ថ្ងៃចន្ទ​​ ទី២២​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តែ​ទ្រង់​ឆ្លើយ​តប​ថា ពួក​អ្នក​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ជនជាតិ​នេះ គេ​គោរព​ប្រតិបត្តិ​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ ដែល​គេ​ថ្វាយ​បង្គំ​អញ ដោយ​បង្រៀន​សេចក្តី​បញ្ញត្ត​ជា​របស់​មនុស្ស នោះ​ជា​ឥត​ប្រយោជន៍​ទេ»។ ម៉ាកុស ៧:៦-៧

អំណានប្រចាំថ្ងៃ ការលូតលាស់គួរជាទីពេញចិត្ត

អស់អ្នកដែលបានទទួលព្រះពរតាមរយៈការធ្វើការកែទម្រង់នោះ មិនបានបន្តតាមមាគ៌ា ដែលមានឆន្ទៈមោះមុតដូចលោកលូធើរទេ។ មានអ្នក​ដែលមានជំនឿខ្លាំងមួយចំនួន បានលេចឡើងជាបន្តបន្ទាប់ ប្រកាសពី​សេចក្តី​ពិតថ្មីៗ និងបើកបង្ហាញពីកំហុសទាំងឡាយដែលពួកគេស្រឡាញ់ ប៉ុន្តែមនុស្សភាគច្រើនគ្រាន់តែជឿលើអ្វីដែលដូនតារបស់គេបានជឿតែប៉ុណ្ណោះ ហើយបានបន្តរស់នៅតាមការដែលធ្លាប់រស់នៅកន្លងមកដដែលដូចជាពួកយូដា​នាសម័យ​ព្រះយេស៊ូវ ហើយនិងពួកប៉ាប នាសម័យរបស់លូធើរជាដើម។ ដូច្នេះ សាសនា​នៅជំនាន់នោះ ក៏បានក្លាយទៅជា ទង្វើសើរៗមិនមានឥទ្ធិពលទៅលើចិត្ត គំនិត និងជីវិតរបស់មនុស្សឡើយ ហើយក៏មានការយល់ខុស និងការប្រតិបត្តិ​ខុសជាច្រើន បានកើតឡើងនៅក្នុងព្រះវិហារ ដែលផ្ទុយស្រឡះពីព្រះបន្ទូលរបស់ព្រះ។ ដូច្នេះ វិញ្ញាណនៃការកែទម្រង់ក៏បានសាបសូន្យទៅបន្តិចម្តងៗ រហូតជិតដល់ការកែទម្រង់មួយទៀត ក្នុងចំណោមក្រុមប៉្រូតេស្តង់ ដូចជា សម័យលោកលូធើរបានធ្វើនៅក្នុងព្រះវិហាររ៉ូមដែរ។ គឺមានបញ្ហាខាងផ្នែកព្រលឹងវិញ្ញាណដូចគ្នា មានការគោរពគំនិតរបស់មនុស្សដែលធ្លាប់មាន​ពីមុន​មកដូចគ្នា ហើយនិងនៅតែមានការយកទ្រឹស្តីរបស់មនុស្សមកជំនួសឱ្យព្រះបន្ទូល និងការបង្រៀនរបស់ព្រះ។ នាមរបស់សាសនាពោរពេញ​ទៅដោយ​សេចក្តី​អំនួត និងសេចក្តីវង្វេង ហើយពួកជំនុំមានពោរពេញទៅដោយអំពើពុករលួយ ដោយសារតែមនុស្សនៅក្នុងពួកជំនុំនោះបណ្តោយ​ខ្លួន ទៅតាម​លោកិយ។ ការទាំងនេះបានធ្វើឱ្យគោលការដែលលោកលូធើរ ហើយនិងសហការីបានធ្វើទាំងប៉ុន្មានត្រូវក្លាយជាគ្មានតម្លៃ។

នៅពេលដែលសាតាំងបានឃើញថា ការប្រើការបៀតបៀនដើម្បីបំផ្លាញសេចក្តីពិតបានបរាជ័យ នោះវាក៏បានរៀបចំវិធីដើម ដែលជាការសម្រុះសម្រួលព្រះបន្ទូលរបស់ព្រះជាមួយនឹងការប្រតិបត្តិរបស់មនុស្ស ហើយលទ្ធិរបស់ពួកជំនុំរ៉ូមក៏បានត្រឡប់មកវិញ។ ទោះបីជាវាមិនបានធ្វើឱ្យគ្រីស្ទានបណ្តោយខ្លួនទៅតាមការប្រព្រឹត្តិរបស់សាសនាដទៃក៏ដោយ តែវាបានធ្វើឱ្យគ្រីស្ទានបណ្តោយខ្លួនសម្របសម្រួលជាមួយនឹងគ្រីស្ទានដូចគ្នា ដែលថ្វាយបង្គំដល់ព្រះរបស់​លោកិយ ជាការដែលព្រះបានហាម។

សាតាំងមិនអាចលាក់ព្រះគម្ពីរនឹងមនុស្សបានទៀតទេ ព្រោះពេលនេះ មនុស្សគ្រប់គ្នាបានទទួលព្រះគម្ពីរ រួចទៅហើយ ប៉ុន្តែវាបានបណ្តាលមនុស្សរាប់ពាន់នាក់ ឱ្យជឿទៅលើការបកស្រាយ ដែលខុសទាំងស្រុង ដោយមិនបានសិក្សាស្វែងយល់ពីសេចក្តីពិតពីព្រះគម្ពីរដោយខ្លួនឯងឡើយ។ វាបានបំផ្លាញការបង្រៀន ហើយនិងទំនៀមទម្លាប់របស់ព្រះគម្ពីរ ហើយបានធ្វើឱ្យការបំផ្លើសទាំងនោះ ចាក់ឫសយ៉ាងជ្រៅនៅក្នុងព្រះវិហារ។ រីឯពួកជំនុំក៏បានតម្កើងឡើង ហើយ​ការពារទំនៀមទម្លាប់ខុសទាំងនោះ ដោយមិនបានធ្វើការស្វែងយល់ឱ្យបានច្បាស់ពីសេចក្តីជំនឿ ដែលព្រះបានសម្តែងដល់សាវករបស់ទ្រង់ឡើយ។ ក្នុងខណៈដែលពួកគេបានប្រតិបត្តិតាមទំនៀមទម្លាប់ខុសដោយមិនដឹងខ្លួន នោះព្រះវិហារព្រមទាំងលោកិយកំពុងបានធ្វើដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ចុងក្រោយនៃប្រវត្តិសាស្ត្រពិភពលោក ដែលជាការយាងមកនៃព្រះរាជបុត្រារបស់ព្រះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក​ ៤:១៩-៣៦

ខចងចាំ៖​​ ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរីល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។ វិវរណៈ​ ១៤:៦-៧

Powered by CAM