ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្តីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ ៩ ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ និងព្រះគុណនៃទ្រង់វិញ ដែលបានផ្តល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប។ ធីម៉ូថេទី២ ១:៨-៩
អំណានប្រចាំថ្ងៃ ជោគជ័យចុងក្រោយបង្អស់
ព្រះនៃសេចក្តីសង្គ្រោះរបស់យើង ទ្រង់បានរៀបចំអ្នកបំរើរបស់ទ្រង់ ដើម្បីប្រឈមមុខនឹងមហាវិវាទដ៏ធំនេះ។ ដោយសារតែការសុគតលោះបាបរបស់ព្រះគ្រីស្ទ ការសំអាតឱ្យស្អាតពីអំពើបាប តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវ ហើយនិងបានបំពាក់ដោយសេចក្តីសុចរិតរបស់ទ្រង់ លោកប៉ុលបានជឿថា វិញ្ញាណរបស់គាត់មានតម្លៃចំពោះព្រះអង្គសង្គ្រោះ។ ជីវិតរបស់គាត់បាននៅជាមួយនឹងព្រះគ្រីស្ទ នៅក្នុងព្រះជាម្ចាស់ដែរ ហើយគាត់មានជំនឿថា ព្រះដែលមានអំណាចយកឈ្នះលើសេចក្តីស្លាប់ ទ្រង់នឹងធ្វើដល់រាស្ត្ររបស់ទ្រង់ លើសពីការដែលទ្រង់បានសន្យាទៅទៀត។ ក្នុងគំនិតរបស់គាត់ គាត់បានគិតអំពីសេចក្តីសន្យារបស់ព្រះគ្រីស្ទដែលទ្រង់បានមានបន្ទូលថា «ខ្ញុំនឹងឱ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុត» យ៉ូហាន ៦:៤០។ គាត់បានគិត ហើយសង្ឃឹមលើការយាងមកជាលើកទីពីររបស់ព្រះជាម្ចាស់គ្រប់វិនាទីនៅពេលដែលកាំបិតរបស់ពេជ្ឈឃាតបានប្រហារគាត់។ នៅក្នុងដង្ហើមចុងក្រោយរបស់គាត់ ពេលដែលសេចក្តីស្លាប់បានរុំព័ទ្ធគាត់ជុំជិត នោះគាត់នៅតែគិតពីការដែលគាត់នៅជាមួយនឹងព្រះជាម្ចាស់ ដោយអំណរ និងប្រកបដោយព្រះពរជានិច្ច។
ចាប់តាំងពីពេលដែលលោកប៉ុលបានបង្ហូរឈាមរបស់គាត់ ដើម្បីធ្វើជាបន្ទាល់ពីព្រះបន្ទូលរបស់ព្រះ ហើយនិងពីព្រះគ្រីស្ទមក មានរយៈពេល ជាង២០សតវត្សរ៍មកហើយ។ គ្មាននរណាម្នាក់បានកត់ត្រាទុករឿងរ៉ាវដែលកើតឡើងចុងក្រោយរបស់លោកប៉ុលនេះ សម្រាប់មនុស្សជំនាន់ក្រោយ ឡើយ ប៉ុន្តែ ការបណ្តាលរបស់ព្រះបានធ្វើឱ្យយើងដឹងពីទីបន្ទាល់របស់គាត់។ សម្រែករបស់គាត់បានឮឡើងដូចជាសំឡេងត្រែដល់ត្រចៀកមនុស្សគ្រប់ជំនាន់ ហើយបានលើកទឹកចិត្តដល់មនុស្សរាប់ពាន់នាក់ឱ្យធ្វើទីបន្ទាល់ថ្វាយព្រះយេស៊ូវគ្រីស្ទ។ មិនតែប៉ុណ្ណោះ គាត់បានធ្វើឱ្យអ្នកដែលមានការឈឺចាប់រាប់ពាន់នាក់ភ្ញាក់ឡើង ហើយសរសើរដល់ព្រះដោយអំណរ «ដ្បិតខ្ញុំកំពុងតែត្រូវច្រូចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ។ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិតបំរុងទុកឱ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែន ដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ» ធីម៉ូថេទី២ ៤:៦-៨។
អំណានព្រះគម្ពីរពេលល្ងាច៖ អេភេសូរ ជំពូក ១:៣-១៤
ខចងចាំ៖ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨