ថ្ងៃអង្គារ​​ ទី២៣​​ ខែសីហា ឆ្នាំ២០២២
​​​

រឿងនៃការប្រោសលោះ (ជំពូកទី-៥០)​

សាររបស់ទេវតាទីមួយ


អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរីល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។ វិវរណៈ ១៤:៦-៧

អំណានប្រចាំថ្ងៃ

បទទំនាយនៃសាររបស់ទេវតាទីមួយ នៅក្នុងគម្ពីរវិវរណៈជំពូក ១៤ បានបង្ហាញការសម្រេច (បទទំនាយនេះ) នៅក្នុងចលនាអាត់វ៉ិន នៅឆ្នាំ ១៨៤០-១៨៤៤។ ទាំងនៅក្នុងប្រទេសអឺរ៉ុប និងអាមេរិក ពួកមនុស្សដែលមានជំនឿរឹងមាំនិងជាអ្នកព្យាយាមអធិដ្ឋានមានការរំជួលចិត្តជាខ្លាំងខណៈដែលព្រះបានត្រាស់ហៅពួកគេឱ្យចាប់អារម្មណ៍ ទៅនឹងបទទំនាយ​និង​សិក្សា​ព្រះបន្ទូលរបស់ព្រះ ពួកគេបានឃើញភស្តុតាងដែលគួរឱ្យទុកចិត្តបានថា ទីបញ្ចប់នៃពិភពលោកនេះបានមកដល់ហើយ។ ព្រះវិញ្ញាណរបស់ព្រះបានជម្រុញពួកអ្នកបំរើរបស់ទ្រង់ឱ្យផ្តល់នូវការព្រមានពីដំណើរនេះឱ្យផ្សព្វផ្សាយសារនៃដំណឹងល្អដ៏នៅអស់កល្បនេះឱ្យបានឆ្ងាយនិងទូលំទូលាយ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេល​ដែល​ទ្រង់ត្រូវជំនុំជម្រះ នោះបានមកដល់ហើយ» វិវរណៈ ១៤:៧។

នៅទីណាដែលបេសកជន (អ្នកផ្សព្វផ្សាយដំណឹងល្អ) ចូលដល់ទីនោះត្រូវតែឮពីសេចក្តីស្រឡាញ់នៃការយាងមកជាឆាប់របស់ព្រះគ្រីស្ទ។ ក្រុមផ្សេងៗដែលនៅកន្លែងខុសៗគ្នា បានសិក្សាព្រះគម្ពីរ ហើយបានរក​ឃើញសេចក្តីពិតថា ការយាងមករបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ ជិត​មក​ដល់ហើយ។ នៅក្នុងផ្នែកខ្លះនៃទ្វីបអឺរ៉ុប ជាកន្លែងដែលច្បាប់បាន​ហាម​ប្រាម​ដល់ការអធិប្បាយ (ផ្សព្វផ្សាយ) ពីគោលលទ្ធិនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ គេបានជំរុញឱ្យកុមារធ្វើការប្រកាសដំណឹងល្អនោះ ហើយមានមនុស្សជាច្រើនបានស្តាប់ការព្រមាននេះ ដោយយកចិត្តទុកដាក់។ ព្រះបានត្រាស់ហៅលោក វី លៀម មីលើរ (William Miller) ហើយ​និង​សហការីរបស់គាត់ឱ្យ ទទួលខុសត្រូវផ្សព្វផ្សាយសារនោះ នៅក្នុងប្រទេស​អាមេរិក ហើយ​ពន្លឺត្រូវបានអុជបំភ្លឺ ដោយសារការងាររបស់ពួកគេបានបំភ្លឺដល់ទីកន្លែងដ៏ឆ្ងាយជាច្រើន។ ព្រះទ្រង់បានចាត់ទេវតារបស់ទ្រង់ ឱ្យផ្លាស់ប្តូរចិត្តកសិករម្នាក់ដែលមិនបានជឿទៅលើព្រះគម្ពីរឱ្យសិក្សាពីបទទំនាយ។ ទេវតារបស់ព្រះបានទៅជួបកសិករដែលព្រះបានជ្រើសរើសនោះយ៉ាងរហ័ស ដើម្បីដឹកនាំគំនិតរបស់គាត់ និងបើកបង្ហាញឱ្យគាត់យល់​ពីបទ​ទំនាយ ដែលរាស្ត្ររបស់្រទង់មិនធ្លាប់បានដឹង។ ការចាប់ផ្តើមនៃសេចក្តី​ពិតជា​បន្ត​បន្ទាប់ត្រូវបានប្រទាន មកដល់គាត់ ហើយទេវតាបានដឹកនាំគាត់ឱ្យស្រាវជ្រាវ​ពីសេចក្តីពិតមួយទៅសេចក្តីពិតមួយទៀត រហូតទាល់តែគាត់បានសម្លឹងមើលទៅព្រះបន្ទូលរបស់ព្រះ ដោយការអស្ចារ្យ និងការកោតសរសើរ។ នៅទីនោះគាត់បានឃើញបណ្តាញនៃសេចក្តីពិតដ៏ល្អឥតខ្ចោះ។ ព្រះបន្ទូល​ដែល​ពីមុនគាត់ធ្លាប់បានចាត់ទុកជាពាក្យធម្មតា (ដែលព្រះមិនបានបណ្តាល) ឥឡូវនេះបានបើកសំដែងឱ្យគាត់ឃើញច្បាស់ពីសោភណភាព និងសិរីល្អ​របស់ព្រះគម្ពីរនោះ។ គាត់បានឃើញដោយយល់ថា ចំណែកមួយនៃ​ព្រះ​គម្ពីរ ពន្យល់ន័យពីផ្នែកមួយទៀត ហើយនៅពេលដែលគាត់មិនយល់វគ្គណាមួយ គាត់បានរកឃើញថាផ្នែកផ្សេងមួយទៀតនៃព្រះបន្ទូលបានពន្យល់ពីវគ្គដែលគាត់មិនយល់នោះ។ គាត់បានគោរព​ព្រះបន្ទូលដ៏ពិសិដ្ឋរបស់ព្រះដោយក្តីអំណរជាមួយនឹងការគោរពនិងការកោតស្ញប់ស្ញែងដ៏ជ្រាលជ្រៅបំផុត។

អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក​ ៥:១-១២

ខចងចាំ៖​​ ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរីល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។ វិវរណៈ​ ១៤:៦-៧

Powered by CAM