ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តើព្រះគ្រីស្ទ នឹងអារក្សបេលាលត្រូវអ្វីនឹងគ្នា ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានព្រះបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ» ។ កូរិនថូសទី២ ៦:១៥-១៦
អំណានប្រចាំថ្ងៃ ការសម្របសម្រួលជាមួយនឹងអ្នកមិនជឿព្រះ
ឥឡូវនេះ សត្រូវដ៏ធំបានខិតខំប្រឹងប្រែងយកឈ្នះដោយប្រើកលល្បិច ដោយការប្រើកម្លាំងរបស់វា ត្រូវបានបរាជ័យ។ ការបៀតបៀនបានបញ្ឈប់ហើយវាបានជំនួសដោយការទាក់ទាញយ៉ាងគ្រោះថ្នាក់ធ្វើឱ្យមនុស្សពេញចិត្តនឹងកិត្តិយសខាងលោកិយ។ គេបានដឹកនាំពួកអ្នកថ្វាយបង្គំរូបព្រះឱ្យទទួលសេចក្តីជំនឿរបស់គ្រីស្ទានមួយផ្នែកខណៈដែលពួកគេមិនបានទទួលនូវសេចក្តីពិតសំខាន់ចាំបាច់មួយចំនួនផ្សេងទៀត។ ពួកគេបានប្រកាសថា គេទទួលយកព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ និងជឿទៅលើការសុគតនិងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ប៉ុន្តែ ពួកគេមិនទទួលស្គាល់អំពើបាបរបស់ពួកគេ និងមិនបានកែប្រែចិត្ត ឬមួយផ្លាស់ប្តូរចិត្តរបស់គេឡើយ។ ដោយការលះបង់នៅត្រង់ផ្នែកខ្លះៗរបស់គេ ពួកគេបានស្នើសុំឱ្យពួកគ្រីស្ទានត្រូវតែធ្វើការលះបង់ចំណុចខ្លះរបស់ខ្លួនតបវិញ ដើម្បីឱ្យទាំងអស់គ្នាអាចនឹងរួបរួមគ្នានៅលើវេទិកានៃសេចក្តី ជំនឿនៅក្នុងព្រះគ្រីស្ទ។ឥឡូវនេះពួកជំនុំបានស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាច។ គុកច្រវាក់ ការដាក់ទណ្ឌកម្ម ភ្លើងហើយនិងដាវមិនអាចបំបាក់ជំនឿរបស់គ្រីស្ទានបានឡើយ។ គ្រីស្ទានខ្លះបានឈរយ៉ាងរឹងមាំ ដោយប្រកាសថា ពួកគេនឹងមិនធ្វើការសម្របសម្រួលណាមួយឡើយ។ ខ្លះទៀតបានពិចារណាថា ប្រសិនបើពួកគេអាចនឹងបានចុះចូលឬក៏អាចនឹងផ្លាស់ប្តូរនូវលក្ខណៈពិសេសខ្លះៗ នៃសេចក្តីជំនឿ របស់ពួកគេ ហើយចូលរួបរួមជាមួយនឹងអ្នកដែលបានទទួលជំនឿគ្រីស្ទសាសនាតែមួយផ្នែកនោះ វាអាចជាមធ្យោបាយមួយធ្វើឱ្យអ្នកជឿថ្មីនោះទទួលជំនឿរបស់គ្រីស្ទានទាំងស្រុងបាន។ នោះហើយ គឺជាពេលវេលាដ៏តានតឹងមួយសម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ដោយស្មោះត្រង់។ នៅក្រោមការបំបិទបំបាំងនៃគ្រីស្ទសាសនាក្លែងបន្លំ សាតាំងកំពុងស៊កសៀតបញ្ចូលខ្លួនវាទៅក្នុងពួកជំនុំ ដើម្បីបង្ខូចសេចក្តីជំនឿរបស់ពួកគេ ហើយបង្វែរគំនិតរបស់គេចេញពីព្រះបន្ទូលនៃសេចក្តីពិត។
ទីបំផុត ពួកគ្រីស្ទានមួយចំនួនធំ បានបន្ទាបខ្នាតនៃសេចក្តីជំនឿរបស់ពួកគេ ហើយគេបានបង្កើតការរួបរួមគ្នា មួយរវាងគ្រីស្ទសាសនានិងពួកមិនអ្នកជឿព្រះ។ ទោះបីជាពួកថ្វាយបង្គំរូបព្រះបានប្រកាសថាពួកគេបានផ្លាស់ប្តូរជំនឿ ហើយបានចុះចូលជាមួយពួកជំនុំយ៉ាងណាក៏ដោយក៏ ពួកគេនៅតែប្រកាន់ខ្ជាប់នូវការថ្វាយបង្គំរូបព្រះរបស់គេដដែល គ្រាន់តែផ្លាស់ប្តូរនូវគោលបំណងនៃការថ្វាយបង្គំរបស់ពួកគេ ទៅកាន់រូបសំណាករបស់ព្រះយេស៊ូ និងរូបនាងម៉ារា ហើយនិងពួកបរិសុទ្ធតែប៉ុណ្ណោះ។ ដូច្នេះ គេក៏បាននាំចូលទៅក្នុងព្រះវិហារនូវការថ្វាយបង្គំរូបសំណាក ហើយបានបន្តការងារដ៏អាក្រក់នេះតមក។ គោលលទ្ធិដែលខ្សោយ ជំនឿឆ្វេងនិយម ហើយនិងពិធីខាងសាសនាដែលថ្វាយបង្គំរូបសំណាកទាំងអស់នេះបានបញ្ចូលក្នុងសេចក្តីជំនឿនិងការថ្វាយបង្គំរបស់គេ។ នៅពេលដែលពួកអ្នកដើរតាមព្រះគ្រីស្ទបានរួបរួមជាមួយពួកអ្នកថ្វាយបង្គំរូបព្រះ សាសនាគ្រីស្ទបានក្លាយទៅជាមិនបរិសុទ្ធ (ពុករលួយ) ហើយពួកជំនុំក៏បានបាត់បង់ភាពបរិសុទ្ធ ហើយនិងអំណាចរបស់ខ្លួនដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានគ្រីស្ទានខ្លះមិនបានប្រឡូកប្រឡាក់ជាមួយនឹងជំនឿក្លែងក្លាយទាំងនោះដែរ។ ពួកគេនៅតែថែរក្សាសេចក្តីស្មោះត្រង់របស់គេ ជាមួយប្រភពនៃសេចក្តីពិតដដែល ហើយបានថ្វាយបង្គំព្រះតែមួយអង្គប៉ុណ្ណោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក ១១៩:១៧-៣២
ខចងចាំ៖ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ។ ធីម៉ូថេទី២ ៤:៨