ថ្ងៃសៅរ៍​​ ទី​​៣០ ខែកក្កដា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្តី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ ១២ ពី​ព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ។ ហេព្រើរ ៤:១១-១២

អំណានប្រចាំថ្ងៃ មនុស្សនៃអំពើបាប

ការសម្របសម្រួលរវាងអ្នកមិនជឿសាសនា និងគ្រីស្ទសាសនានេះ បានធ្វើឱ្យមនុស្សដែលមានបាប ដូចជាមានចែងទុកមកជាមុននៅក្នុងបទទំនាយថាជាអ្នកលើកតម្កើងខ្លូនឱ្យខ្ពស់ជាងព្រះកាន់តែរីកចម្រើនឡើង។ ប្រព័ន្ធ​សាសនាក្លែងក្លាយដ៏ធំសម្បើមនោះ គឺជាស្នាដៃ​ឯកនៃអំណាច​របស់​សាតាំង ជានិមិត្តរូបនៃការខំប្រឹងប្រែងរបស់វា ដើម្បីអង្គុយនៅលើបល្ល័ង្កគ្រប់គ្រងផែនដីតាមតែចិត្តរបស់វា។

ដើម្បីការពារជ័យជំនះនិងកិត្តិយសរបស់លោកិយ គេបានដឹកនាំពួកជំនុំឱ្យស្វែងរកការគាប់ចិត្តនិងការគាំទ្រពីសំណាក់ពួកអ្នកមានអំណាចលើផែនដី ហើយការប្រព្រឹត្តិដូច្នេះគឺជាការបដិសេធន៍ព្រះគ្រីស្ទ គេបានទាក់ទាញពួកជំនុំឱ្យស្មោះស្ម័គ្រចំពោះតំណាងរបស់សាតាំង ដែលជាមេដឹកនាំ (បូជាចារ្យ) របស់ពួកជំនុំរ៉ូម។

គោលលទ្ធិដ៏ធំមួយ​របស់សាសនារ៉ូម គឺថាសម្តេចប៉ាបជាមេដឹកនាំពួកជំនុំជាសាកលមួយរូបរបស់ព្រះគ្រីស្ទ ដែលគេអាចមើលឃើញ ហើយដែលមានអំណាចដ៏ខ្ពស់បំផុតលើបូជាចារ្យ និងគ្រូគង្វាលទាំងឡាយ នៅគ្រប់ផ្នែកនៃពិភពេលាក។ លើសពីនេះទៅទៀត សម្តេចប៉ាបត្រូវបានគេតែងតាំងឱ្យមានងារជាព្រះ។

សាតាំងបានដឹងយ៉ាងច្បាស់ថា ព្រះគម្ពីរដ៏បរិសុទ្ធអាចនឹងធ្វើឱ្យមនុស្សមើលឃើញនូវការបោកប្រាស់របស់វា ហើយអាចនឹងតយុទ្ធជាមួយនឹងអំណាចរបស់វាបាន។ គឺដោយសារព្រះបន្ទូលនោះហើយ ដែលសូម្បីតែព្រះអង្គសង្គ្រោះនៃពិភពលោកនេះក៏វាបានយកព្រះបន្ទូលមកប្រើដើម្បីតយុទ្ធ​ជាមួយនឹងទ្រង់ដែរ។ នៅគ្រប់ទាំងការល្បួងរបស់វាមកលើទ្រង់ ព្រះគ្រីស្ទបានប្រើខែលនៃសេចក្តីពិតដ៏អស់កល្ប ដោយមានបន្ទូលថា «ដ្បិតមាន​សេចក្តីចែងទុកមកថា»។ សត្រូវរបស់ទ្រង់បានជំទាស់ទៅនឹងអំណាចនៃព្រះបន្ទូលរបស់ព្រះ។ ដើម្បីឱ្យសាតាំងអាចរក្សាឥទ្ធិពលរបស់វាមកលើ មនុស្សលោក និងធ្វើឱ្យអំណាចរបស់សម្តេចប៉ាបកាន់តែខ្ពស់ វាត្រូវតែ​ធ្វើឱ្យមនុស្សមិនយល់ដឹងពីព្រះគម្ពីរ។ ព្រះគម្ពីរនឹងលើកតម្កើងព្រះ ហើយតាំងមនុស្សនៅក្នុងតំណែងពិតរបស់ពួកគេ ដូច្នេះហើយបានជាសាតាំងត្រូវតែលុបបំបាត់ចោល និងបិទបាំងនូវសេចក្តីពិតដ៏ពិសេសនេះ។ ពួកជំនុំរ៉ូមបានយកគំនិតប្រាកដនិយមនេះមកប្រើ។ គេបានហាមប្រាមការចែកចាយព្រះគម្ពីរអស់រយៈពេលរាប់រយឆ្នាំ។ គេបានរារាំងមនុស្សមិនឱ្យអានព្រះគម្ពីរឡើយ សូម្បីតែមានព្រះគម្ពីរនៅក្នុងផ្ទះក៏មិនបានដែរ ហើយពួកសម្តេចសង្ឃ និងពួកបូជាចារ្យដែលគ្មានសីលធម៌ជាអ្នកបកស្រាយព្រះគម្ពីរ នៅក្នុងការ​បង្រៀនរបស់ពួកគេ។ ដោយធ្វើដូច្នេះមនុស្សស្ទើរតែពាសពេញសាកលលោកទទួលស្គាល់សម្តេចប៉ាបជាព្រះ ដែលមានអំណាចកំពូល មកលើ​សាសនា ហើយនិងរដ្ឋ (នយោបាយ)។

អំណានព្រះគម្ពីរពេលល្ងាច៖ ថែស្សាឡូនីចទី១ ជំពូក​ ២:១-១២

ខចងចាំ៖​​ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។ ធីម៉ូថេទី២ ៤:៨

Powered by CAM