ថ្ងៃអាទិត្យ​​ ទី​​២៤ ខែកក្កដា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៤៤)​

ការបោះបង់ជំនឿដ៏ធំ


អំណានព្រះគម្ពីរពេលព្រឹក៖ រួចដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្តី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ ។ ម៉ាថាយ ២៤:១២-១៣

អំណានប្រចាំថ្ងៃ

នៅពេលដែលព្រះយេស៊ូវបានបើកសំដែងឱ្យពួកសាវករបស់ទ្រង់បានឃើញនូវវាសនានៃទីក្រុងយេរូសាឡិម ហើយនិងទស្សនីយភាពនៃការយាងមកជាលើកទីពីរ ព្រះអង្គបានមានបន្ទូលប្រាប់គេជាមុនអំពីបទពិសោធន៍នៃរាស្ត្ររបស់ទ្រង់ដែលនឹងកើតឡើង ចាប់តាំងពីពេលដែល​ទ្រង់បាន​យាង​ចេញពីពួកគេរហូតដល់ការយាងត្រឡប់មកវិញដោយអំណាចនិងមានសិរីរុង​រឿងរបស់ទ្រង់ដើម្បីរំដោះពួកគេ។ ពីភ្នំដើមអូលីវ ព្រះអង្គសង្គ្រោះបានទតឃើញការបៀតបៀនដូចខ្យល់ព្យុះដែលរៀបនឹងបក់បោកមកលើពួកជំនុំដំបូង ហើយទ្រង់សម្លឹងយ៉ាងវែងឆ្ងាយ ទៅពេលអនាគតព្រះនេត្ររបស់ទ្រង់បានទតឃើញនូវភាពដ៏កាចសាហាវ ដែលនឹងបោកបក់មកលើពួកសិស្សរបស់ទ្រង់ នៅក្នុងយុគសម័យដ៏ខ្មៅងងឹត និងការបៀតបៀនដែលនឹងមកដល់នៅពេលខាងមុខ។ នៅក្នុងការមានបន្ទូលសង្ខេបពីសញ្ញាដ៏គួរឱ្យភ័យខ្លាច ទ្រង់បានប្រាប់គេឱ្យដឹងជាមុននូវដំណឹងពីអ្នកដឹកនាំនៃលោកិយនេះ នឹងធ្វើទុក្ខបៀតបៀនដល់ពួកជំនុំរបស់ព្រះ។ ពួកអ្នកដើរតាម​ព្រះគ្រីស្ទ​ត្រូវ​តែដើរតាមផ្លូវនៃការអាម៉ាស់ ការស្តីបន្ទោស ហើយនិងការឈឺចាប់ ដូចជាព្រះអម្ចាស់របស់ពួកគេបានរងទ្រាំដែរ។ សម្អប់ដែលបានផ្ទុះឡើងប្រឆាំងនឹងអ្នកប្រោសលោះនៃពិភពលោកនេះ នឹងត្រូវបានបញ្ចេញឱ្យឃើញយ៉ាងច្បាស់ ប្រឆាំងទាស់នឹងមនុស្សទាំងឡាយណាដែលជឿលើព្រះនាមរបស់ទ្រង់។

ប្រវត្តិនៃពួកជំនុំដំបូង បានធ្វើជាសាក្សីដល់ការសម្រេចតាមព្រះបន្ទូលនៃព្រះអង្គសង្គ្រោះ។ អំណាចនៃផែនដីនិងស្ថាននរកបានរៀបចំខ្លួនប្រឆាំងទាស់នឹងព្រះគ្រីស្ទ នៅក្នុងរូបរាងនៃអ្នកដើរតាមទ្រង់។ ពួកដែលមិនជឿគ្រីស្ទសាសនាបានមើលឃើញជាមុនថា ដំណឹងល្អនឹងមានជោគជ័យ ព្រះវិហារនិងសាសនារបស់គេនឹងត្រូវបំផ្លាញចោល ដូច្នោះហើយបានជាគេបានប្រមូលកម្លាំងរបស់គេ ដើម្បីបំផ្លាញគ្រីស្ទសាសនា។ គេបានបង្កាត់ភ្លើងនៃការបៀតបៀនឡើង។ គេបានដកពួកគ្រីស្ទាន ចេញពីមុខតំណែងនិងបណ្តេញចេញ​ពីផ្ទះ។ ពួកគេ «ខ្លះទៀតត្រូវសេចក្តីល្បួងដោយមានការចំអកឱ្យទាំងវាយ នឹងរំពាត់ក៏ទ្រាំទ្រទាំងជាប់ចំណង និងជាប់គុកផង» ហេព្រើរ ១១:៣៦)។ មានមនុស្សជាច្រើននាក់បានបោះត្រាទីបន្ទាល់របស់គេដោយឈាម។ ទាំង​អ្នកជា និងទាសករ ទាំងអ្នកមាន និងអ្នកក្រ ទាំងពួកអ្នកចេះដឹង និងអ្នក​ល្ងង់​ខ្លៅ ត្រូវបានគេសម្លាប់ដោយគ្មានមេត្តា។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ២៤:១-៤

ខចងចាំ៖​​ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។ ធីម៉ូថេទី២ ៤:៨

Powered by CAM