ថ្ងៃចន្ទ​​ ទី០១​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។។ និក្ខមនំ២០:៨-១១

អំណានប្រចាំថ្ងៃ ភាពបរិសុទ្ធនៃថ្ងៃសប្បាតហ៍ត្រូវបានជំនួសដោយថ្ងៃអាទិត្យ

ខណៈដែលនៅជាអ្នកមិនជឿព្រះនៅឡើយ ព្រះចៅកុងស្តង់ទីនបានចេញច្បាប់មួយ បញ្ជាឱ្យមនុស្សនៅក្នុងទីក្រុងរ៉ូមទាំងមូលគោរពប្រតិបត្តិថ្ងៃអាទិត្យ ជាថ្ងៃបុណ្យជាតិ។ បន្ទាប់ពីការបំផ្លាស់ បំប្រែជំនឿរបស់ទ្រង់មក ព្រះអង្គនៅតែមិនបោះបង់ចោលការគាំទ្រថ្ងៃអាទិត្យដដែល ហើយពេលនោះទ្រង់បានត្រាស់បង្គាប់ឱ្យគេគោរពតាមជំនឿថ្មីរបស់ទ្រង់ គឺគ្រីស្ទ​សាសនា។ ប៉ុន្តែ កិត្តិយសដែលបង្ហាញដោយថ្ងៃនោះ មិនទាន់គ្រប់គ្រាន់​ល្មម ដើម្បីបញ្ឈប់ពួកគ្រីស្ទានពីការគោរពថ្ងៃសប្បាតហ៍ដ៏ពិតជាថ្ងៃដ៏​បរិសុទ្ធ​របស់ព្រះជាម្ចាស់ឡើយ។ គេត្រូវតែឈានមួយជំហានទៀត ហើយគេត្រូវតែលើកតម្កើងថ្ងៃបរិសុទ្ធក្លែងក្លាយ ឱ្យបានស្មើនឹងថ្ងៃបរិសុទ្ធដ៏ពិតប្រាកដ។ ពីរបីឆ្នាំបន្ទាប់ពីព្រះរាជក្រឹត្យរបស់ព្រះចៅកុងស្តង់ទីនមក សម្តេចសង្ឃនៃពួកជំនុំរ៉ូមបានផ្តល់កិត្តិយសដល់ថ្ងៃអាទិត្យ ដោយឱ្យឈ្មោះថាជាថ្ងៃនៃព្រះអម្ចាស់។ ដូច្នេះគេបានដឹកនាំមនុស្សឱ្យគោរពថ្ងៃនោះ បន្តិចម្តងៗ តាមព្រះរាជក្រឹត្យ​ដ៏ពិសិដ្ឋនោះ។ តែក៏នៅតែមានមនុស្សរក្សាថ្ងៃសប្បាតហ៍ដើមដដែលដែរ។មេបោកប្រាសមិនទាន់បានបំពេញការងាររបស់វាចប់សព្វគ្រប់នៅឡើយទេ។ វាបានសម្រេចចិត្តដើម្បីប្រមូលពួកគ្រីស្ទាននៅទូទាំងពិភពលោក ឱ្យ​មកនៅក្រោមទង់ជ័យរបស់វា និងឱ្យទទួលអំណាចរបស់វា តាមរយៈ​អ្នក​តំណាងរបស់វា ដែលអ្នកមានអំនួតបានអះអាងថាគេជាអ្នកតំណាងរបស់ព្រះគ្រីស្ទ។ តាមរយៈជនក្រៅសាសន៍ ដែលបានបំផ្លាស់បំប្រែតែពាក់កណ្តាល ពួកសង្គ្រាជដែលមានមហិច្ឆតា ហើយនិងពួកមេដឹកនាំព្រះវិហារដែលស្រឡាញ់លោកិយ សាតាំងបានសម្រេចនូវគោលបំណងរបស់វា។ ក្រុមប្រឹក្សាដ៏ធំត្រូវបានប្រជុំគ្នាយូរៗម្តង ដោយគេបានកោះអញ្ជើញអ្នកមានតំណែងខ្ពស់ៗនៅក្នុងព្រះវិហារ ទូទាំងពិភពលោកមកចូលរួម។ សឹងតែនៅ​រៀងរាល់​អង្គប្រជុំ ថ្ងៃសប្បាតហ៍ដែលព្រះបានបង្កើត ត្រូវបានគេបន្ទាប​ចុះ​បន្តិច ខណៈដែលថ្ងៃអាទិត្យ ត្រូវបានគេលើកតម្កើងឡើង។ ទីបំផុតថ្ងៃ​បុណ្យនៃពួកអ្នកមិនជឿព្រះត្រូវបានគេលើកតម្កើងឡើង ឱ្យដូចជាថ្ងៃដែលព្រះបានតែងតាំងដែរ ហើយថ្ងៃសប្បាតហ៍នៃព្រះគម្ពីរត្រូវបានគេប្រកាសថាជាថ្ងៃបុរាណរបស់ពួកសាសន៍យូដា ហើយអ្នកណាដែលគោរពថ្ងៃនោះត្រូវបានគេចាត់ទុកថាជាមនុស្សដែលគេស្អប់ខ្ពើម។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​ ១១៩:៦៥-៨៨

ខចងចាំ៖​​ គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត។ ធីម៉ូថេទី២ ៣:១៦

Powered by CAM