ថ្ងៃអង្គារ​​ ទី០២​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ។ យ៉ូហានទី១ ៥:៣

អំណានប្រចាំថ្ងៃ ថ្ងៃសប្បាតហ៍ក្លែងក្លាយ

ពួកអ្នកបោះបង់ជំនឿដ៏ធំបានទទួលជោគជ័យ ក្នុងការលើក​តម្កើង​ខ្លួនឯង «ខ្ពស់លើសជាងអស់ទាំងអ្វីដែលហៅថាព្រះ ឬរបស់អ្វី​ដែល​គេគោរ​ព​ប្រតិបត្តិផង» ថែស្សាឡូនីចទី២ ២:៤។ វាហ៊ានផ្លាស់ប្តូរ​បញ្ញត្តិតែមួយគត់នៃច្បាប់របស់ព្រះ ដែលចង្អុលបង្ហាញឥតមានខុស ប្រាប់ដល់មនុស្សគ្រប់គ្នា ទៅកាន់ព្រះដ៏ពិតនិងជាព្រះដែលមានព្រះជន្មរស់នៅ។ នៅក្នុងបញ្ញត្តិទី ៤ ព្រះទ្រង់បាន លេចឡើងជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដី ហើយតាមរយៈការនោះហើយដែលបែងចែកព្រះឱ្យខុសគ្នាស្រឡះពីព្រះក្លែងក្លាយទាំងឡាយ។ ការដែលព្រះបានញែកថ្ងៃទីប្រាំពីរ ទុកជាថ្ងៃឈប់​សម្រាក​សម្រាប់មនុស្ស គឺជាការរំឭកពីការបង្កបង្កើតលោក។ ថ្ងៃនោះ​ត្រូវបាន​តាក់​តែងឡើង ដើម្បីរក្សាព្រះដ៏មានព្រះជន្មរស់ឱ្យនៅក្នុងចិត្តរបស់មនុស្សលោក ជារៀងរហូត ដែលទ្រង់ជាប្រភពនៃជីវិត និងជាព្រះដែលគួរឱ្យគោរពប្រតិបត្តិនិងថ្វាយបង្គំ។ សាតាំងខំប្រឹងយ៉ាងខ្លាំង ដើម្បីទាញមនុស្សលោកចេញពីការស្មោះស្ម័គ្រចំពោះព្រះ ហើយឱ្យងាកបែរចេញពីការស្តាប់បង្គាប់ដល់ច្បាប់របស់ទ្រង់ ដូច្នេះហើយបានជាវាតម្រង់ការខំប្រឹងប្រែងរបស់វា ជាពិសេស ប្រឆាំងទៅនឹងក្រឹត្យវិន័យ ដែលចង្អុលទៅកាន់ព្រះថាទ្រង់ជាព្រះដែលបង្កើតលោកនោះ។

ឥឡូវនេះពួកប្រូតេស្តង់ជម្រុញឱ្យគ្រីស្ទានគោរពថ្ងៃអាទិត្យ ថ្ងៃដែលព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ជាថ្ងៃសប្បាតហ៍។ ប៉ុន្តែមិនមានភស្តុតាងណានៅក្នុងព្រះគម្ពីរគាំទ្រគំនិតនេះទេ។ ព្រះគ្រីស្ទឬក៏ពួកសាវកមិនបានផ្តល់កិត្តិយសបែបនោះដល់ថ្ងៃនោះឡើយ។ ការគោរពថ្ងៃអាទិត្យ ជាថ្ងៃ​ពិសេស (ដែលព្រះបានរៀបចំ) របស់គ្រីស្ទានមានប្រភពដើម នៅក្នុង​ពាក្យ​ថា «ជាអាថ៌កំបាំងនៃការទទឹងច្បាប់» ដែលបានចាប់ផ្តើមតាំងពីជំនាន់លោកប៉ុលមកម៉្លេះ។ តើព្រះបានទទួលយកសម្តេចប៉ាបជាកូននៅត្រង់ណា ហើយចាប់ពីពេលណាមក? តើមានហេតុផលច្បាស់លាស់អ្វីដែលបានគាំទ្រការផ្លាស់ប្តូរនេះ នៅពេលដែលព្រះគម្ពីរមិនបានចែងសោះនោះដែរឬទេ?

នៅក្នុងសតវត្សរ៍ទី ៦ អំណាចរបស់សម្តេចប៉ាបត្រូវបានគេបង្កើតឡើងយ៉ាងរឹងមាំ។ គេបានដាក់បល្ល័ង្កនៃអំណាចរបស់សម្តេចប៉ាប នៅក្នុង​ទីក្រុងនៃព្រះចៅអធិរាជ ហើយគេបានប្រកាស ថាសម្តេច​សង្ឃនៃពួកជំនុំរ៉ូមគឺជាមេគ្រប់គ្រងលើពួកជំនុំទាំងមូល។ ពួកអ្នកមិនជឿព្រះបានផ្តល់កន្លែងឱ្យសម្តេចប៉ាប។ នាគបានផ្តល់ «ប្ញទ្ធិនិងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រម​ទាំងអំណាចយ៉ាងធំដែរ»​ វិវរណៈ ១៣:២។ ហើយឥឡូវនេះរយៈពេល ១២៦០ឆ្នាំ នៃការសង្កត់សង្កិនពីអំណាចរបស់សម្តេចប៉ាប ដែលបានទាយទុកនៅក្នុងបទទំនាយនៃលោកដានីយ៉ែល និងលោកយ៉ូហាន បានចាប់​ផ្តើមហើយ (ដានីយ៉ែល៧:២៥, វិវរណៈ ១៣:៥-៧)។ គេបានបង្ខំពួកគ្រីស្ទានឱ្យជ្រើសរើសចុះចូលនិងទទួលយកពិធីបុណ្យសាសនា និងការថ្វាយ​បង្គំ​របស់សម្តេចប៉ាប ឬសុខចិត្តជាប់គុកងងឹតដ៏ជ្រៅ ឬរហូតដល់ស្លាប់ដោ​យ​យកទៅដុតទាំងរស់ ដោយកាត់ក និងដោយពូថៅរបស់អ្នកពេជ្ឈឃាត។ ឥឡួវនេះ ព្រះបន្ទូលរបស់ ព្រះយេស៊ូវបានសម្រេចហើយ «ប៉ុន្តែ ទោះទាំង​ឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្តសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនិងសម្លាប់អ្នករាល់គ្នាខ្លះដែរ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»លូកា ២១:១៦-១៧។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​ ១១៩:៨៩-១០៤

ខចងចាំ៖​​ គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត។ ធីម៉ូថេទី២ ៣:១៦

Powered by CAM