ថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ានឹងរក្សាអ្នកឲ្យរួចពីគ្រប់ទាំងសេចក្តីអាក្រក់ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក ឯដំណើរដែលអ្នកចេញចូលទៅមកនោះព្រះយេហូវ៉ាទ្រង់នឹងរក្សាចាប់តាំងពីឥឡូវនេះរៀងតទៅ។ ទំនុកតម្កើង ១២១:៧-៨
អំណានប្រចាំថ្ងៃ មិនមែនជាការយល់សប្តិទេ
ក្រោយពេលដែលពន្លឺនៃស្ថានសួគ៌បានចាកចេញទៅ នោះពេត្រុសបានដឹងខ្លួនថា គាត់កំពុងតែស្ថិតនៅក្នុងភាពងងឹត ដែលកំពុងតែបានភ្លឺឡើងបន្តិចម្តងៗ រួចគាត់ក៏បានដឹងថាគាត់កំពុងតែនៅតែឯង លើផ្លូវដ៏ស្ងាត់ជ្រងំ នាពេលយប់ដ៏ត្រជាក់មួយ។ នៅពេលនេះ គាត់បានដឹងយ៉ាងច្បាស់ថា នេះមិនមែនជាសុបិន ឬជាការជាក់ស្តែងណាមួយដែលកើតឡើងដល់គាត់នោះឡើយ។ តែគាត់បានរួចពីគុក ហើយកំពុងតែឈរនៅកន្លែងមួយដែលគាត់ស្គាល់ច្បាស់នៅក្នុងទីក្រុង វាជាផ្លូវដែលគាត់ធ្លាប់បានឆ្លងកាត់ជាញឹកញាប់ ហើយក៏ជាផ្លូវដែលគាត់សង្ឃឹមថានឹងបានឆ្លងកាត់ម្តងទៀតជាលើកចុងក្រោយ នៅពេលដែលគេយកគាត់ទៅសម្លាប់ នៅថ្ងៃស្អែកនោះ។ គាត់បានព្យាយាមរកនឹកពីអ្វីដែលទើបតែកើតមានឡើងនោះ ហើយគាត់បានចាំថា គាត់កំពុងតែលង់លក់ នៅកណ្តាលទាហានពីរនាក់ ដោយពុំបានពាក់អាវ និងស្បែកជើងទេ។ តែពេលនេះ គាត់បានពិនិត្យ មើលខ្លួនគាត់ ហើយឃើញថា គាត់បានស្លៀកពាក់វិញ ព្រមទាំងក្រវាត់ផង។ កដៃទាំងគូរបស់គាត់ដែលបានហើមដោយសារតែការពាក់ខ្នោះដែកនោះ ឥឡូវនេះបានរួចពីច្រវាក់ ហើយ ហើយគាត់ក៏បានដឹងខ្លួនថា សេរីភាពរបស់គាត់នៅពេលនេះ គឺជាសេរីភាពយ៉ាងពិតប្រាកដ មិនមែនគ្រាន់តែជាការស្រមៃទេ តែជាការពិតដែលពេញដោយព្រះពរវិញ។ ថ្ងៃស្អែកគឺជាថ្ងៃដែលគេកំណត់កាត់ទោសប្រហារជីវិតគាត់ តែមើលចុះ! ទេវតានៃព្រះបានរំដោះគាត់ឱ្យរួចពីគុក និងពីសេចក្តីស្លាប់ដែរ។ «លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះអញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ឱ្យមកដោះអញ ឱ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណងដែលសាសន៍យូដាបានរង់ចាំដែរ»។
ភាពជាឈ្លើយសឹករបស់រាស្ត្រអ៊ីស្រាអែលដោយសារតែការបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះ និងការប្រព្រឹត្តិអាក្រក់របស់ពួកអ៊ីស្រាអែល ព្រះយេហូវ៉ាទ្រង់បានធ្វើឱ្យពួកគេទទួលការឈឺចាប់ ដោយត្រូវធ្លាក់ខ្លួនទៅជាឈ្លើយសឹក ដើម្បីបន្ទាបខ្លួន និងដាក់ទណ្ឌកម្មដល់ពួកគេ។ មុនពេលដែលព្រះវិហារត្រូវបានបំផ្លាញ ព្រះបានប្រាប់ឱ្យអ្នកដែលមានសេចក្តីជំនឿស្មោះត្រង់ជាមួយនឹងទ្រង់ពីរបីនាក់បានដឹងពីវាសនាអនាគតរបស់ព្រះវិហារដែលជាអំនួតរបស់សាសន៍អ៊ីស្រាអែលនេះ ហើយដែលពួកគេបានថ្វាយបង្គំរូបសំណាក ខណៈពេលដែលពួកគេកំពុងតែធ្វើបាប ទាស់នឹងព្រះជាម្ចាស់។ ទ្រង់ក៏បានបើកសម្តែងឱ្យពួកគេឃើញនូវភាពជាឈ្លើយសឹករបស់សាសន៍អ៊ីស្រាអែលផងដែរ។ ពេលព្រះវិហារត្រូវបំផ្លាញ ពួកមនុស្សបរិសុទ្ធបានយកហឹបដ៏បរិសុទ្ធរបស់ព្រះ ដែលផ្ទុកដោយផ្ទាំងថ្ម ដោយកាន់ទុក្ខ និងក្រៀមក្រំ យកទៅលាក់ទុកយ៉ាងសម្ងាត់ នៅក្នុងរូងភ្នំ ជាកន្លែងដែលរាស្ត្រអ៊ីស្រាអែលមិនអាចរកឃើញ ដោយសារតែអំពើបាបរបស់ពួកគេ ហើយពួកគេមិនអាចស្តារឡើងវិញបានឡើយ។ ហឹបដ៏ពិសិដ្ឋនោះនៅតែបានលាក់កំបាំង រហូតមកដល់សព្វថ្ងៃនេះ។ តាំងពីត្រូវបានគេលាក់ទុកដោយសម្ងាត់មក គេមិនដែលបានឃើញហឹបនោះទៀតឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ពង្សាវតាក្សត្រទី១ ជំពូក ១៩:១-៨
ខចងចាំ៖ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត។ យេរេមា ២៩:១២-១៣