ថ្ងៃព្រហស្បតិ៍​​ ទី១៨​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ។ សាស្តា ៤:៩-១០

អំណានប្រចាំថ្ងៃ ចូរជួយគាំទ្រគា្នទៅវិញទៅមក

ខ្ញុំបានឃើញថា លោកលូធើរមានភាពវាងវៃ ហើយម៉ឺងម៉ាត់ ព្រម​ទាំង​មានក្តីក្លាហាន ក្នុងការទិតៀនអំពើបាប ដោយប្រកាស​ពីសេចក្តី​ពិត​វិញ។ គាត់មិនបានព្រួយឬក្រែងខ្លាចចំពោះបុគ្គលណាមួយ ឬក៏សាតាំង​ឡើយ ព្រោះគាត់បានដឹងថា មានព្រះមួយអង្គដែលនៅខាងគាត់ ដែលមាន​ឫទ្ធិអំណាចលើសទាំងអស់។ ភាពមោះមុតនិង​អង់អាចក្លាហានរបស់​គាត់​នោះ ជួនកាលអាចនាំឱ្យមានគ្រោះថ្នាក់ដ៏ធំដល់គាត់ដែរ ហេតុដូច្នេះ​ហើយ​បាន​ជាព្រះ ទ្រង់បានរៀបចំ មេឡាន់ថុន ជាអ្នកដែលមានលក្ខណៈ​ផ្ទុយគ្នា​ពីលូធើរក្នុងការជួយសម្រួលដល់ការកែទម្រង់នេះ។ មេឡាន់ថុន គឺជាមនុស្សម្នាក់ដែលមានភាពទន់ភ្លន់ ភ័យខ្លាច មានការប្រុងប្រយ័ត្នខ្ពស់ ហើយ​ពោរពេញ​ទៅដោយការអត់ធ្មត់ តែក៏ជាអ្នកដែលព្រះជាម្ចាស់គាប់ព្រះទ័យដែរ។ គាត់គឺជាមនុស្សម្នាក់ដែលមានការចេះដឹងខ្ពស់ខាងព្រះបន្ទូល ហើយក៏មានការវិនិច្ឆ័យយ៉ាងសុចរិតដែរ។ គាត់ក៏ស្រឡាញ់​សេចក្តីពិត​នៃព្រះ​បន្ទូល​របស់ព្រះប្រហាក់ប្រហែលនឹងលូធើរដែរ។ ព្រះជាម្ចាស់បានបណ្តាលឱ្យគេទាំងពីរនាក់មានចិត្តដូចគ្នា ហើយក៏ជាមិត្តដ៏ល្អនឹងគ្នាដែរ។ លូធើរតែងតែ​ជាជំនួយដ៏ធំដល់ មេឡាន់ថុន ក្នុងកាលដែលមេឡាន់ថុនមានការភ័យខ្លាច ហើយមានការយឺតយ៉ាវ រីឯមេឡាន់ថុនវិញ ក៏ជាជំនួយដ៏ធំដល់លូធើរ ក្នុងកាលដែលលូធើរធ្លាក់ក្នុងគ្រោះថ្នាក់ ដោយសារភាពឆេវឆាវរបស់គាត់ដែរ។ ការប្រុងប្រយ័ត្នខ្ពស់របស់មេឡាន់ថុនបានធ្វើឱ្យលូធើររួចពីគ្រោះថ្នាក់ជាច្រើនលើកច្រើនសារ។ បើគ្មានមេឡាន់ថុនទេ នោះលូធើប្រាកដជាធ្លាក់ក្នុងភាពអន្តរាយជាមិនខាន។ រីឯលូធើរវិញក៏បានជួយ ជំរុញឱ្យការងារមាន​ភាព​ឆាប់រហ័សដែរ ហើយប្រសិនបើគ្មានលូធើរទេ នោះមេឡាន់ថុនក៏មិនអាចសម្រេចកិច្ចការនោះបានដែរ។ ព្រះជាម្ចាស់បានសម្តែងគតិបណ្ឌិតរបស់ទ្រង់ឱ្យខ្ញុំឃើញ ក្នុងការដែលទ្រង់ជ្រើសរើសអ្នកទាំងពីរ ឱ្យធ្វើការជាមួយគ្នា ក្នុងការកែទម្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក​ ២:២៤-៤៩

ខចងចាំ៖​​ ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់។ អេសាយ​ ២៦:៣

Powered by CAM