ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង។ ធីម៉ូថេទី២ ១:១២
អំណានប្រចាំថ្ងៃ ទីបន្ទាល់ចុងក្រោយរបស់លោកប៉ុល
ទោះបីជាដល់ដំណាក់ការចុងក្រោយបង្អស់ក៏ដោយ ក៏ប៉ុលនៅតែធ្វើបន្ទាល់ពីព្រះគ្រីស្ទដែរ។ «ដ្បិតគឺជាព្រះដែលមានបន្ទូលបង្គាប់ឱ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឱ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូគ្រីស្ទ។ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឱ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទាល់គំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូកតែមិនស្លាប់ទេ យើងខ្ញុំផ្ទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឱ្យព្រះជន្មនៃទ្រង់បានសម្តែងមក ក្នុងរូបកាយយើងខ្ញុំដែរ» កូរិនថូសទី២ ៤:៦-១០។ ភាពស្កប់ស្កល់របស់ មិនមែនមកពីខ្លួនគាត់ផ្ទាល់ឡើយ គឺមកពីព្រះវិញ្ញាណបរិសុទ្ធនៃព្រះវិញ ដែលលើកព្រលឹងរបស់គាត់ ហើយបានបណ្តាលឱ្យគ្រប់ទាំងការបានបំពេញទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ការដែលជីវិតរបស់គាត់បានធ្វើជាគំរូដល់អ្វីដែលគាត់បាន បង្រៀន បានប្រទានអំណាចដល់ការអធិប្បាយរបស់គាត់ព្រមទាំងឥរិយារបស់គាត់ដែរ។ ដូចដែលហោរាបានទាយថា «ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឱ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់» អេសាយ ២៦:៣។ ដោយសារតែសេចក្តីសុខពីស្ថានសួគ៌នៅលើផ្ទៃមុខរបស់គាត់នេះហើយដែលធ្វើឱ្យមានមនុស្សជាច្រើនបានជឿដល់ដំណឹងល្អនេះ។
សាវកប៉ុលបានមើលទៅឯនាយដ៏អស្ចារ្យ ដោយក្តីសង្ឃឹមនិងក្តីអំណរ ហើយគ្មានការស្ទាក់ស្ទើរឬភ័យខ្លាចឡើយ។ ក្នុងខណៈដែលគាត់ឈរនៅទីលានប្រហារជីវិតនោះ គាត់មិនបានឃើញដាវដែលគេនឹងប្រហារគាត់ឬឃើញផែនដីដ៏ខៀវខ្ចី ដែលនឹងទទួលឈាមរបស់គាត់នៅពេលបន្តិចនេះទេ តែគាត់បានមើលទៅឯស្ថានសួគ៌ ហើយនិងបល្ល័ង្កដ៏នៅអស់កល្បរបស់ព្រះវិញ។ គាត់បានស្រែកឡើងថា «ឱព្រះអម្ចាស់ហើយ ទ្រង់គឺជាអ្នកកម្សាន្តចិត្តរបស់ទូលបង្គំ និងជាចំណែកមរតកនៃទូលបង្គំ។ តើពេលណាទៅទើបទូលបង្គំបានឱបទ្រង់? តើនៅពេលណាទៅ ទើបទូលបង្គំនឹងបានឃើញទ្រង់ផ្ទាល់នឹងភ្នែក ដោយគ្មានវាំងនននៃភាពស្រអាប់បាំងនៅកណ្តាល?
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ២៨:១៧-៣០
ខចងចាំ៖ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨