ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតជួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ។ យ៉ូហាន ៥:៤-៥
អំណានប្រចាំថ្ងៃ លោក លូធើរ នៅចំពោះក្រុមប្រឹក្សា
លោកលូធើរដែលមានភាពស្ងៀមស្ងាត់និងរម្យទម បានឈរនៅចំពោះមុខអ្នកទាំងនោះ ហើយបានធ្វើទីបន្ទាល់ពីព្រះយ៉ាងអង់អាចក្លាហាន។ គាត់បានឆ្លើយនឹងសំណួរផ្សេងៗ ទៅកាន់ក្រុមប្រឹក្សាយ៉ាងសុភាពដោយមិនមានអំនួតឡើយ។ ចម្លើយរបស់គាត់នៅក្នុងក្រុមប្រឹក្សានោះ ពោរពេញទៅដោយក្តីគោរព ប៉ុន្តែ គាត់បានអះអាងអំពីជំនឿរបស់គាត់ ដោយមានទំនុកចិត្តព្រមទាំងអំណរដែលធ្វើឱ្យអង្គប្រជុំទាំងមូលមានការភ្ញាក់ផ្អើល។
អស់អ្នកដែលបិទភ្នែករបស់គេទាំងរឹងទទឹងមិនទទួលពន្លឺនិងមិនព្រមទទួលជឿដល់សេចក្តីពិត នោះមានកំហឹងយ៉ាងខ្លាំងទៅនឹងអំណាចនៃសំដីរបស់លោកលូធើរ។ ហើយនៅពេលដែល លូធើរបានបញ្ចប់ចម្លើយរបស់គាត់ វាគ្មិននៃទីក្រុងដាយអ៊ើតបាននិយាយទាំងកំហឹងថា «ឯងមិនបានឆ្លើយនូវសំណួរដែលយើងបានសួរដល់ឯងទេ ឯងត្រូវតែឆ្លើយទៅនឹងសំណួរនេះឱ្យបានច្បាស់លាស់ថាតើឯងនឹងត្រឡប់ក្រោយហើយផ្លាស់ប្តូរសេចក្តីជំនឿរបស់ឯងវិញឬអត់?» នឹងមិនព្រមលះបង់សេចក្តីជំនឿរបស់ខ្ញុំ ហើយចុះចូលនឹងសម្តេចប៉ាប ឬអង្គសន្និបាតនេះឡើយ ព្រោះខ្ញុំបានឃើញយ៉ាងច្បាស់អំពីកំហុសឆ្គង ហើយនិងការទាស់ទែងដែលបានកើតមានឡើងរវាងពួកគេ។ ប្រសិនបើខ្ញុំមិនបានឃើញឱ្យបានច្បាស់ពីព្រះគម្ពីរ ឬប្រសិនបើខ្ញុំមិនបានទទួលការបណ្តាលចិត្តពីព្រះជាម្ចាស់ អំពីមូលហេតុជាក់ច្បាស់ណាមួយទេនោះ នោះខ្ញុំនឹងមិនព្រមដកថយ ហើយក៏មិនកែប្រែជំនឿរបស់ខ្ញុំជាដាច់ខាត ព្រោះអ្នកគ្រីស្ទាននឹងមិនបានសង្គ្រោះឡើយ ប្រសិនបើគេនិយាយទាស់នឹងឆន្ទៈរបស់ខ្លួននោះ។ ដូច្នេះ ខ្ញុំឈរនៅចំពោះមុខលោកម្ចាស់ទាំងអស់គ្នាថ្ងៃនេះ ដោយប្រកាន់ខ្ជាប់នូវជំនឿរបស់ខ្ញុំ ហើយសូមឱ្យព្រះជាម្ចាស់ជាអ្នកការពារខ្ញុំចុះ អាម៉ែន»។
ដូច្នេះបុរសដ៏សុចរិតនេះបានឈរលើគោលជំនឿ ដែលមានមូលដ្ឋានទាំងស្រុងនៅលើព្រះបន្ទូលរបស់ព្រះ ហើយពន្លឺនៃស្ថានសួគ៌ក៏បានបំភ្លឺផ្ទៃមុខរបស់គាត់។ លក្ខណៈដ៏ពោរពេញទៅដោយភាពអស្ចារ្យ និងបរិសុទ្ធ ហើយនិងចិត្តដ៏ពោរពេញទៅដោយសេចក្តីសុខសាន្ត និងក្តីអំណររបស់គាត់ បានសម្តែងដល់មនុស្សទាំងអស់ ក្នុងកាលដែលគាត់ធ្វើបន្ទាល់ទាស់នឹងអំណាចរបស់អ្នកប្រកាន់លទ្ធិខុសឆ្គង ហើយក៏បានធ្វើបន្ទាល់ពីអំណាចដ៏អស្ចារ្យរបស់ព្រះដោយសេចក្តីជំនឿដែលនឹងយកឈ្នះលើពិភពលោកនេះទាំងមូលដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ១
ខចងចាំ៖ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣