ថ្ងៃសុក្រ ទី០៨​ ខែកក្កដា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៤១)​

នៅភូមិភាគឯនាយ

​(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៣:១-៤, ១៥:១-៣១)

អំណានព្រះគម្ពីរពេលព្រឹក៖ នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង។ យ៉ូហាន ១៧:៣

អំណានប្រចាំថ្ងៃ

ពួកសាវកហើយនិងពួកសិស្សឯទៀត ដែលបានចាកចេញពីក្រុងយេរូសាឡិមក្នុងគ្រាដែលមានការកៀបសង្កត់ រហូតដល់ធ្វើឱ្យស្ទេផានបាត់បង់ជីវិតនោះ បានបង្រៀនពីព្រះយេស៊ូគ្រីស្ទ ដល់ពួកយូដា​ហើយនិង​ពួក​យូដា​សញ្ជាតិក្រិក នៅទីក្រុងទាំងឡាយដែលនៅជុំវិញនោះ។ «ព្រះហស្ត​ព្រះអម្ចាស់ ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្តីជំនឿ»។ កិច្ចការ ១១:២១។

ពេលដែលពួកអ្នកជឿនៅទីក្រុងយេរូសាឡិមបានឮពីការរីកចម្រើន នោះពួកគេមានសេចក្តី ត្រេកអរជាខ្លាំង ហើយក៏បានបញ្ជូនបាណាបាស ដែលជាអ្នកសុចរិត ហើយពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ និង​សេចក្តី​ជំនឿឱ្យទៅឯក្រុងអាន់ទីយ៉ូក ហើយនិងក្រុងស៊ីរៀ ដើម្បីជួយដល់ក្រុមជំនុំ​នៅទីនោះ។ នៅពេលដែលកិច្ចការនៅទីនោះកាន់តែចម្រើនឡើង នោះគាត់​ក៏បានទទួលជំនួយពីសាវកប៉ុល ហើយសាវកទាំងពីរក៏បានធ្វើការបំរើព្រះជាមួយគ្នា នៅទីនោះ អស់រយៈពេលមួយឆ្នាំ ព្រមទាំងបានបង្រៀនដល់មនុស្សជាច្រើនអំពីព្រះ ហើយធ្វើឱ្យក្រុមជំនុំកើនឡើងជាច្រើន។ នៅក្រុង​​​​​អាន់ទីយ៉ូក មានចំនួនសាសន៍យូដាជាច្រើន ហើយក៏មានសាសន៍ដទៃ​ជា​ច្រើនទៀតដែរ។ ទីនោះគឺជាកន្លែងកម្សាន្តដល់អស់អ្នកណាដែលស្វែងរកការសប្បាយ ហើយនិងការលំហែ ដ្បិតទីក្រុងនោះជាទីក្រុងដ៏សម្បូរសប្បាយ មានទេសភាពស្រស់បំព្រង ព្រមទាំងមានទំនៀមទម្លាប់ដែលគួរឱ្យចាប់អារម្មណ៍ទៀតផង។ ទីជំនួញដ៏ធំទួលាយ បានធ្វើឱ្យទីក្រុង​នោះក្លាយជាកន្លែងមួយដ៏មានសារៈសំខាន់ ដែលមនុស្សគ្រប់ជាតិសាសន៍និយមមក ហើយវាក៏បានធ្វើឱ្យទីក្រុងនោះក្លាយជាទីដ៏ប្រណីតនិងពោរពេញដោយការសប្បាយ។ ព្រះហស្តរបស់ព្រះបានធ្លាក់មកលើក្រុងអាន់ទីយ៉ូក ដោយសារតែអំពើបាបរបស់មនុស្សនៅទីនោះ។

​នៅទីនោះហើយដែលពួកសាវករបស់ព្រះត្រូវបានគេ​ហៅថាពួក​គ្រីស្ទាន។ ឈ្មោះនេះត្រូវបានគេដាក់ឱ្យដោយសារ​​​តែ​ពួកគេបានបង្រៀនពីព្រះគ្រីស្ទនូវរាល់ការបង្រៀន ការអធិប្បាយ និងការនិយាយរបស់ពួកគេ។ ពួកគេនៅតែរៀបរាប់ពីរឿងរ៉ាវដែលកើតមានឡើង កាលដែលព្រះគ្រីស្ទ​នៅ​មានព្រះជន្មរស់ ហើយដែលសាវករបស់ទ្រង់បានទទួលព្រះពរកាលដែល​នៅជាមួយនឹងទ្រង់។ ពួកគេគ្រប់គ្នាបានធ្វើបន្ទាល់ពីរាល់ការបង្រៀនរបស់ទ្រង់ ពីការដែលទ្រង់ព្យាបាល​ អ្នកឈឺ បណ្តេញវិញ្ញាណអារក្ស ព្រមទាំងប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញផង។ មិនតែប៉ុណ្ណោះ ពួកគេបាននិយាយអំពីការរងទុក្ខរបស់ទ្រង់ដោយទឹកភ្នែកថែមទៀតផង។ ពួកគេបានរៀបរាប់ពី​ទុក្ខសោករបស់ទ្រង់ នៅឯសួនច្បារ ពីការដែលគេក្បត់ទ្រង់ គេបៀតបៀន​ដល់ទ្រង់ ហើយនិងការដែលទ្រង់ត្រូវគេធ្វើគុត។ ទ្រង់ត្រូវគេមាក់ងាយ ហើយធ្វើទារុណ ដោយសារតែមនុស្សលោកទាំងឡាយ ប៉ុន្តែទ្រង់ដែលពោរពេញដោយសេចក្តីមេត្តាករុណា មិនត្រឹមតែមិនក្រោធ (ខឹង) នឹងពួកគេ​ប៉ុណ្ណោះទេ ទ្រង់ថែមទាំងអធិស្ឋានលើកលែងទោសឱ្យពួកគេទៀតផង។ ពួកគេក៏បាននិយាយពីការដែលទ្រង់មានព្រះជន្មរស់ឡើងវិញ និងពីការ​យាងត្រឡប់ទៅវិញ ដើម្បីធ្វើជាអ្នកអង្វរករជំនួសគេ នៅឯនគរស្ថានសួគ៌ ដោយអំណរផង។ ការទាំងនេះហើយដែលធ្វើឱ្យពួកអ្នកជឿសាសនាដទៃហៅគេថាអ្នកគ្រីស្ទានគឺដោយសារពួកគេនិយាយហើយនិងអធិស្ឋានដោយនៅព្រះនាមទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១២:២៥; ១៣:១២

ខចងចាំ៖​​ នោះ​ឯង​រាល់​គ្នា​នឹង​អំពាវនាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត។ យេរេមា ២៩:១២-១៣

Powered by CAM