​​ថ្ងៃសៅរ៍ ទី១៣​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្តី​អំណរ និង​សេចក្តី​សុខ​សាន្ត​ដ៏​ពោរពេញ ដោយសារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្តី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។ រ៉ូម ១៥:១៣

អំណានប្រចាំថ្ងៃ ស្រេកឃ្លានសេចក្តីពិត

ការបង្រៀនរបស់លោកលូធើរបានទាក់ទាញមនុស្សជាច្រើននៅប្រទេសអាល្លឺម៉ង់ ហើយការអធិប្បាយនិងការសរសេររបស់គាត់បានក្លាយជាពន្លឺ ដែលបានបំភ្លឺដល់មនុស្សរាប់ពាន់នាក់ឱ្យបានភ្ញាក់រឭក។ សេចក្តី​ជំនឿ​ដ៏រស់ កំពុងកើតឡើងយ៉ាងផុសផុលនៅក្នុងចិត្តនិងក្នុងគំនិតរបស់បណ្តា​ជន។ ពួកគេបានបាត់បង់ទំនុកចិត្តលើជំនឿមិនត្រឹមត្រូវទាំងឡាយរបស់ពួករ៉ូម​និយម។ រនាំងនៃការប្រកាន់វណ្ណៈត្រូវបានដកយកចេញ។ ដោយការបកស្រាយនិងការបញ្ជាក់អះអាងរបស់លោកលូធើរនូវគ្រប់គោលលទ្ធិទាំងអស់ ព្រះបន្ទូលរបស់ព្រះប្រៀបបានទៅនឹងដាវមុខពីរ ដែលបានទម្លុះចូលដល់ចិត្តរបស់មនុស្សគ្រប់គ្នា ធ្វើឱ្យមានការភ្ញាក់រឭកខាងព្រលឹងវិញ្ញាណនៅគ្រប់ទីកន្លែង។ មនុស្សនៅគ្រប់ទីកន្លែងស្រេកឃ្លានសេចក្តីសុចរិតជាខ្លាំង ដែលមិនធ្លាប់មានពីមុនមក។ ពួកគេធ្លាប់តែសម្លឹងមើលទៅមនុស្សក្នុងការលោះបាបរបស់ពួកគេ តែពេលនេះពួកគេបានត្រឡប់ទៅសម្លឹងមើលទៅឯព្រះគ្រីស្ទ និងការសុគតរបស់ទ្រង់ ដោយជំនឿនិងក្តីអំណត់។ គោល​លទ្ធិហើយនិងការសរសេររបស់អ្នកកែទម្រង់រូបនេះ បានរីករាលដាល​ដល់គ្រប់​ទាំងសាសន៍នៃអាណាចក្រគ្រីស្ទានទាំងមូល រហូតដល់ប្រទេសស្វ៊ីស និង​ហូឡង់ ហើយអ្វីដែលគាត់បានសរសេរត្រូវបានគេនាំយកទៅដល់ប្រេទសបារាំង អង់គ្លេស បេលជីម និងអ៊ីតាលី។ មានមនុស្សរាប់ពាន់​នាក់បាន​ភ្ញាក់រឭក ពីការស្លាប់ខាងវិញ្ញាណរបស់គេហើយត្រឡប់ជាមានអំណរ និងក្តីសង្ឃឹមក្នុងជីវិតនៃសេចក្តីជំនឿវិញ។

ពួកជំនុំរ៉ូមមានបំណងនឹងកំចាត់លោកលូធើរ តែព្រះជាម្ចាស់គឺជាអ្នកការពារគាត់ ពីការប៉ុនប៉ងទាំងឡាយរបស់គេ។ គោលលទ្ធិរបស់គាត់បានផ្សព្វផ្សាយ​ទៅដល់គ្រប់ទីកន្លែង ទាំងអ្នកក្រីក្រ ទាំងដំណាក់​របស់​អភិជន សាកលវិទ្យាល័យព្រមទាំងដំណាក់របស់ស្តេចដែរហើយពួកអភិជន​ទាំងនោះបានខ្នះខ្នែងជួយឱ្យលូធើរបន្តការបង្រៀន របស់គាត់តទៅទៀត។

អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក​ ៣៧:១១-២១

ខចងចាំ៖​​ ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។ និក្ខមនំ ២០:៨-១១

Powered by CAM