ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ផ្ទៃមេឃ និងផែនដីក៏បានរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង លុះដល់ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើ នោះបានហើយជាស្រេច ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សំរាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ។ លោកុប្បត្តិ ២:១-៣
អំណានប្រចាំថ្ងៃ ការផ្លាស់ប្តូរពេលកំណត់និងច្បាប់
អ្នកអង្កេតចាំចាប់កំហុសត្រូវបានគេដកចេញ ហើយសាតាំងបានធ្វើការតាមតែអំពើចិត្តរបស់វា។ បទទំនាយបានប្រកាសថាសម្តេចប៉ាប «គិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង” (ដានីយ៉ែល ៧:២៥) បានកើតឡើងយ៉ាងច្បាស់។ ដើម្បីប្រឹងប្រែងផ្លាស់ប្តូរសាសនា ចេញពីសេចក្តីជំនឿក្លែងក្លាយ របស់ពួកមិនជឿសាសនា ត្រូវមានការជំនួសដោយការថ្វាយបង្គំរូបសំណាក ដើម្បីលើកទឹកចិត្តពួកគេឱ្យទទួលយកគ្រីស្ទសាសនា ការពេញចិត្តទៅនឹងរូបព្រះ ហើយនិងបដិមាពីបុរាណ គេបានបញ្ចូលបន្តិចម្តងៗ ទៅក្នុងការថ្វាយបង្គំរបស់គ្រីស្ទាន។ ទីបំផុត ក្រុមប្រឹក្សាបានចេញច្បាប់ពីប្រព័ន្ធនៃការថ្វាយបង្គំរូបសំណាកនៃពួកជំនុំរ៉ូមុំាងកាតូលិក។ ដើម្បីបំពេញនូវការងារសាសនាដ៏ពិសិដ្ឋ ពួកជំនុំរ៉ូមបានដកយកដោយឥតកោតក្រែងនូវច្បាប់របស់ព្រះនៅក្នុងក្រឹត្យវិន័យទីពីរ ដែលហាមឃាត់ ការថ្វាយបង្គំរូបចម្លាក់ ហើយបំបែកក្រឹត្យវិន័យទី ១០ជាពីរ ដើម្បីរក្សាឱ្យនៅជា១០ប្រការដដែល។
ការបន្ទន់ទៅតាមសេចក្តីជំនឿរបស់ពួកអ្នកដែលមិនជឿព្រះដ៏ពិត បានបើកផ្លូវសម្រាប់ឱ្យគេនៅតែបន្តប្រឆាំងជំទាស់ទៅនឹងអំណាចនៃស្ថានសួគ៌។ សាតាំងក៏បានកែប្រែក្រឹត្យវិន័យទី ៤ ហើយបានសាកល្បងដកយកថ្ងៃសប្បាតហ៍ពីបុរាណ ជាថ្ងៃដែលព្រះទ្រង់បានប្រទានពរចេញ ហើយ លើកតម្កើងថ្ងៃបុណ្យដែលពួកអ្នកមិនជឿព្រះគោរព មកដាក់ជំនួសវិញ ជា «ថ្ងៃដ៏គួរឱ្យគោរពនៃព្រះអាទិត្យ»។ ការផ្លាស់ប្តូរនេះបានធ្វើឡើងដោយបើកចំហបន្តិចម្តងៗ។ នៅដើមសតវត្សរ៍ទីមួយ ថ្ងៃសប្បាតហ៍ត្រូវបានគោរពដោយគ្រីស្ទានទាំងអស់។ ពួកគេបានគោរពនិងលើកតម្កើងព្រះ ហើយគេជឿថាច្បាប់របស់ទ្រង់មិនប្រែប្រួលឡើយ ពួកគេបានរក្សាច្បាប់ដ៏ពិសិដ្ឋនេះយ៉ាងរឹងមាំ។ ប៉ុន្តែសាតាំងបានធ្វើការយ៉ាងប៉ិនប្រសប់ តាមរយៈភ្នាក់ងាររបស់វា ដើម្បីធ្វើឱ្យផែនការរបស់វាមានជោគជ័យ។ នោះហើយដែលទាក់ទាញមនុស្សឱ្យចាប់អារម្មណ៍ទៅលើថ្ងៃអាទិត្យ ដែលគេបានបង្កើតជាថ្ងៃបុណ្យដ៏ពិសេសក្នុងការលើកតម្កើង និងផ្តល់កិត្តិយសដល់ការមានព្រះជន្មរស់ឡើងវិញ របស់ព្រះគ្រីស្ទ។ ពិធីខាងសាសនាផ្សេងៗ ត្រូវបានគេប្រារឰធ្វើនៅថ្ងៃនោះ ហើយគេបានគោរពថ្ងៃនោះថាជាថ្ងៃនៃការបង្កបង្កើតឡើងសាជាថ្មី ហើយថ្ងៃបរិសុទ្ធក៏នៅតែត្រូវបានគេរក្សាជាពិសិដ្ឋដដែល។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក ១១៩:៤៩-៦៤
ខចងចាំ៖ គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត។ ធីម៉ូថេទី២ ៣:១៦