ថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ។ អេសាយ ៤៨:១៧
អំណានប្រចាំថ្ងៃ ការចាក់ប្រេងតាំងឲ្យលោកប៉ុលនិងបាណាបាស
លោកប៉ុលបានយល់ឃើញថា ទីក្រុងអាន់ទីយ៉ូកដ៏ពោរពេញទៅដោយមនុស្សគ្រប់ជាតិសាសន៍នេះ ជាទីកន្លែងដែលល្អសម្រាប់គាត់ក្នុងការផ្សាយដំណឹងល្អរបស់ព្រះ ព្រោះអ្វីដែលគាត់ចេះដឹង រួមជាមួយនឹងវប្បធម៌របស់ទីនោះ នឹងធ្វើឱ្យមានឥទ្ធិពលដល់មនុស្សដែលរស់នៅទីនោះ។ នៅក្នុងខណៈនេះ ការផ្សាយដំណឹងល្អកើតឡើងតែនៅក្រុងយេរូសាឡិម ជាកន្លែងដែលពួកយូដាមកជួបជុំគ្នា ដើម្បីប្រារឰធ្វើវិធីខាងសាសនាដ៏សំខាន់តែប៉ុណ្ណោះ។ នៅពេលនោះឯងដែលពួកសាវកបានបង្រៀនពីព្រះគ្រីស្ទ ដោយក្លាហានជាទីបំផុត ទោះបីជាពួកគេដឹងថា ការដែលពួកគេបង្រៀនពីព្រះនោះអាចធ្វើឱ្យគេមានគ្រោះថ្នាក់ដល់ជីវិតក៏ដោយ។ មានមនុស្សជាច្រើនបានផ្លាស់ប្តូរជំនឿរបស់គេ ហើយអស់អ្នកទាំងនេះហើយ ដែលបាននាំយកព្រះបន្ទូលរបស់ព្រះ ទៅចែកចាយនៅកន្លែងដែលគេរស់នៅ ដល់គ្រប់ទាំងសាសន៍ ហើយនិងគ្រប់ស្រទាប់សង្គមផងដែរ។លោកពេត្រុស លោកយ៉ាកុប ព្រមទាំងលោកយ៉ូហាន មានជំនឿយ៉ាងរឹងមាំថា ព្រះទ្រង់បានចាត់ពួកគេឱ្យបង្រៀនពីទ្រង់នៅក្នុងស្រុករបស់ពួកគេផ្ទាល់ ប៉ុន្តែ សាវកប៉ុលបានទទួលការត្រាស់ហៅរបស់ព្រះក្នុងកាលដែលគាត់កំពុងតែអធិស្ឋាននៅឯព្រះវិហារ ហើយគាត់ក៏បានទទួលបន្ទុកក្នុងការផ្សាយដំណឹងល្អដល់សាសន៍ដទៃ។ ក្នុងការរៀបចំគាត់សម្រាប់កិច្ចការដ៏សំខាន់នេះ ព្រះទ្រង់បានធ្វើឱ្យគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទ្រង់ ដោយបានបើកសម្តែងឱ្យគាត់បានឃើញសិរីល្អ និងសិរីរុងរឿងនៃស្ថានសួគ៌។ ការចាក់ប្រេងតាំងឱ្យលោកប៉ុល និងបាណាបាស
ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ហោរា និងអ្នកបង្រៀនសាសនានៅឯទីក្រុងអាន់ទីយ៉ូកថា «ចូរញែកបាណាបាសនិងសុលចេញឱ្យខ្ញុំសម្រាប់ការងារដែលខ្ញុំហៅគេឱ្យធ្វើ» (កិច្ចការ ១៣:២)។ ដូច្នេះ សាវកទាំងពីររូបនេះ ត្រូវបានញែកចេញ ហើយបានថ្វាយដល់ព្រះ ដោយមានការតមអត់ ហើយនិងការអធិស្ឋាន ព្រមទាំងដាក់ដៃលើ។ ក្រោយមកសាវកទាំងពីររូបនេះ ក៏ត្រូវបានបញ្ជូនឱ្យទៅផ្សាយដំណឹងល្អរបស់ព្រះដល់អស់ទាំងសាសន៍ដទៃ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១៣:៤២-៥២
ខចងចាំ៖ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត។ យេរេមា ២៩:១២-១៣