ថ្ងៃពុធ​​ ទី២៤​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ក៏​ឲ្យ​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ ឯ​សេចក្តី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង។ ៨ រួច​ខ្ញុំ​ឮ​សូរសៀង​របស់​ព្រះអម្ចាស់ មាន​ព្រះបន្ទូល​មក​ថា តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ។ អេសាយ ៦:៧-៨

អំណានប្រចាំថ្ងៃ ការផ្សព្វផ្សាយព្រះរាជសាររបស់ព្រះ

ខណៈដែលគាត់បានពិនិត្យតាមដានបទទំនាយទាំងនោះ គាត់បាន​ឃើញថា មនុស្សនៅលើផែនដីនេះកំពុងតែរស់នៅក្នុងគ្រាចុងបញ្ចប់នៃប្រវត្តិសាស្ត្ររបស់ពិភពលោកហើយ ប៉ុន្តែពួកគេមិនបានដឹងពីរឿងនេះឡើយ។ គាត់បានសម្លឹងមើលទៅឯពួកជំនុំ ហើយបានឃើញថាពួកគេសុទ្ធ​តែពុក​រលួយ ពួកគេបានដកយកសេចក្តីស្រឡាញ់របស់ពួកគេចេញពីព្រះយេស៊ូវ ហើយបានដាក់ក្តីស្រឡាញ់នោះនៅលើលោកិយវិញ ពួកគេកំពុងតែស្វែងរក​​កិត្តិយសខាងលោកិយ ជំនួសឱ្យកិត្តិយសដែលមកពីលើស្ថានសួគ៌ ដោយស្រវាចាប់យកនូវទ្រព្យសម្បត្តិលោកិយ ជំនួសឱ្យការរក្សាទ្រព្យសម្បត្តិទុកនៅឯនគរស្ថានសួគ៌វិញ។ គាត់បានមើលឃើញនូវការកំពុត សេចក្តីងងឹត ហើយនិងសេចក្តីស្លាប់នៅគ្រប់ទីកន្លែង។ វិញ្ញាណរបស់គាត់បានច្របូកច្របល់ក្នុងចិត្តរបស់គាត់។ ព្រះទ្រង់បានត្រាស់ហៅគាត់ឱ្យចាកចេញពីចំការ​របស់គាត់ ដូចជាទ្រង់បានត្រាស់ហៅលោកអេលីសេ ឱ្យចាកចេញពីគោ និងពីស្រែរបស់គាត់ដែលគាត់កំពុងភ្ជួរ ហើយដើរតាមលោក​អេលីយ៉ា​ដូច្នោះដែរ។ ដោយការភ័យញ័ររន្ធត់ លោក វីលៀម មីលើរ បានចាប់ផ្តើម​បើកសំដែងនូវអាថ៌កំបាំងពីអាណាចក្ររបស់ព្រះ ដល់បណ្តាជន ដោយបាននាំអ្នកស្តាប់របស់គាត់ឱ្យបានយល់ពីបទទំនាយទាំងឡាយរហូតដល់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ។ ទីបន្ទាល់នៃព្រះគម្ពីរបានចង្អុលប្រាប់ឱ្យដឹងពីការយាងមករបស់ព្រះគ្រីស្ទ នៅក្នុងឆ្នាំ ១៨៤៣ បានដាស់​ឱ្យមនុស្សចាប់អារម្មណ៍សុះសាយ។ គាត់បានដឹកនាំមនុស្ស​ជាច្រើន​ឱ្យបាន​ទទួលជឿថា ការបកស្រាយពីរយៈពេលនៃបទទំនាយ គឺពិតជាត្រឹមត្រូវ គេបានទទួលសេចក្តីពិតដោយអំណរ ហើយបោះបង់ចោលនូវគំនិតដ៏មានអំនួតរបស់គេ។ គ្រូគង្វាលខ្លះបានទុកទស្សនៈនិងអារម្មណ៍របស់ខ្លួនមួយឡែក ហើយលះបង់ប្រាក់ខែនិងព្រះវិហាររបស់គេ ហើយមករួបរួមនៅក្នុងការប្រកាសអំពីការយាងមករបស់ព្រះយេស៊ូវ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានតែគ្រូគង្វាលមួយចំនួនតូចប៉ុណ្ណោះ ដែលបានទទួលយកសារនេះ ដូច្នេះ ហើយបានជាដំណឹងនោះត្រូវបានប្រគល់ទៅឱ្យពួកស្មរបន្ទាល់ជាច្រើន។

ពួកកសិករបានចាកចេញពីស្រែចំការរបស់គេ ពួកជាងម៉ាស៊ីនបានចាកចេញពីឧបករណ៍របស់គេ ពួកឈ្មួញបានចាកចេញពីទំនិញទិញដូររបស់ខ្លួន ពួកអ្នកដែលមានវិជ្ជាជីវៈខ្ពង់ខ្ពស់បានចាកចេញពីមុខតំណែងរបស់ពួកគេ ហើយចំនួននេះក៏នៅតែតិច បើប្រៀបធៀបទៅនឹងទំហំការងារ ដែលនឹង​ត្រូវបំពេញឱ្យបានសម្រេច។ ស្ថានភាពនៃពួកជំនុំដែលគ្មានព្រះ (ប្រព្រឹត្ត​អាក្រក់) ហើយនិងពិភពលោក បានដាក់បន្ទុកយ៉ាងធ្ងន់​ដល់អ្នក​ចាំយាម​ពិតប្រាកដ ហើយពួកគេសុខចិត្តរងទ្រាំនូវការលំបាក ការខ្វះខាត ព្រមទាំងទទួលរងនូវការឈឺចាប់គ្រប់បែបយ៉ាង ដើម្បីបំបែកមនុស្សចេញពីលោកិយ ឱ្យមកឯសេចក្តីសង្គ្រោះ។ ទោះបីជាមានការប្រឆាំងពីសាតាំងយ៉ាងណាក៏ដោយ ក៏ការងារនោះបានធ្វើដំណើរឆ្ពោះទៅមុខយ៉ាងលឿនដែរ ហើយមនុស្សរាប់ពាន់នាក់បានទទួលសេចក្តី ពិតនៃការយាងមកជាលើកទីពីរ។

អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក​ ៥:១៣-៣០

ខចងចាំ៖​​ ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរីល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។ វិវរណៈ​ ១៤:៦-៧

Powered by CAM