ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតជាដរាបអើ សូមឲ្យគេត្រូវស្រឡាំងកាំង ហើយវិនាសទៅដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គព្រះនាមជាយេហូវ៉ាដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។ ទំនុកតម្កើង ៨៣:១៧-១៨
អំណានប្រចាំថ្ងៃ ការសុគតរបស់ស្តេចហេរ៉ូឌ
មុននេះបន្តិច ទ្រង់បានទទួលការសរសើរតម្កើង ហើយនិងការថ្វាយបង្គំពីសំណាក់ហ្វូងមនុស្សទាំងនោះ ប៉ុន្តែ នៅពេលនេះទ្រង់បានដឹងខ្លួនថា ទ្រង់កំពុងតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះដែលមានអំណាចជាងទ្រង់។ នៅពេលនេះ ទ្រង់កំពុងតែមានវិប្បដិសារីជាខ្លាំង ទ្រង់បាននឹកឃើញពីបញ្ជាដ៏ឃោរឃៅរបស់ទ្រង់ឱ្យគេប្រហារជីវិតលោកយ៉ាកុប។ ទ្រង់បាននឹកឃើញការដែល ទ្រង់បៀតបៀនដល់ពួកជំនុំរបស់ព្រះ ព្រមទាំងការដែលទ្រង់ប៉ងនឹងប្រហារជីវិតសាវកពេត្រុស តែត្រូវបានព្រះជួយរំដោះឱ្យលោករួចពីកណ្តាប់ដៃរបស់ទ្រង់ផងដែរ។ ទ្រង់ក៏បាននឹកឃើញពីការដែលទ្រង់ប្រហារជីវិតទាហានយាមគុកដោយគ្មានមេត្តា ដោយព្រោះតែសេចក្តីក្រោធ ហើយនិងការមិនពេញព្រះទ័យដែលគ្មានហេតុផលរបស់ទ្រង់ ក្នុងកាលដែលពេត្រុសរួចពីគុក។ ទ្រង់បានជ្រាបយ៉ាងច្បាស់ថា ព្រះដែលបានជួយរំដោះសាវកពេត្រុសឱ្យរួចពីស្លាប់នោះ កំពុងតែដាក់ទោសទ្រង់ ដែលជាអ្នកបៀតបៀនដល់ព្រះអង្គហើយ។ ទ្រង់បានជ្រាបពីការនេះ ហើយវាបានធ្វើឱ្យទ្រង់មានការឈឺចាប់ជាខ្លាំង។ ទ្រង់បានជ្រាបពីក្រឹត្យវិន័យរបស់ព្រះ ដែលបានចែងថា «កុំឱ្យមានព្រះឯណានៅចំពោះទ្រង់ឱ្យសោះ» តែទ្រង់បែរជាទទួលការថ្វាយបង្គំពីហ្វូងមនុស្ស ដូច្នេះហើយទ្រង់បានធ្វើឱ្យពែងនៃអំពើបាបរបស់ទ្រង់ពេញទៅដោយសេចក្តីក្រោធរបស់ព្រះ។
ទេវតាដែលបានយាងចុះពីស្ថានសួគ៌ ដើម្បីមករំដោះពេត្រុសឱ្យរួចពីអំណាចនៃការបៀតបៀន នោះ គឺជាអ្នកនាំសារពីសេចក្តីក្រោធរបស់ព្រះ ហើយនិងការជំនុំជម្រះដល់ស្តេចហេរ៉ូឌ។ ទេវតាបានពាល់ពេត្រុសឱ្យបានភ្ញាក់ពីដំណេកដ៏លង់លក់របស់គាត់ តែទេវតាអង្គនេះ បានពាល់ដល់ស្តេចដែលពេញទៅដោយអំពើបាបយ៉ាងឃោរឃៅនេះទៅវិញ។ ព្រះទ្រង់បានចាក់ក្តីអាម៉ាស់ទៅលើអំនួតរបស់ស្តេចហេរ៉ូឌ ដោយសារតែទ្រង់បានតម្កើងខ្លួនចំពោះហ្វូងមនុស្ស ដើម្បីឱ្យគេសរសើរទ្រង់។ ស្តេចហេរ៉ូឌបានសុគត ក្រោមការជំនុំជម្រះរបស់ព្រះយ៉ាងវេទនានិងឈឺចាប់ជាទីបំផុតទាំងខាងរាងកាយនិងទាំងខាងផ្លូវចិត្ត។
សេចក្តីជំនុំជម្រះនេះ គឺជាឧទាហរណ៍មួយដែលបានសម្តែងដល់ហ្វូងមនុស្សអំពីឫទ្ធានុភាពរបស់ព្រះ ហើយឱ្យពួកគេបានឃើញថាសាវករបស់ទ្រង់ត្រូវបានរំដោះឱ្យរួចពីការបៀតបៀនហើយនិងសេចក្តីស្លាប់ តែអ្នកដែលបៀតបៀនដល់រាស្ត្ររបស់ទ្រង់នឹងត្រូវព្រះជំនំជម្រះវិញ។ ដំណឹងនេះត្រូវបានឮដល់គ្រប់ទីកន្លែង ហើយក៏បានធ្វើឱ្យមនុស្សជាច្រើនជឿដល់ទ្រង់ដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ កូរិនថូសទី២ ជំពូក ៣២:៩-២៣
ខចងចាំ៖ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត។ យេរេមា ២៩:១២-១៣