ថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម។ យ៉ូហានទី១ ៥:១៤
អំណានប្រចាំថ្ងៃ ការឆ្លើយតបទៅនឹងសេចក្តីអធិស្ឋាន
លោកពេត្រុសក៏បានធ្វើដំណើរឆ្ពោះទៅកាន់ផ្ទះមួយ ដែលពួកជំនុំបានប្រជុំគ្នាអធិស្ឋាន ហើយគាត់បានដឹងថា ពួកគេកំពុងតែអធិស្ឋានឱ្យគាត់ដោយអស់ពីចិត្តរបស់គេគ្រប់គ្នា។ គាត់ក៏គោះទ្វារមុខ នោះមានស្រីបំរើម្នាក់ឈ្មោះ រ៉ូដា មកផ្ទៀងស្តាប់។ លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្តីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសឈរនៅមាត់ទ្វារ។ តែគេស្តីថា ឯងវង្វេងហើយ តែនាងនៅតែថា ប្រាកដមែនៗ រួចគេថា ជាទេវតារបស់គាត់ទេ។ ឯពេត្រុស គាត់ចេះតែគោះទ្វារថែម កាលគេបានបើកទ្វារ ឃើញនោះ គេមានសេចក្តីស្រឡាំងកាំង តែគាត់ធ្វើគ្រឿងសំគាល់នឹងដៃ ឱ្យគេស្ងៀមទៅ រួចក៏រ៉ាយរឿងប្រាប់គេពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណា ហើយគាត់ផ្តាំគេថា សូមប្រាប់រឿងនេះដល់យ៉ាកុប និងពួកបងប្អូនឱ្យដឹងផង នោះគាត់ចេញទៅឯកន្លែង១ទៀតទៅ»។ ពួកបងប្អូនដែលកំពុងតែអធិស្ឋាន ដោយតមអត់ បានពេញដោយសេចក្តីអំណរ ហើយនិងការសរសើរតម្កើងដល់ព្រះ ដែលទ្រង់បានឮការអធិស្ឋានរបស់គេ ព្រមទាំងឆ្លើយតបដោយជួយរំដោះពេត្រុសឱ្យរួចពីកណ្តាប់ដៃរបស់ស្តេចហេរ៉ូឌ។ នៅព្រឹកនោះ មានហ្វូងមនុស្សជាច្រើនបានមកជុំគ្នាដើម្បីធ្វើបន្ទាល់ពីការស្លាប់របស់ពេត្រុស។ ពេលនោះ ស្តេចហេរ៉ូឌបានចាត់ក្បួនទាហានឱ្យទៅយកពេត្រុសមក ដើម្បីកុំឱ្យគាត់រត់គេចខ្លួនបាន និងដើម្បីគំរាមដល់បក្សពួករបស់គាត់ ព្រមទាំងជាការបង្ហាញនូវអំណាចរបស់ទ្រង់ដល់ហ្វូងមនុស្សផង។ មានទាហាននៅយាមទ្វារគុក ដូចដែលបានកំណត់ឱ្យ ហើយទ្វារទាំងប៉ុន្មានក៏នៅរឹងមាំដូចដើមដដែល។ ទាហានពីរនាក់ ដែលគេដាក់ច្រវាក់ជាប់ជាមួយនឹងពេត្រុសនៅក្នុងគុកក៏នៅតែជាប់ច្រវាក់ដដែល តែអ្នកទោសបានបាត់ទៅហើយ។
នៅពេលដែលគេទូលរឿងទាំងនេះដល់ទ្រង់ នោះស្តេចហេរូឌ៉មានសេចក្តីក្រោធជាខ្លាំង ហើយបានដាក់ទោសដល់អ្នកយាមគុកដោយគ្មានត្រាប្រណី។ ទ្រង់បានប្រហារជីវិតពួកគេ ដោយសារតែទោសឧក្រិដ្ឋដែលគេបានដេកលក់ ក្នុងការបំពេញតួនាទីរបស់ខ្លួន។ នៅពេលជាមួយគ្នានោះដែរ ស្តេចហេរ៉ូឌជ្រាបថា គ្មានអំណាចរបស់មនុស្សណាម្នាក់ បានចូលទៅរំដោះពេត្រុសពីគុក ក្រៅពីព្រះនោះទេ ប៉ុន្តែទ្រង់បានប្តេជ្ញាមិនព្រមទទួលជឿថា ព្រះកំពុងតែធ្វើឱ្យការរបស់ទ្រង់ត្រូវទទួលបរាជ័យនោះឡើយ។ ទ្រង់មិនចង់ឱ្យទ្រង់ត្រូវអាម៉ាស់ឡើយ ដូច្នេះហើយទ្រង់ក៏បានលើកខ្លួនឯងឡើង ប្រឆាំងនឹងព្រះវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១២:១១-១៧
ខចងចាំ៖ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត។ យេរេមា ២៩:១២-១៣