ថ្ងៃអាទិត្យ ទី០៣​ ខែកក្កដា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ពី​ដំណើរ​ឯងឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង។ ទំនុកតម្កើង ៩១:១១

អំណានប្រចាំថ្ងៃ បានដឹកនាំដោយទេវតាមួយអង្គ

ពេត្រុសនៅតែមិនបានដឹងខ្លួន រហូតទាល់តែទេវតាពាល់គាត់ ហើយ​បាន​ឮសំឡេងថា «ចូរក្រោកឡើងយ៉ាងឆាប់»។ នៅពេលនោះ គាត់ក៏បានឃើញពន្លឺនៅក្នុងបន្ទប់គុកងងឹងរបស់គាត់ ដែលសូម្បីតែពន្លឺព្រះអាទិត្យ ក៏មិនអាចចូលបានផង។ គាត់បានឃើញពន្លឺដែលជាពន្លឺនៃស្ថានសួគ៌ ហើយ​និងទេវតា ដែលកំពុងឈរនៅចំពោះមុខគាត់ នោះគាត់ក៏បានស្តាប់​តាម ហើយធ្វើនូវអ្វីដែលទេវតាបានប្រាប់ដល់គាត់។ គាត់បានក្រោកឡើង ហើយដឹងខ្លួនថាច្រវាក់ដែលគេដាក់ខ្នោះគាត់នោះ ត្រូវបានខ្ទេចហើយ គាត់ក៏មិនបានជាប់ច្រវាក់ទៀតឡើយ។ នោះទេវតាក៏បានប្រាប់គាត់ ទៀតថា ”ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅ»។

ពេត្រុសក៏បានធ្វើតាមនូវអ្វីដែលទេវតាបានប្រាប់ ដោយងឿងឆ្ងល់ ហើយគិតថា គាត់កំពុងនៅក្នុងសុបិន ឬក្តីស្រមៃតែប៉ុណ្ណោះ។ ពួកទាហានដែលឈរយាមគុកបានឈរហាក់ដូចជាថ្ម ហើយទេវតាក៏បានប្រាប់​ដល់​គាត់ទៀតថា «ចូរពាក់អាវ រួចមកតាមខ្ញុំចុះ»។ នៅពេលនេះ ទេវតាក៏បាន​ទៅឯទ្វារគុក ហើយពេត្រុសដែលធ្លាប់តែជាអ្នកមាត់ច្រើនក៏បានដើរតាមទេវតានោះដោយការអស្ចារ្យ។ ពួកគេបានដើររំលងទាហានដ៏ស្តូកស្តឹងទាំងពីរនាក់នោះមកឯទ្វារដែលមានរនុក ហើយនិងរនាំងយ៉ាងរឹងមាំ។ តែទ្វារ​នោះបានបើកឡើងដោយខ្លួនឯង ហើយក៏បានបិទវិញដោយខ្លួនឯងភ្លាមៗនោះដែរ ក្នុងខណៈដែលពួកទាហានយាមគុកទាំងក្នុង ទាំងក្រៅកំពុង​តែ​នៅស្ងៀមដោយមិនដឹងខ្លួន។ ពួកគេបានទៅដល់ទ្វារទីពីរ​ ដែលមានអ្នកយាមទាំងខាងក្នុងនិងខាងក្រៅ ហើយមានភាពរឹងមាំនិងមានការការពារតឹងរឹងទ្វារនោះក៏បានបើកឡើងដូចជាទ្វារមុនដែរ ដោយពុំមានស្នាមគាស់​ដែកឬរនាំងឡើយ។ ក្រោយពេលដែលពួកគេបានឆ្លងកាត់ហើយនោះ ទ្វារ​នោះក៏បានបិទវិញដូចមុនដែរ។ ពួកគេក៏បានឆ្លងកាត់ទ្វារទីបី ហើយ​មាន​រឿងដូចគ្នានេះកើតឡើង ទាំងបីដង រួចពួកគេក៏បានចេញមកដល់ផ្លូវខាងក្រៅគុក។ គ្មានឮសំឡេងអ្វីទាល់តែសោះហើយគាត់ក៏មិនបាននិយាយអ្វីដែរ តែពេត្រុសបានដើរតាមទេវតា ដែលបានយាងនៅមុខគាត់ ហើយដែលមានពេញទៅដោយពន្លឺពីស្ថានសួគ៌។ គាត់នៅតែគិត ហើយជឿថា គាត់កំពុង​ស្ថិត​​នៅក្នុងសុបិននៅឡើយទេ។

ក្រោយពេលដែលពេត្រុសបានរួចពីគុកមក នោះទេវតានៃព្រះជាម្ចាស់បានចាកចេញពីគាត់ទៅ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១២:៥-១០

ខចងចាំ៖​​ នោះ​ឯង​រាល់​គ្នា​នឹង​អំពាវនាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត។ យេរេមា ២៩:១២-១៣

Powered by CAM