ថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សេចក្តីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ សាស្តា ១២:១៣-១៤
អំណានប្រចាំថ្ងៃ លទ្ធផលរបស់ស្តេចហេរ៉ូឌ
មិនយូរប៉ុន្មាន ក្រោយពីការនោះមក ស្តេចហេរ៉ូឌក៏បានយាងចេញពីស្រុកយូដា ទៅឯសេសារា ហើយក៏គង់នៅទីនោះ។ ទ្រង់បានរៀបចំពិធីជប់លៀងមួយយ៉ាងធំ ដើម្បីឱ្យមនុស្សនៅទីនោះកោតសរសើរដល់ទ្រង់។ មានមនុស្សជាច្រើនពីគ្រប់ទិសទីដែលចូលចិត្តការសប្បាយបានមកចូលរួមក្នុងពិធីជប់លៀងនោះ ហើយក៏មានការស៊ីផឹកស្រវឹងយ៉ាងសម្បើម។ នៅក្នុងឱកាសនោះស្តេចហេរ៉ូឌបានតែងអង្គទ្រង់ដោយព្រះពស្រ្ត (សំលៀកបំពាក់) យ៉ាងរុងរឿង គឺទ្រង់បានប្រដាប់អង្គដោយសំលៀកបំពាក់ដែលរំលេចដោយប្រាក់និងមាស ដែលទទួលកាំរស្មីព្រះអាទិត្យ ហើយជះពន្លឺជាទីគាប់ភ្នែកដល់មនុស្សទាំងឡាយដែរ។ នៅក្នុងពិធីដ៏ឱឡារិកនេះ ទ្រង់បានយាងនៅមុខហ្វូងមនុស្ស ហើយបានមានបន្ទូលទៅកាន់គេយ៉ាងគួរឱ្យស្ងើចសរសើរ។
សំលៀកបំពាក់ដ៏ឆ្នើមរបស់ទ្រង់ ព្រមទាំងវោហាស័ព្ទដែលទ្រង់បានមានបន្ទូលទៅកាន់ហ្វូងមនុស្សនៅពេលនោះ បានធ្វើឱ្យពួកមនុស្សមានការជក់ចិត្តជាខ្លាំង។ ពួកគេគ្រប់គ្នាត្រូវបានបំពុលដោយការជប់លៀង ហើយនិងគ្រឿងស្រវឹងដែលពួកគេបានផឹក។ គេបានឈ្លក់វង្វេងដោយសារតែគ្រឿងលំអនៅទីនោះ ហើយក៏ត្រូវបានប្រលោមលួងលោមដោយវោហារបស់ស្តេច។ ពួកគេបានអបអរសាទរដល់ទ្រង់ ទាំងបញ្ជោរដល់ទ្រង់ ព្រមទាំងលើកទ្រង់ជាព្រះ ដោយនិយាយថា គ្មានមនុស្សណាម្នាក់ ដែលអាចរៀបចំពិធីដ៏ឱឡារិកនេះ ឬវាចាពាក្យពេចន៍ទាំងនេះដូចទ្រង់ទេ។ ពួកគេថែមទាំងបាននិយាយថា ពួកគេធ្លាប់បានគោរពកោតខ្លាចដល់ទ្រង់ក្នុងនាមជាអ្នកដឹកនាំ ប៉ុន្តែ ចាប់ពីពេលនេះតទៅគេនឹងថ្វាយបង្គំទ្រង់ដូចជាព្រះវិញ។ ស្តេចហេរ៉ូឌផ្ទាល់ ទ្រង់ជ្រាបថា ទ្រង់មិនគួរនឹងទទួលការសរសើរទាំងនេះទេ ប៉ុន្តែទ្រង់មិនបានហាមឃាត់ដល់ហ្វូងមនុស្ស មិនឱ្យថ្វាយបង្គំទ្រង់ទេ ផ្ទុយទៅវិញ ទ្រង់បែរជាព្រមទទួលការថ្វាយបង្គំរបស់ពួកគេ ហើយសព្វព្រះទ័យជាខ្លាំង នៅពេលដែលទ្រង់ឮការសរសើរតម្កើងរបស់ហ្វូងមនុស្ស។ «វាគឺជាសំឡេងរបស់ព្រះ មិនមែនជារបស់មនុស្សទេ»។ សំឡេងដដែល ដែលកំពុងសរសើរតម្កើងដល់អ្នកមានបាបដ៏ឃោរឃៅនៅពេលនេះ ជាសម្រែកដែលបានបន្លឺឡើងថា ឱ្យគេឆ្កាងព្រះយេស៊ូវគ្រីស្ទទៅ កាលពីពីរបីឆ្នាំមុននោះ។ ស្តេចហេរ៉ូឌបានទទួលការបញ្ជោរ ហើយនិងការសរសើរតម្កេងីនេះ ដោយរីករាយ។ ព្រះទ័យរបស់ទ្រង់ពោរពេញទៅដោយភាពជោគជ័យ ប៉ុន្តែ រំពេចនោះ ព្រះភក្ត្ររបស់ទ្រង់បានផ្លាស់ប្រែយ៉ាងគួរឱ្យកត់សំគាល់។ ព្រះភក្ត្ររបស់ទ្រង់បានត្រឡប់ជាស្លេកស្លាំង ជាខ្លាំង ប្រៀបបាននឹងមនុស្សស្លាប់ ឬព្រះភ្រក្តដែលមានការឈឺចាប់ ហើយតំណក់ញើសធំៗបានចេញពីរន្ធញើសរបស់ទ្រង់ដែរ។ ទ្រង់បានឈរនៅស្ងៀមហាក់ដូចជាមានការឈឺចាប់ហើយក៏បែរព្រះភក្ត្រដ៏ស្លេកស្លាំងរបស់ទ្រង់ ទៅរកក្រុមប្រឹក្សាដែលកំពុងស្រឡាំងកាំង រួចមានបន្ទូលថា «អ្នកដែលអ្នករាល់គ្នាតម្កើងឡើងថាជាព្រះនោះ ត្រូវបានវាយឱ្យស្លាប់ហើយ»។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១២:១៨-២៤
ខចងចាំ៖ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត។ យេរេមា ២៩:១២-១៣