ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣
អំណានប្រចាំថ្ងៃ
ព្រះចៅអធិរាជថ្មី ឆាល ទីប្រាំ (Charles the Fith) បានឡើងគ្រងរាជ្យនៅប្រទេសអាឡឺម៉ង់ហើយអគ្គរាជទូតនៃប្រទេសរ៉ូមបានធ្វើដំណើរមកសម្តែងក្តីរីករាយ ចំពោះការឡើងគ្រងរាជ្យរបស់ទ្រង់ រួចគេក៏បានស្នើសុំឱ្យទ្រង់ប្រើអំណាចរបស់្រទង់ដើម្បីប្រឆាំងនឹងការកែទម្រង់ខាងសាសនានោះ ម៉្យាងវិញទៀត មានអ្នកមានឥទ្ធិពលម្នាក់ ដែលមានគុណលើការឡើងគ្រងរាជ្យរបស់ស្តេចឆាល បានឃាត់មិនឱ្យស្តេចឆាលប៉ះពាល់ដល់លូធើរឡើយ ប្រសិនបើគ្មានការកោះហៅពីតុលាការ។ គ្រប់ភាគីទាំងអស់បានផ្តោតអារម្មណ៍ទៅលើការប្រជុំរបស់រដ្ឋផ្សេងៗនៃប្រទេសអាឡឺម៉ង់ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវឺម (Worms) បន្ទាប់ពីការឡើងគ្រងរាជ្យរបស់ស្តេចឆាល ជាព្រះចៅអធិរាជភ្លាមនោះ។ មានរឿងរ៉ាវនិងការចាប់អារម្មណ៍សំខាន់ៗខាងនយោបាយជាច្រើន ត្រូវបានគេលើកយកមកពិភាក្សា នៅក្នុងក្រុមប្រឹក្សាថ្នាក់ជាតិនេះ ប៉ុន្តែ បន្តិចក្រោយមក អង្គសន្និបាតនេះបែរជាមិនសូវចាប់អារម្មណ៍ទៅនឹងរឿងរ៉ាវផ្សេងៗ ដែលកើតមានឡើងនៅក្នុងប្រទេសទេ តែបែរជាផ្តោតអារម្មណ៍តែទៅលើរឿងសង្ឃនៅទីក្រុងវិធឺនប៊ឹកទៅវិញ។
ថ្មីៗនេះ ស្តេចឆាលធ្លាប់បានរៀបចំឱ្យចៅហ្វាយខេត្តម្នាក់នាំលូធើរទៅកាន់ទីក្រុងដើម្បីជួបជាមួយទ្រង់ ហើយទ្រង់បញ្ជាក់ប្រាប់ថានឹងការពារសុវត្ថិភាពរបស់អ្នកកែទម្រង់ពីគ្រប់អំពើហិង្សា ទាំងឡាយព្រមទាំងនឹងអនុញ្ញាតឱ្យលោកលូធើរបញ្ចេញយោបល់របស់ខ្លួននូវចំពោះមុខអង្គសន្និបាត ដើម្បីការពារក្តីរបស់ខ្លួនថែមទៀតផង។
មិត្តភក្ត្ររបស់លោកលូធើរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលូធើរ ដោយពួកគេបានដឹងពីការប្រកាន់ពូជសាសន៍និងការចងជាសត្រូវប្រឆាំងទៅលើលូធើរ។ ពួកគេបារម្ភក្រែងគេមិនគោរពតាមបញ្ជាការពារសុវត្ថិភាពដល់ លោកលូធើរដែលស្តេចឆាលបានសន្យាហើយ នៅពេលដែលគាត់ឃើញថា លូធើរមានភាពក្លាហាន និងបានប្រកាន់ជំហររបស់ខ្លួន គាត់បែរជាយាយីដល់ជីវិតរបស់លូធើរទៅវិញ។ ប៉ុន្តែ លូធើរបានឆ្លើយតបទៅវិញថា ពួកប៉ាបមិនបានចង់ឱ្យខ្ញុំទៅកាន់ក្រុងវីមទេ ប៉ុន្តែពួកគេចង់ដាក់ទោសខ្ញុំ ហើយនិងសម្លាប់ខ្ញុំវិញ។ ចូរកុំអធិស្ឋានឱ្យខ្ញុំធ្វើអ្វី តែសូមអធិស្ឋានឱ្យព្រះបន្ទូលរបស់ព្រះវិញ។
លោកលូធើរនៅចំពោះមុខក្រុមប្រឹក្សា (អង្គប្រជុំ)
នៅទីបំផុត លូធើរក៏បានឈរនៅចំពោះមុខអង្គសន្និបាត ព្រមទាំងព្រះចៅអធិរាជដ៏ល្បីល្បាញនៅសម័យនោះ។ ការដែលលូធើរបានឈរនៅចំពោះព្រះភក្ត្រព្រះចៅអធិរាជ នៅក្នុងក្រុមប្រឹក្សានេះ គឺជាព្រឹត្តិការណ៍មួយដែលពុំដែលធ្លាប់មានពីមុនមក តែពេលនេះ លូធើរបានឈរនៅចំពោះមុខពួកគេទាំងនោះ ដើម្បីឆ្លើយតប ព្រមទាំងការពារសេចក្តីជំនឿរបស់គាត់។
ព្រឹត្តិការណ៍នេះគឺជាភស្តុតាងមួយបង្ហាញឱ្យឃើញអំពីជោគជ័យនៃសេចក្តីពិត។ ការដែលមនុស្សម្នាក់ត្រូវបានសម្តេចប៉ាបកាត់ទោសរួចហើយ ហើយត្រូវបានលើកយកមកជំនុំជម្រះដោយតុលាការមួយផ្សេងទៀតនោះ គឺជាការមួយដែលបង្ហាញឱ្យឃើញអំពីការមិនទទួលស្គាល់នូវអំណាចកំពូលរបស់សម្តេចប៉ាប។ លោកលូធើរដែលត្រូវបានសម្តេចប៉ាបប្រកាសដាក់ទោសឱ្យផ្តាច់ទំនាក់ទំនងជាមួយនឹងមនុស្សជាតិនោះ ឥឡូវនេះបានទទួលការការពារ ហើយត្រូវបានទទួលការអនុញ្ញាតឱ្យមកការពារក្តីរបស់ខ្លួន នៅចំពោះមុខព្រះចៅអធិរាជដ៏ល្បីល្បាញរបស់ចក្រភពរ៉ូមទាំងមូល។ សាសនារ៉ូមុាំងកាតូលិកបានបញ្ជាឱ្យគាត់ឈប់និយាយ ប៉ុន្តែឥឡូវនេះលូធើររៀបនឹងនិយាយនៅចំពោះមុខមនុស្សរាប់ពាន់នាក់ មកពីគ្រប់ប្រទេសដែលកាន់សាសនាគ្រីស្ទ។
អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក ៣៩:១១-១៨
ខចងចាំ៖ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣