរងទុក្ខដោយសេចក្តីស្លាប់ដ៏គួរឱ្យរន្ធត់នោះ លោកពេត្រុសបាននឹកឃើញអំពើបាបរបស់គាត់ កាលដែលគាត់បានបដិសេធព្រយេស៊ូវ នៅពេលដែលគេកំពុងជំនុំជម្រះទ្រង់។ គាត់បានគិតថា គាត់គ្មានតម្លៃអ្វីនឹងមកស្លាប់តាមបែបដូចជាព្រះជាម្ចាស់សុគតនោះទេ។ នៅពេលនោះ លោកពេត្រុសបានលន់តួបាបរបស់គាត់ម្តងទៀត ហើយព្រះជាម្ចាស់ក៏បានលើកលែងទោសឱ្យគាត់ ដូចដែលព្រះអង្គបានមានបន្ទូលនឹងគាត់ថា ឱ្យគាត់ចំអែតដល់ហ្វូងចៀមរបស់ទ្រង់ផង។ ប៉ុន្តែទោះបីជាយ៉ាងនោះក្តី ក៏ពេត្រុសនៅតែមិនអាចអត់ទោសឱ្យខ្លួនឯងបានដែរ។ ទោះបីជាការឈឺចាប់ចុងក្រោយរបស់គាត់នេះ មានសភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចបន្ធូរបន្ថយការសោកស្តាយនិងការកែប្រែចិត្តដ៏ជូរចត់របស់គាត់បានដែរ។ សំណូមពរចុងក្រោយរបស់គាត់ គឺសូមឱ្យគេឆ្កាងគាត់ដាក់ក្បាលចុះក្រោមវិញ។ គេក៏បានយល់ព្រមតាមសំណូមពររបស់គាត់ ហើយពេត្រុសក៏បានស្លាប់ដោយរបៀបនេះ គឺត្រូវគេឆ្កាងយកក្បាលចុះក្រោម។
លោកប៉ុលត្រូវបានគេនាំខ្លួនទៅកាន់កន្លែងប្រហារជីវិត។ អ្នកដែលធ្វើទុក្ខបៀតបៀនដល់លោកប៉ុល បានដឹងពីឥទ្ធិពលរបស់គាត់ ហើយបានព្រួយបារម្ភខ្លាចក្រែងមានមនុស្សជាច្រើននឹងក្លាយទៅជាគ្រីស្ទាន ក្នុងខណៈដែលគេមើលការប្រហារជីវិតរបស់ប៉ុល។ ដូច្នេះគេមិនបានអនុញ្ញាតឱ្យមានមនុស្សច្រើនមកមើលការស្លាប់របស់លោកប៉ុលទេ។ ប៉ុន្តែ ពួកទាហានដែលត្រូវបានគេចាត់ឱ្យមកយាមប៉ុលបានឮនូវអ្វីដែលប៉ុលនិយាយ ដោយអំណរ ទោះបីជាគាត់ត្រូវគេសម្លាប់ក៏ដោយ។ ការដែលគាត់អធិស្ឋានលើកលែងទោសដល់អ្នកដែលសម្លាប់គាត់ និងជំហរដ៏រឹងមាំរបស់គាត់ទៅលើព្រះគ្រីស្ទនោះ បានសម្តែងឱ្យឃើញពីព្រះអង្គសង្គ្រោះ ដល់អ្នកដែលបានឃើញការស្លាប់របស់គាត់។ ក្រោយមក មានមនុស្សជាច្រើនបានទទួលជឿដល់ព្រះអង្គសង្គ្រោះ ដែលប៉ុលធ្លាប់បានអធិប្បាយ ហើយពួកគេទាំងនោះមិនខ្លាចនឹងបង្ហូរឈាមដោយសារតែជំនឿរបស់គេឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ២៨:១-១៦
ខចងចាំ៖ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨