ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ។ ធីម៉ូថេទី២ ១:៧
អំណានប្រចាំថ្ងៃ ឥទ្ធិពលដ៏មានអំណាច
គាត់បានប្រកាន់ជំនឿរបស់គាត់យ៉ាងរឹងមាំដូចថ្មដា ក្នុងខណៈដែលអំណាចដ៏គួរឱ្យតក់ស្លុត របស់លោកិយកំពុងតែវាយប្រហារគាត់ តែមិនបានធ្វើឱ្យគាត់ឈឺចាប់សោះនោះ។ ពាក្យពេចន៍ដ៏សាមញ្ញ តែពោរពេញទៅដោយព្រះចេស្តារបស់ព្រះ ហើយនិងសេចក្តីក្លាហាន ព្រមទាំងការប្តេជ្ញាដ៏មោះមុតរបស់គាត់បានធ្វើឱ្យអង្គសន្និបាតទាំងមូលមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ នេះជាភស្តុតាងមួយដែលបញ្ជាក់ថា លូធើរនឹងមិនត្រូវដាក់ឱ្យនៅក្រោមការកាត់ទោស ឬនៅក្រោមអំណាចឬក្រោមការគំរាមកំហែងរបស់ពួកជំនុំរ៉ូមទៀតឡើយ។
ព្រះគ្រីស្ទបានមានបន្ទូលតាមរយៈទីបន្ទាល់របស់លូធើរ ដោយអំណាច និងសេចក្តីថ្លៃថ្នូរដែលការនេះបានលើកទឹកចិត្តដល់ទាំងមិត្ត ទាំងសត្រូវរបស់គាត់ដោយក្តីអស្ចារ្យ។ ព្រះវិញ្ញាណរបស់ព្រះបានសណ្ឋិតនៅកណ្តាលអង្គសន្និបាតនោះ ហើយក៏បានបណ្តាលចិត្តរបស់អ្នកដឹកនាំជាច្រើនរូបនៃចក្រភពទាំងមូល។ ស្តេចមួយចំនួន ក៏បានបើកចិត្តទទួល និងផ្តល់យុតិធម៌ដល់អ្វីដែលលោកលូធើរបាននិយាយ។ មានមនុស្សជាច្រើន ក្នុងចំណោមនោះបានជឿលើសេចក្តីពិត តែមានអ្នកខ្លះក៏បាត់ជំនឿទៅវិញ។ មួយចំនួនទៀតដែលពុំបានបង្ហាញពីការកែប្រែជំនឿ នៅពេលនោះទេ តែពួកគេបានសិក្សាស្វែងយល់ពីការពិត ពីព្រះគម្ពីរដោយខ្លួនឯង ហើយក្រោយមកក៏បានធ្វើការផ្លាស់ប្តូរជំនឿរបស់គេដោយក្លាហាននិងបើកចំហរដែរ។
លោកមន្ត្រី ហ្វេដឺរិក (Federick) បានទន្ទឹងរង់ចាំពេលដែលគេនាំយកលោកលូធើរមកកាន់អង្គប្រជុំ ហើយនៅពេលនោះគាត់បានស្តាប់ប្រសាសន៍របស់លោកលូធើរដោយយកចិត្តទុកដាក់បំផុត។ នៅពេលដែលគាត់ឃើញថា លូធើរមានភាពក្លាហាន និងបានប្រកាន់ជំហររបស់ខ្លួនយ៉ាងរឹងមាំ ដោយមិនបានចុះចូលជាមួយនឹងពួកគេ នោះគាត់មានការត្រេកអរ និងមានមោទនភាពជាខ្លាំងដែលបានធ្វើជាអ្នកការពារលោកលូធើរ។ គាត់បានពិចារណាប្រៀបធៀបគូភាគីទាំងសងខាង ហើយបានមើលឃើញយ៉ាងច្បាស់ថា អំណាចរបស់សម្តេចប៉ាប ពួកសង្គ្រាជ ហើយនិងអំណាច របស់ស្តេច មិនអាចបៀតបៀនដល់អំណាចរបស់សេចក្តីពិតបានទេ។ ហើយលទ្ធិប៉ាបបានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរដែលត្រូវបានឮដល់គ្រប់ទាំងសាសន៍នៅគ្រប់ជំនាន់។
ប្រសិនបើលូធើរបានចុះចូលនៅចំណុចតូចណាមួយ នោះសាតាំងព្រមទាំងពួកបរិវាររបស់វា នឹងប្រាកដជាបានទទួលជ័យជំនះជាមិនខាន ប៉ុន្តែភាពរឹងមាំរបស់លូធើរ គឺជាការមួយដែលបានរំដោះពួកជំនុំនៅសម័យនោះ ហើយបានចាប់ផ្តើមសម័យថ្មីដ៏ល្អប្រសើរមួយ។ ឥទ្ធិពលនៃបុរសម្នាក់ ដែលហ៊ានគិត ហ៊ានធ្វើកិច្ចការទាំងឡាយដែលទាក់ទងនឹងបញ្ហាសាសនានេះ មិនត្រឹមតែមានទៅលើពួកជំនុំ នៅម័យកាលរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺមានឥទ្ធិពលយ៉ាងខ្លាំង ដល់មនុស្សជំនាន់ក្រោយៗថែមទៀតផង។ ភាពរឹងមាំរបស់គាត់ នឹងលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយ នាពេលចុងបំផុត ដែលនឹងរងនូវការបៀតបៀនដូចគ្នានោះ។ ព្រះចេស្តារបស់ព្រះជាម្ចាស់នៅពីលើយោបល់របស់មនុស្ស ហើយក៏នៅពីលើអំណាចរបស់សាតាំងដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ២:១-២៣
ខចងចាំ៖ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣