ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្តីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ។ ចោទិយកថា ៣១:៦
អំណានប្រចាំថ្ងៃ ប្រទេសអង់គ្លេសនិងស្កុតឡេនដ៍ ត្រូវបានបំភ្លឺ
ក្នុងខណៈដែលលូធើរបានធ្វើការបើកសម្តែងឱ្យមនុស្សទាំងឡាយ នៅប្រទេសអាឡឺម៉ង់បានដឹងអំពីព្រះគម្ពីរ ដែលធ្លាប់តែមានអាថ៌កំបាំងពីមុនមកនោះ ព្រះជាម្ចាស់បានបណ្តាលចិត្តមនុស្សម្នាក់ទៀតឈ្មោះធីនដេល (Tyndale) ឱ្យធ្វើការដូចគ្នានោះនៅប្រទេសអង់គ្លេសដែរ។ ធីនដេល ជាអ្នកសិក្សាព្រះគម្ពីរដ៏ពិតប្រាកដម្នាក់ ហើយគាត់ក៏បានបង្រៀនពីជំនឿដ៏ពិតរបស់គាត់ដោយគ្មានការភ័យខ្លាច ដោយលើកយកគោលលទ្ធិទាំងនោះមកមកធ្វើជាអំណះអំណាងនៃព្រះបន្ទូលរបស់ព្រះ។ ភាពមោះមុត និងសេចក្តីជំនឿរបស់គាត់ នេះបានធ្វើឱ្យពួក ប៉ាបលើកគ្នាទាស់នឹងគាត់។ មានបណ្ឌិតកាតូលិកម្នាក់ដែលតែងតែជាអ្នកទាស់នឹងធីនដេលបានប្រកាសថា «គួរឱ្យយើងរាល់គ្នាស្តាប់បង្គាប់ច្បាប់របស់សម្តេចប៉ាប ជាជាងក្រឹត្យវិន័យរបស់ព្រះ»។ ប៉ុន្តែ ធីនដេលបានឆ្លើយតបថា «ខ្ញុំសូមបំពានលើសម្តេចប៉ាប ព្រមទាំងច្បាប់ទាំងប៉ុន្មានរបស់ពួកគេ ហើយប្រសិនបើព្រះជាម្ចាស់ទុកជីវិតឱ្យខ្ញុំ នោះខ្ញុំនឹងបង្រៀនឱ្យក្មេងប្រុសដែលនៅឯជនបទយល់ដឹងអំពីព្រះគម្ពីរជាងលោកទៅទៀត»។
គោលបំណងរបស់គាត់ គឺគាត់ចង់ឱ្យមនុស្សនៅជំនាន់នោះមានព្រះគម្ពីរដែលសរសេរជាភាសារបស់គេផ្ទាល់ ហើយគាត់ក៏បានខ្នះខ្នែងដើម្បីសម្រេចកិច្ចការនោះមិនបង្អង់។ ប៉ុន្តែដោយសារតែមានការបៀតបៀន និងការកៀបសង្កត់មកលើគាត់នៅប្រទេសអង់គ្លេសគាត់ក៏បានមកជ្រកកោននៅប្រទេសអាឡឺម៉ង់ ហើយក៏បានចាប់ផ្តើមបោះពុម្ពព្រះគម្ពីរជាភាសាអង់គ្លេសនៅទីនោះ។
គាត់បានបោះពុម្ពព្រះគម្ពីរជាភាសាអង់គ្លេសចំនួនបីពាន់ក្បាលដំបូងហើយក៏មានការបោះពុម្ពជាបន្តបន្ទាប់នៅឆ្នាំដដែលនោះ។
នៅទីបំផុត គាត់ត្រូវបានគេប្រហារជីវិតដោយសារតែជំនឿរបស់គាត់ ប៉ុន្តែអាវុធ (ព្រះគម្ពីរ) ដែលគាត់បានរៀបចំបានជួយក្នុងការធ្វើសឹកដល់ទាហាន (អ្នកគ្រីស្ទាន) ដទៃទៀតនៅជំនាន់ក្រោយ ក៏ដូចជានៅជំនាន់យើងនេះដែរ។
រីឯនៅប្រទេសស្កុតឡេនវិញ មានបុរសម្នាក់ដែលមានឈ្មោះថា ចន ណក្ស (John Knox) ក៏បានធ្វើការបដិវត្តន៍ដោយគ្មានការភ័យខ្លាចប្រឆាំងនឹងអំណាចរបស់មនុស្សដែរ។ ភ្លើងនៃការឈឺចាប់ដោយសេចក្តីជំនឿបានឆេះឈួលឡើងនៅជុំវិញគាត់ ធ្វើឱ្យសេចក្តីក្លៀវក្លារបស់គាត់ពុះពោរឡើង កាន់តែឆាប់រហ័សនិងខ្លាំងក្លា។ ក្នុងខណៈដែលពូថៅនៃជនផ្តាច់ការកំពុងគំរាមកំហែងកាត់ក្បាលរបស់គាត់ គាត់នៅតែឈរដោយជំនឿមោះមុតទាំងលើកដៃទាំងពីររបស់គាត់ប្រឆាំងនឹងរូបចម្លាក់ដែលគេគោរពនោះ។ គាត់នៅតែមានជំហររឹងមាំ ហើយនៅតែអធិស្ឋាន ដើម្បីឱ្យប្រទេសស្កុតឡេនមានសេរីភាពខាងសាសនា។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ៣:១-១៨
ខចងចាំ៖ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣