ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ ឥឡូវនេះ សូមព្រះនៃសេចក្តីអត់ធ្មត់ និងសេចក្តីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ១៥:៤-៦
អំណានប្រចាំថ្ងៃ ស្មោះត្រង់រហូតដល់ស្លាប់
រីឯនៅប្រទេសអង់គ្លេសវិញ ឡាទីមើ (Latimer) បានបង្រៀនពីអាសនាថា យើងគ្រប់គ្នាត្រូវតែអានព្រះគម្ពីរ ដែលសរសេរជាភាសារបស់យើងផ្ទាល់។ គាត់បាននិយាយថា អ្នកនិពន្ធព្រះគម្ពីរបរិសុទ្ធ «គឺជាព្រះអង្គផ្ទាល់» ហើយព្រះបន្ទូលនេះពោរពេញទៅដោយព្រះចេស្តារបស់ទ្រង់។ «ទោះជាស្តេចអធិរាជ ជាអ្នកកាន់អំណាច ឬជាអ្នកដឹកនាំក៏ដោយ ក៏ត្រូវតែគោរពដល់ព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះដែរ»។ «ចូរកុំឱ្យយើងដើរក្នុងផ្លូវខុស តែចូរឱ្យព្រះជាម្ចាស់ ជាអ្នកដឹកនាំផ្លូវរបស់យើងវិញ។ ចូរកុំឱ្យយើងដើរលើផ្លូវដែលបុព្វបុរសរបស់យើងបានដើរ ហើយក៏កំុឱ្យប្រតិបត្តិនូវអ្វីដែលពួកគេបានប្រតិបត្តិដែរ តែចូរឱ្យយើងប្រតិបត្តិនូវអ្វីដែលពួកគេគួរប្រព្រឹត្តវិញ»។
បានណេស (Barnes) ហើយនិង ហ៊្វ្រីត (Frith) ដែលជាមិត្តដ៏ស្មោះត្រង់របស់ធីនដេល ក៏បានងើបឡើង ដើម្បីការពារសេចក្តីពិតដែរ។ ហើយក្រោយមក រីតលីយ (Ridleys) ហើយនិងក្រេនមើ (Granmer) ក៏បានចូលរួមជាមួយដែរ។ អ្នកដឹកនាំបដិវត្តន៍នៅប្រទេសអង់គ្លេសទាំងនេះ សុទ្ធតែជាអ្នកដែលមានការចេះដឹង ហើយក៏ជាអ្នកដែលនៅក្នុងចំណោមសម្ព័ន្ធរ៉ូមដែរ។ ប៉ុន្តែ ការប្រឆាំងរបស់ពួកគេ ទាស់នឹងលទ្ធិប៉ាប គឺជាលទ្ធផលនៃការយល់ដឹងពីការខុសឆ្គងទាំងឡាយរបស់ពួកជំនុំរ៉ូមំាុងកាតូលិក។ ការស្គាល់ច្បាស់ពីអាថ៌កំបាំងរបស់ក្រុងបាប៊ីឡូន(លទ្ធិប៉ាប)បានផ្តល់នូវអំណាចដ៏ខ្លាំងក្លាដល់ពួកគេដើម្បីប្រឆាំងទាស់នឹងលទ្ធិនេះវិញ។
គោលជំនឿដ៏ធំដែលលោកធីនដេល ហ៊្វ្រីត ឡាទីមើ និងរីតឡេយ បានថែរក្សា គឺជាអំណាចដែលបានមកពីព្រះជាម្ចាស់ ហើយនិងអំណាចនៃព្រះគម្ពីរបរិសុទ្ធរបស់ព្រះតែប៉ុណ្ណោះ។ អំណាចនោះបានបដិសេធអំណាចរបស់លទ្ធិប៉ាប ស្តេច អង្គសន្និបាត និងអ្នកដឹកនាំទាំងឡាយ ហើយបានធ្វើឱ្យពួកគេភ្ញាក់រឭកតាមមនសិការរបស់ខ្លួនលើជំនឿសាសនា។ ពួកគេបានប្រកាសថា គ្រប់ទាំងគោលលទ្ធិទាំងប៉ុន្មាន ព្រះគម្ពីរគឺជាស្តង់ដាតែមួយគត់របស់ពួកគេ ហើយសេចក្តីជំនឿរបស់ពួកគេទៅលើព្រះជាម្ចាស់បានការពារពួកគេ ក្នុងកាលដែលពួកគេត្រូវប្រឈមនឹងសេចក្តីស្លាប់។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ៣:១៩-៣០
ខចងចាំ៖ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣