ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះ។ អេភេសូរ២:៤-៥
អំណានប្រចាំថ្ងៃ ជើងឯកនៃសេចក្តីពិត
ក្រោយពីបានចាកចេញពីពួកជំនុំរ៉ូមមក លូធើរបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកសាសនានៅឯសាកលវិទ្យាល័យវិតធិនប៊ើក។ នៅពេលនេះ គាត់មានសេរីភាពអាចចំណាយពេលសិក្សាគម្ពីរដែលគាត់ស្រឡាញ់ ជាងពេលណាៗទាំងអស់ នៅក្នុងជីវិតរបស់គាត់។ គាត់បានប្តេជ្ញា និងស្បថថា គាត់នឹងសិក្សាព្រះគម្ពីរយ៉ាងយកចិត្តទុកដាក់ ព្រមទាំងអធិប្បាយតែព្រះបន្ទូលរបស់ព្រះមួយមុខគត់ ហើយគាត់នឹងមិននិយាយអ្វីដែលជាការបង្រៀនរបស់ពួកប៉ាបអស់មួយជីវិតរបស់គាត់។ នៅពេលនេះ គាត់មិនមែនគ្រាន់តែជាសង្ឃ ឬជាសាស្ត្រាចារ្យប៉ុណ្ណោះទេ តែជាអ្នកនាំដំណឹងពីព្រះគម្ពីរដ៏ពិតវិញ។ គាត់ត្រូវបានព្រះត្រាស់ហៅឱ្យធ្វើជាអ្នកចម្អែតដល់ហ្វូងចៀម ដែលស្រេកឃ្លានសេចក្តីពិតរបស់ទ្រង់។ គាត់បានប្រកាសថា អ្នកគ្រីស្ទាន មិនគួរទទួលគោលលទ្ធិណា ក្រៅពីសេចក្តីពិតដែលបានចែងនៅក្នុងព្រះគម្ពីរបរិសុទ្ធទេ។ ការប្រកាសរបស់គាត់នេះ បានធ្វើឱ្យមានការរំជើបរំជួលដល់គ្រឹះស្ថានរបស់អំណាចប៉ាប ហើយពួកគេក៏បានទប់ស្កាត់ និងបង្ក្រាបការ កែទម្រង់នេះ។
ឥឡូវនេះលោកលូធើរបានចូលកាន់តំណែងរបស់គាត់ជាជើងឯកនៃសេចក្តីពិត ដោយអង់អាចក្លាហាន។ សំឡេងនៃការព្រមានដ៏ស្មោះត្រង់យ៉ាងខ្លាំងរបស់គាត់បានឮចេញពីអាសនា គាត់បានបង្ហាញនៅចំពោះមុខមនុស្សនូវលទ្ធផលនៃអំពើបាប ហើយបានបង្រៀនពួកគេថា គ្មានមនុស្សណាម្នាក់ដែលអាចជួយបន្ធូរ ឬរំដោះយើងឱ្យរួចពីទណ្ឌកម្មរបស់វាបានឡើយ។ មានតែការលន់តួបាបចំពោះព្រះ ហើយមានជំនឿលើព្រះគ្រីស្ទប៉ុណ្ណោះ ដែលអាចជួយសង្គ្រោះយើងពីអំពើបាបបាន។ យើងមិនអាចទិញព្រះគុណរបស់ព្រះគ្រីស្ទបានឡើយ ផ្ទុយទៅវិញ វាជាអំណោយទានដែលឥតគិតថ្លៃពីព្រះវិញ។ គាត់បានប្រាប់មិនឱ្យពួកគេទិញប័ណ្ណលោះបាបពីប៉ាបទេ ប៉ុន្តែឱ្យពួកគេសម្លឹងមើលទៅឯព្រះអង្គសង្គ្រោះ ដែលជាប់ឆ្កាង ដោយជំនឿវិញ។ គាត់បានអះអាងប្រាប់ពួកគេថា មានតែការងាកចេញពីការខំប្រព្រឹត្តដោយខ្លួនឯង ហើយបែរមករកព្រះគ្រីស្ទ ហើយជឿលើទ្រង់មួយទេ ដែលអាចឱ្យយើងរកឃើញសេចក្តីសុខសាន្តហើយនិងអំណរ។
អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក ៣៦:២០-៣២
ខចងចាំ៖ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។ និក្ខមនំ ២០:៨-១១