ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ។ អេសាយ ៩:២
អំណានប្រចាំថ្ងៃ
ការកែទម្រង់នេះមិនបានបញ្ចប់ត្រឹមលោកលូធើរ ដូចដែលមនុស្សភាគច្រើនបានគិតស្មាននោះទេ ប៉ុន្តែ ការនេះនឹងត្រូវបន្តរហូតដល់ចុងបំផុតនៃពិភពលោក។ លោកលូធើរបានបំពេញកិច្ចការមួយ ក្នុងការសម្តែងឱ្យមនុស្សជាច្រើនបានឃើញពន្លឺរបស់ព្រះ ដែលបានចែងចាំងមកលើគាត់ ប៉ុន្តែ ទោះបីយ៉ាងណាក្តី ក៏លូធើរមិនបានទទួលពន្លឺដែលបានចែងចាំងមកលើពិភពលោកនេះទាំងស្រុងដែរ។ ចាប់តាំងពីពេលនោះមក ពន្លឺថ្មីៗបានបន្តបំភ្លឺទៅលើព្រះគម្ពីរ ហើយសេចក្តីពិតថ្មីៗជាច្រើនត្រូវបានគេរកឃើញជាបន្តបន្ទាប់។
លូធើរ រូមជាមួយសហការីជាច្រើនបានបំពេញភារកិច្ចដំបូងយ៉ាងប្រពៃ សម្រាប់ព្រះជាម្ចាស់ ប៉ុន្តែ ដោយសារតែពួកគេមានដើមកំណើតពីពួកជំនុំរ៉ូម ពួកគេនៅមានគោលលទ្ធិមួយចំនួនដែលមានឥទ្ធិពលពីលទ្ធិសាសនារ៉ូម។ ពួកគេមិនត្រូវបានរំពឹងឱ្យកែប្រែនូវកំហុសឆ្គងទាំងនោះទេ។ តួនាទី សំខាន់របស់ពួកគេ គឺការធ្វើឱ្យព្រះគម្ពីរបានដល់ដៃរបស់មនុស្សគ្រប់ជាតិសាសន៍តែប៉ុណ្ណោះ។ ទន្ទឹមគ្នានោះ មានសេចក្តីពិតជាច្រើនដែលពួកគេពុំទាន់បានស្វែងយល់ ហើយពួកគេក៏ពុំទាន់បានលះបង់ការប្រព្រឹត្តិតាមការយល់ខុសនោះដែរ។ ពួកគេភាគច្រើននៅតែបន្តការថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ ហើយក៏ប្រារព្វពិធីរបស់លទ្ធិប៉ាបដដែល។ ពួកគេពុំបានចាត់ទុកថ្ងៃឈប់សម្រាក គឺជាថ្ងៃដ៏បរិសុទ្ធរបស់ព្រះទេ ផ្ទុយទៅវិញ ពួកគេបានរាប់ថ្ងៃនោះថាគ្រាន់តែជាថ្ងៃសម្រាប់ថ្វាយបង្គំព្រះតែប៉ុណ្ណោះ។ មានអ្នកខ្លះ ក្នុងចំណោមពួកគេ បានប្រកាន់យកថ្ងៃសប្បាតហ៍ដែលបានចែងនៅក្នុងក្រឹត្យវិន័យទីបួន។ ក្នុងចំណោមអ្នកកែទម្រង់ទាំងអស់ យើងគួរតែផ្តល់សេចក្តីគោរពដល់អស់អ្នកដែលមានជំហរយ៉ាងរឹងមាំ ដែលបានប្រកាន់យកសេចក្តីពិតមួយ ដែលអ្នកកែទម្រង់ដូចគ្នាបានបដិសេធនោះ គឺជាការទទួលយកនិងគោរពក្រឹត្យវិន័យទីបួន ដែលជាការរក្សាថ្ងៃឈប់សម្រាក (ថ្ងៃសប្បាតហ៍)។ នៅពេលដែលការបដិវត្តន៍បានគ្របដណ្តប់លើទីងងឹតនៃអាណាចក្រគ្រីស្ទានទាំងមូល នោះ ព្រះជាម្ចាស់បានបំភ្លឺដល់អ្នកដែលថែរក្សាថ្ងៃបរិសុទ្ធនៅគ្រប់ទិសទី។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ៤:១-១៨
ខចងចាំ៖ ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ។ វិវរណៈ ១៤:៦-៧