ថ្ងៃសុក្រ​​ ទី​​២២ ខែកក្កដា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ក៏​ដោយសារ​ទ្រង់ យើង​មាន​ផ្លូវ​ចូល​ក្នុង​ព្រះគុណនេះ ជា​ទី​ដែល​យើង​កំពុង​ឈរ​នៅ​ដោយ​សេចក្តី​ជំនឿ ហើយ​យើង​អួត​ពី​សេចក្តី​សង្ឃឹម​ដល់​សិរីល្អ​នៃ​ព្រះ​ផង មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ។ រ៉ូម ៥:១-៥

អំណានប្រចាំថ្ងៃ សេចក្តីសុខសាន្ត​​ សេចក្តីជំនឿ និងទំនុកចិត្ត

ក្នុងមួយជីវិតរបស់លោកប៉ុលនៅលើផែនដីនេះ គាត់បានរស់នៅក្នុងសភាពដូចជានៅស្ថានសួគ៌ដែរ។ អស់អ្នកដែលបានស្គាល់គាត់ បានដឹង​ពីឥទ្ធិពលរបស់គាត់ និងពីទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះគ្រីស្ទ និង​ជាមួយនឹងពួកទេវតា។ នេះហើយគឺជាអំណាចនៃសេចក្តីពិត។

ឥទ្ធិពលនៃជីវិតដ៏បរិសុទ្ធដែលផុសចេញពីក្នុងចិត្តដោយមិនដឹងខ្លួននេះហើយ គឺជាសេចក្តីអធិប្បាយដ៏មានប្រសិទ្ធិភាពបំផុត ដែលជាទី​ពេញ​ចិត្តដល់គ្រីស្ទសាសនា។ ការជជែកវែកញែក ដែលជួន​កាលមិន​អាចឆ្លើយ​បាននោះ គ្រាន់តែអាចធ្វើឱ្យមានការទាស់ទែងគ្នាតែប៉ុណ្ណោះ តែគំរូរបស់គ្រីស្ទានដែលយកព្រះជាធំ មានអំណាចដែលមិនអាចទប់ទល់បាន។ ក្នុង​ខណៈដែលគាត់រងទុក្ខនោះ លោកប៉ុលមិនបានគិតពីខ្លួនឯងទេ តែគាត់​បានខ្លោចផ្សាចិត្ត នឹកអាណិតដល់សាវកដទៃទៀត ដែលគាត់​នឹងទៅ​ចោល​ពួកគេ ហើយទុកឱ្យពួកគេនៅរងទុក្ខជាមួយនឹងសម្អប់ និងការបៀតបៀន។ គាត់បានខ្នះខ្នែងគ្រប់យ៉ាងដើម្បីពង្រឹងនិងលើកទឹកចិត្តដល់ក្រុមអ្នកគ្រីស្ទានថ្មីៗ ដែលបានទៅមើលការស្លាប់របស់គាត់នៅទីនោះ ដោយរំឭកគេពីសេចក្តីសន្យាដែលព្រះបានសន្យាដល់អស់អ្នកដែលត្រូវគេបៀតបៀនដោយសារសេចក្តីសុចរិត។ គាត់បានអះអាងប្រាប់គេគ្រប់គ្នាថា​អ្វីដែលព្រះទ្រង់មាន​បន្ទូល ទាក់ទងនឹងអស់អ្នកដែលត្រូវគេបៀតបៀន និងអស់អ្នកដែលស្មោះ​ត្រង់ ជាមួយនឹងទ្រង់នោះ ទ្រង់មិនដែលបំភ្លេចចោលឡើយ តែពួកគេនឹង​ងើប​ឡើងដោយពន្លឺវិញ ដ្បិតសិរីល្អរបស់ព្រះជាម្ចាស់នឹងចែងចាំងដល់គេ។ ពួកគេនឹងប្រដាប់កាយដោយសំលៀកបំពាក់ យ៉ាងស្រស់ស្អាត នៅពេលដែលសិរីល្អរបស់ព្រះត្រូវបានបើកសម្តែង។ នៅក្នុងរយៈពេលដ៏ខ្លីនេះ ពួក​គេ​នឹងត្រូវល្បួង ហើយនិងត្រូវរងទុក្ខ ប៉ុន្តែគេត្រូវតែលើកទឹកចិត្តខ្លួនឯងដោយការពោលថា យើងដឹងហើយ យើងបានស្គាល់ដល់​អ្នកដែល​យើង​ជឿ។ ទ្រង់មានអំណាចនឹងថែរក្សាយើង ហើយទ្រង់នឹងរក្សានូវព្រះបន្ទូលដែលទ្រង់បានសន្យាជាមួយយើងជានិច្ច ដ្បិតការរងទុក្ខនេះនឹងត្រូវដល់ទីបញ្ចប់ ហើយសេចក្តីអំណរនៃសេចក្តីសុខសាន្តនឹងមកគ្រងជំនួសវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ រ៉ូម ជំពូក​ ១:១-៧

ខចងចាំ៖​​ តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះដំរិះ​ទ្រង់។ រ៉ូម ៨:២៨

Powered by CAM