ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។ ពេត្រុសទី១ ២:១២
អំណានប្រចាំថ្ងៃ លូធើរមានទំនាស់ជាមួយនឹងពួកជំនុំរ៉ូម
នៅក្នុងការអំពាវនាវមួយដល់ព្រះចៅធិរាជ និងពួកអភិជននៅប្រទេសអាល្លឺម៉ង់ លោកលូធើរ បានសរសេរពីប៉ាបថា «វាជាការមិនត្រឹមត្រូវទាល់តែសោះ ដែលយើងផ្តោតទៅលើមនុស្សដែលតាំងខ្លួនជាព្រះគ្រីស្ទ ហើយដែលសូម្បីតែព្រះចៅអធិរាជក៏មិនអាចប្រៀបស្មើនឹងមនុស្សនោះផង។តើនេះប្រៀបបាននឹងព្រះគ្រីស្ទ ឬពេត្រុសដែលជាអ្នកបន្ទាបខ្លួនដែលឬទេ? ពួកគេបាននិយាយថា គេជាព្រះនៃផែនដីនេះ ប៉ុន្តែព្រះគ្រីស្ទដែលពួកគេអះអាងថាគេជាអ្នកតំណាងឱ្យទ្រង់នោះ ទ្រង់មានបន្ទូលថា រាជរបស់ទ្រង់មិននៅលើផែនដីនេះទេ។ តើនេះបានន័យថាអ្នកដែលតំណាងឱ្យព្រះ មានអាណាចក្រធំជាងព្រះឬ?»
គាត់បានសរសេរទៅកាន់សាកលវិទ្យាល័យថា «ខ្ញុំបារម្ភក្រែងសាកលវិទ្យាល័យនឹងក្លាយជាក្លោងទ្វាររបស់ស្ថាននរកទៅវិញ ប្រសិនបើគេមិនបានបង្រៀនយ៉ាងយកចិត្តទុកដាក់ពីព្រះគម្ពីរបរិសុទ្ធដល់និសិត្សទេនោះ។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នករាល់គ្នាថា សូមកុំបញ្ជូនកូនរបស់អ្នករាល់គ្នាឱ្យទៅរៀននៅសាលាណាដែលមិនយកព្រះគម្ពីរជាគោលនោះឡើយ។ គ្រប់ស្ថាប័នដែលយកបុគ្គលជាធំនោះ មិនបានធ្វើតាមព្រះបន្ទូលរបស់ព្រះទេ»។
ការអំពាវនាវនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សទូទាំងប្រទេសអាល្លឺម៉ង់ ហើយក៏ធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្សគ្រប់គ្នាផងដែរ រហូតធ្វើឱ្យប្រទេសទាំងមូលបានលើកគ្នាគាំទ្រការកែទម្រង់នេះ។ អ្នកដែលប្រឆាំងហើយចង់សងសឹកនឹងលោកលូធើរបានបញ្ចុះបញ្ចូលឱ្យសម្តេចប៉ាបចាត់វិធានការដើម្បីប្រឆាំងនឹងលូធើរ ហើយគេក៏បានចេញក្រឹត្យមួយកាត់ទោសដល់រាល់គោលលទ្ធិរបស់លូធើរ។ ក្រឹត្យនោះបានប្រកាសទុករយៈពេល ៦០ថ្ងៃដល់អ្នកកែទម្រង់ទាំងឡាយ ឱ្យលះបង់ជំនឿរបស់ខ្លួនចេញ បើពុំដូច្នោះទេ ពួកគេទាំងនោះនឹងត្រូវកាត់ផ្តាច់ចេញពីពួកជំនុំ ហើយនិងពីសេចក្តីសង្គ្រោះ។
នៅពេលដែលលូធើរបានទទួលក្រឹត្យនោះ គាត់បាននិយាយថា «ខ្ញុំមិនព្រមទទួលការមិនត្រឹមត្រូវទាំងនេះជាដាច់ខាត។ មានតែព្រះគ្រីស្ទមួយអង្គប៉ុណ្ណោះ ដែលអាចកាត់ទោសបាបបាន ខ្ញុំនៅតែមានអំណរដោយជំនឿ ទោះបើពួកគេប្រព្រឹត្តយ៉ាងណាដល់ខ្ញុំក៏ដោយចុះ ដ្បិតខ្ញុំមានសេរីភាពនៅក្នុងចិត្តរបស់ខ្ញុំរួចទៅហើយ ហើយខ្ញុំក៏ដឹងដែរថា សម្តេចប៉ាបនោះគឺជាតួអង្គប្រឆាំងនឹងព្រះហើយក៏ជាសាតាំងនោះហើយ»។
ប៉ុន្តែ ក្រឹត្យរបស់សម្តេចប៉ាបនោះនៅតែមានអំណាច។ គេបានប្រើការចាប់ចង ការធ្វីទារុណកម្ម ការដាក់គុក និងការសម្លាប់បង់ ដើម្បីធ្វើជាអាវុធ បង្ខំឱ្យមនុស្សចុះចូល។ ការទាំងនេះបានធ្វើឱ្យឃើញថា ការកែទម្រង់នោះជិតដល់ទីបញ្ចប់ហើយ។ ពួកអ្នកទន់ខ្សោយ និងអ្នកមានជំនឿមិនត្រឹមត្រូវភ័យញ័រនៅចំពោះក្រឹត្យរបស់សម្តេចប៉ាបហើយនៅពេលដែលគេមានចិត្តអាណិតដល់លូធើរនោះ មនុស្សជាច្រើនបានគិតថាជីវិតមានតម្លៃណាស់ គេមិនគួរប្រថុយប្តូរដោយសារតែការកែទម្រង់នោះទេ។
អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក ៣៨:១-១៣
ខចងចាំ៖ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣