ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែទ្រង់មានព្រះបន្ទូលតបថា ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយកាន់តាម។ លូកា ១១:២៨
អំណានប្រចាំថ្ងៃ គ្រីស្ទានពីរប្រភេទ
មានមនុស្សពីរក្រុមក្នុងចំណោមអ្នកដែលបានប្រកាសថាជាអ្នកដើរតាមព្រះគ្រីស្ទ។ នៅពេលដែលក្រុមមួយសិក្សាពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ហើយខំប្រឹងប្រែងកែតម្រង់នូវការខ្វះចន្លោះក្នុងសេចក្តីជំនឿ ដើម្បីប្រតិបត្តិទៅតាមខ្នាតគំរូរបស់គេ រីឯក្រុមមួយទៀតបានទាសចេញពីសេចក្តីពិត ហើយបើកបង្ហាញកំហុសរបស់គេនៅកណ្តាលវាល។ ទោះបីជាស្ថិតនៅក្នុងសភាវៈដ៏ល្អបំផុតយ៉ាងណាក៏ដោយ ក៏ពួកជំនុំមិនបានស្មោះត្រង់ បរិសុទ្ធ និងម៉ឺងម៉ាត់ ទាំងស្រុងនោះដែរ។ ព្រះអង្គសង្គ្រោះរបស់យើងបានបង្រៀនថា អស់អ្នកណាដែលនឹងបណ្តែតបណ្តោយខ្លួនឱ្យចូលទៅក្នុងអំពើបាប យ៉ាងពេញទំហឹង មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងពួកជំនុំឡើយ ដ្បិតទ្រង់បានផ្សាភ្ជាប់អង្គទ្រង់ ជាមួយនឹងមនុស្សលោក ដែលមានអត្តចរិតពោរពេញទៅដោយកំហុស ហើយបានប្រទានដល់ពួកគេនូវអត្ថប្រយោជន៍នៃការបង្រៀន និងគំរូរបស់ទ្រង់ដែលពួកគេអាចនឹងមានឱកាសពិនិត្យមើលនិងកែតម្រូវកំហុសរបស់ពួកគេ។
ប៉ុន្តែ ពុំមានការរួបរួមគ្នារវាងព្រះអម្ចាស់នៃពន្លឺហើយនិងព្រះអម្ចាស់នៃក្តីងងឹតឡើយ ហើយ ក៏ពុំអាចនឹងមានការរួបរួមគ្នារវាងអ្នកដើរតាមរបស់មេដឹកនាំទាំងពីរនេះផងដែរ។ នៅពេលដែលពួកគ្រីស្ទានបានយល់ព្រមរួបរួមគ្នា ជាមួយនឹងអស់អ្នកដែលផ្លាស់ប្តូរសេចក្តីជំនឿតែពាក់កណ្តាលពីមនុស្សដែលមិនជឿសាសនាមក ពួកគេបានចាប់ផ្តើមចូលទៅក្នុងផ្លូវដែលនាំគេឱ្យឃ្លាតពីសេចក្តីពិត កាន់តែឆ្ងាយទៅៗ។ សាតាំងរីករាយក្រៃលែងដែលវាបានទទួលជ័យជំនះ ក្នុងការបោកប្រាស់ពួកអ្នកដើរតាមព្រះគ្រីស្ទជាច្រើនឱ្យបែរទៅដើរតាមវា។ បន្ទាប់មក វាបាននាំយកអំណាចរបស់វា ដើម្បីធ្វើឱ្យកាន់តែប៉ះពាល់យ៉ាងខ្លាំងដល់ពួកគេ ហើយបានជម្រុញពួកគេឱ្យបៀតបៀនដល់អ្នកដែលនៅតែទុកចិត្តលើព្រះដ៏ពិត។ គ្មាននរណាអាចយល់ច្បាស់នូវការប្រឆាំងជំទាស់នឹងសេចក្តីជំនឿដ៏ពិតរបស់ពួកគ្រីស្ទាន ដូចជាអ្នកដែលធ្លាប់ជាអ្នកការពារសេចក្តីជំនឿនោះឡើយ ហើយពួកគ្រីស្ទានដែលបោះបង់ចោលសេចក្តីជំនឿពិតទាំងនេះ បានចូលរួមជាមួយនឹងពួកគូកនដែលជាអ្នកជឿព្រះតែពាក់កណ្តាល ហើយដឹកនាំការវាយប្រហាររបស់ពួកគេ ប្រឆាំងទៅនឹងគោលលទ្ធិដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទវិញ។
វាតម្រូវឱ្យមានការប្រទាញប្រទង់យ៉ាងតឹងតែង ចំពោះអ្នកដែលស្មោះត្រង់ទៅនឹងជំហរយ៉ាងរឹងមាំ ទាស់នឹងការបោកបញ្ឆោតនិងសម្អប់ ដែលបានក្លែងបន្លំចូលក្នុងសំលៀកបំពាក់នៃពួកសង្ឃ ព្រមទាំងបានដាក់បញ្ចូលការនោះ ចូលទៅក្នុងព្រះវិហារផង។ គេមិនបានទទួលយកព្រះគម្ពីរធ្វើជាខ្នាតគំរូនៃសេចក្តីជំនឿទេ។ គោលលទ្ធិនៃសេរីភាពខាងសាសនា ត្រូវបានផ្លាស់ប្រែជាការមិនជឿលើសាសនាទៅវិញ ហើយអ្នកដែលប្រព្រឹត្តតាមគោលលទ្ធិនោះ ត្រូវគេស្អប់ខ្ពើម ហើយ សម្លាប់ដោយមិនបាច់ជំនុំជម្រះ។
អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក ៨:៤-១៥
ខចងចាំ៖ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ។ ធីម៉ូថេទី២ ៤:៨