ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»។ រ៉ូម ១:១៧
អំណានប្រចាំថ្ងៃ លោកលូធើរជាអ្នកកែទម្រង់
លោកលូធើរ បានទទួលការបំបួសជាសង្ឃ ហើយត្រូវបានគេកោះហៅឱ្យធ្វើជាសាស្ត្រាចារ្យ ព្រះគម្ពីរនៅឯសាកលវិទ្យាល័យ វិធិនប៊ើក (Wittenberg)។ នៅទីនោះ គាត់បានសិក្សាព្រះគម្ពីរជាភាសារបស់គាត់ផ្ទាល់ ហើយគាត់បានចាប់ផ្តើមបង្រៀនព្រះគម្ពីរ ដោយចាប់ផ្តើមពីសៀវភៅទំនុកតម្កើងនិងដំណឹងល្អ។ សំបុត្ររបស់ពួកសាវក ត្រូវបានបើកឡើងឱ្យមនុស្សជាច្រេីនបានយល់។ គាត់បង្រៀនព្រះបន្ទូលដោយព្រះចេស្តារបស់ព្រះ ហើយព្រះគុណរបស់ទ្រង់ក៏បានគង់ជាមួយនឹងគាត់ដែរ។ វោហាកោសល្យរបស់គាត់បានទាក់ទាញអ្នកស្តាប់ទាំងឡាយ ការបង្រៀនយ៉ាងច្បាស់ និងដោយព្រះចេស្តាបានធ្វើឱ្យពួកគេយល់ ហើយបានទាក់ទាញដល់ចិត្តរបស់ពួកគេ។
អ្នកដឹកនាំការកែទម្រង់
ដោយការបណ្តាលរបស់ព្រះ គាត់ក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម។ នៅទីនោះ សម្តេចប៉ាបបានសន្យានឹងបណ្តាមនុស្សថា ពួកគេនឹងបានសង្គ្រោះប្រសិនបើពួកគេលុតជង្គង់នៅចំពោះមុខជណ្តើរពីឡាត់ (Pilate’s staircase)។ មានថ្ងៃមួយ កាលដែលលូធើរកំពុងតែបង្រៀនពីការនេះ ស្រាប់តែគាត់បានឮសំឡេងដ៏រំពងដូចជាផ្គរលាន់មកកាន់គាត់ថា «អស់អ្នកសុចរិតនឹងត្រូវបានសង្គ្រោះដោយសារសេចក្តីជំនឿ»។ នៅពេលនោះ គាត់បានតក់ស្លុត មានការអាម៉ាស់ ព្រមទាំងមានការភ័យខ្លាចហើយក្រោយមក គាត់ក៏បានចាកចេញពីការងងឹតងងល់របស់គាត់។ អ្វីដែលគាត់បានឮនោះ នៅតែមានឥទ្ធិពលនៅក្នុងចិត្តរបស់គាត់ជានិច្ច ហើយចាប់តាំងពីពេលនោះមក គាត់ក៏បានយល់ឃើញយ៉ាងច្បាស់ពីការមិនត្រឹមត្រូវ ដែលជាការជឿហើយទុកចិត្តលើមនុស្ស ដើម្បីឱ្យបានសង្គ្រោះ។ ក្នុងពេលជាមួយគ្នានោះដែរ គាត់បានដឹងពីសារៈសំខាន់នៃការមានជំនឿយ៉ាងខ្ជាប់ខ្ជួន ទៅលើអ្វីដែលព្រះយេស៊ូវបានធ្វើ។ ភ្នែករបស់គាត់ត្រូវបានបើកឱ្យមើលឃើញការបំភាន់ភ្នែករបស់សាតាំង តាមរយៈសម្តេចប៉ាប។ នៅពេលដែលគាត់ងាកបែរចេញពីពួកជំនុំរ៉ូម ចិត្តរបស់គាត់ក៏បានបែរចេញពីក្រុងរ៉ូមដែរ ហើយចាប់តាំងពីពេលនោះមក គម្លាតរវាងគាត់និងពួកជំនុំរ៉ូម ក៏បានឃ្លាតកាន់តែឆ្ងាយ រហូតធ្វើឱ្យគាត់ទទួលការបៀតបៀនពីសំណាក់ពួកជំនុំរបស់សម្តេចប៉ាប។
អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក ៣៦:១-១៩
ខចងចាំ៖ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។ និក្ខមនំ ២០:៨-១១