ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្តីទទឹងច្បាប់ ហើយនិងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ។ ទីតុស ២:១៣-១៤
អំណានប្រចាំថ្ងៃ ការភ្ញាក់រឭកខាងសាសនាដ៏ធំ
គេបានឮការអធិប្បាយគ្រប់ទីកន្លែង ដែលព្រមានដល់ពួកអ្នកមានបាប ទាំងក្រុមមនុស្សដែលស្រឡាញ់លោកិយ និងពួកសមាជិកពួកជំនុំឱ្យគេចចេញពីសេចក្តីក្រោធរបស់ព្រះដែលនឹងត្រូវមកដល់។ ដូចជាលោកយ៉ូហានបាទីស្ទដែលជាអ្នករៀបចំផ្លូវថ្វាយព្រះគ្រីស្ទដែរ ពួកអ្នកអធិប្បាយ ទាំងប៉ុន្មានបានដាក់ពូថៅនៅគល់ឈើ ហើយបានជម្រុញឱ្យមនុស្សទាំងអស់បេះផលផ្លែនៃការកែប្រែចិត្ត។ ការអំពាវនាវដ៏គួរឱ្យរំភើបរបស់ពួកគេ ផ្ទុយគ្នាស្រឡះពីការសន្យានៃសេចក្តីសុខសាន្ត និងសុវត្ថិភាព ដែលគេបានឮពីអាសនារបស់ពួកសង្ឃដ៏មានប្រជាប្រិយ ហើយទីណាដែលដំណឹងនោះទៅដល់ទីនោះមនុស្សមានការរំជួលចិត្តយ៉ាងក្រៃលែង។
ទីបន្ទាល់នៃព្រះគម្ពីរដ៏សាមញ្ញនិងចំៗ បានចែកចាយទៅតាមផ្ទះ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធបាននាំមកនូវការផ្លាស់ប្តូរជំនឿដែលមនុស្សមិនអាចទប់ទល់បាន។ ពួកសាស្ត្រាចារ្យខាងសាសនាបានភ្ញាក់រឭកពីសុវត្ថិភាពក្លែងក្លាយរបស់ពួកគេ។ ពួកគេបានមើលឃេីញការងាកបែរ ចេញពីព្រះរបស់ពួកគេ ពីការស្រឡាញ់លោកិយ និងការគ្មានសេចក្តីជំនឿរបស់គេពីអំនួតនិងភាពអាត្មានិយមរបស់ពួកគេ។ ពួកគេជាច្រើនបានស្វែងរកព្រះអម្ចាស់ ដោយកែប្រែចិត្ត និងដោយបន្ទាបខ្លួន។ សេចក្តីស្រឡាញ់របស់គេដែលធ្លាប់តែដក់ជាប់ទៅនឹងរបស់ខាងលោកិយ អស់រយៈពេលយូរមកហើយនោះ ឥឡូវនេះបានបែរមកសម្លឹងមើលទៅនគរស្ថានសួគ៌ជំនួសវិញ។ ព្រះវិញ្ញាណរបស់ព្រះបានគង់នៅជាមួយពួកគេ ហើយដោយចិត្តទន់ភ្លន់ ពួកគេបានចូលរួមជាមួយនឹងសម្រែកយ៉ាងខ្លាំងថា «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ ជំនុំជម្រះនោះបានមកដល់ហើយ»។ វិវរណៈ (១៤:៧)។
ពួកអ្នកមានបាបទាំងឡាយ បានសួរសំណួរទាំងស្រែកយំថា «តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឱ្យបានសង្គ្រោះ?» អ្នកមានជីវិតរស់នៅដែលធ្លាប់តែមិនស្មោះត្រង់ អន្ទះសាចង់កែប្រែឱ្យបានល្អឡើងវិញ។ អ្នកដែលបានរកឃើញសេចក្តីសុខសាន្តនៅក្នុងព្រះគ្រីស្ទ ចង់ឃើញមនុស្សដទៃចែកចាយព្រះពរដូចពួកគេ។ ចិត្តរបស់ឪពុកម្តាយទាំងឡាយបានត្រឡប់មកឯកូនៗរបស់ពួកគេវិញ ហើយចិត្តរបស់កូនៗទាំងឡាយក៏បានត្រឡប់មកឯឪពុកម្តាយគេវិញដែរ។ របាំងនៃអំនួតនិងការភ័យខ្លាចត្រូវបានលុបបំបាត់ចេញពីពួកគេ។ គេបានធ្វើការលន់តួទោសអស់ពីចិត្ត ហើយសមាជិកគ្រួសារ ទាំងឡាយបានធ្វើការដើម្បីសេចក្តីសង្គ្រោះ ដល់អស់អ្នកដែលនៅជិតគេបំផុត និងអ្នកដែលគេស្រឡាញ់ជាទីបំផុត។
គេតែងតែបានឮសំឡេងនៃការអង្វរករសុំទោសដ៏ស្មោះអស់ពីចិត្ត។ មនុស្សបានអង្វរករដល់ព្រះទាំងទុក្ខព្រួយ នៅគ្រប់ទីកន្លែង។ មានមនុស្សជាច្រើនបានព្យាយាមអធិស្ឋានពេញមួយយប់ សុំឱ្យព្រះអត់ឱនទោសដល់អំពើបាបរបស់គេផ្ទាល់ ឬសុំឱ្យបងប្អូនឬអ្នកជិតខាងរបស់ពួកគេបានកែប្រែចិត្តទទួលជឿព្រះ។ សេចក្តីជំនឿដ៏មុតមាំ និងស្មោះត្រង់នោះ បានបង្កើនឱ្យមានពួកអ្នកជឿកាន់តែច្រើនឡើង។ ដោយរាស្ត្ររបស់ព្រះបានបន្តការអធិស្ឋានឥតឈប់ឈរ ដល់ទីសន្តោសប្រោស ដូច្នេះ ពួកគេមានបទពិសោធន៍កាន់តែច្រើន នៅពេលឥឡូវនេះ។ មានការអធិស្ឋានតិចក៏មានការអត់ទោសបាបតិចដែរ ហើយការខ្វះសេចក្តីជំនឿដ៏រស់ ធ្វើឱ្យមានភាពខ្វះខាតខាងព្រះគុណជាច្រើន ដែលព្រះដ៏ប្រោសលោះរបស់យើងទ្រង់បានប្រទានមកយ៉ាងច្រើនហូរហៀរ។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ៧:១-៨
ខចងចាំ៖ ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ។ វិវរណៈ ១៤:៦-៧