ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត្ន ដោយព្រោះអ្នករាល់គ្នាដឹងសេចក្តីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្តីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្តោយតាមសេចក្តីវង្វេងរបស់ពួកទទឹងច្បាប់នោះ ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ ពេត្រុសទី២ ៣:១៧-១៨
អំណានប្រចាំថ្ងៃ ចម្លើយពីរ
មនុស្សគ្រប់ស្រទាប់បានមកចូលរួមក្នុងការប្រជុំរបស់អ្នកអាត់វេនទីស្ទ យ៉ាងច្រើនពពាក់ពពូន។ ទាំងអ្នកមាននិងអ្នកក្រ ទាំងអ្នកមានឋានៈខ្ពង់ខ្ពស់ និងឋានៈទាប ដែលមានហេតុផលផ្សេងៗគ្នា មានចិត្តអន្ទះសាចង់ឮដោយផ្ទាល់ពីគោលលទ្ធិនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។ ព្រះអម្ចាស់បានជំរុញឱ្យមានវិញ្ញាណនៃការប្រឆាំងមកបង្អាក់ នៅពេលដែលពួកអ្នកបំរើរបស់ទ្រង់បានពន្យល់ពីហេតុផលនៃសេចក្តីជំនឿរបស់ពួកគេ។ ជួនកាល អ្នកបំរើរបស់ព្រះចុះខ្សោយ ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះបានប្រទានអំណាចដល់សេចក្តីពិតរបស់ទ្រង់។ ទេវតាដ៏បរិសុទ្ធបានសណ្ឋិតនៅក្នុងអង្គប្រជុំនោះ ហើយមានមនុស្សជាច្រើនត្រូវបានបន្ថែមក្នុងពួកអ្នកជឿ ជារៀងរាល់ថ្ងៃ។ នៅពេលដែលភស្តុតាងជាច្រើននៃការយាងមកវិញជាឆាប់របស់ព្រះគ្រីស្ទ ត្រូវគេបញ្ជាក់ម្តងហើយម្តងទៀត ហ្វូងមនុស្សដ៏កុះករបានស្តាប់ពាក្យពេចន៍ដ៏អស្ចារ្យនេះ យ៉ាងស្ងៀមស្ងាត់ស្ទើរភ្លេចដកដង្ហើម។ នគរស្ថានសួគ៌និងផែនដី ហាក់បីដូចជាខិតចូលមកកាន់តែជិតគ្នា។ អំណាចរបស់ព្រះបានសណ្ឋិតនៅជាមួយមនុស្សទាំងចាស់ទាំងក្មេង និងមនុស្សវ័យកណ្តាល។ មនុស្សបានត្រឡប់ទៅផ្ទះរបស់គេវិញ ដោយសរសើរតម្កើងព្រះមិនដាច់ពីមាត់ហើយសំឡេងដ៏ រីករាយបានបន្លឺឡើងកាត់ស្បៃរាត្រីដ៏ស្ងាត់ជ្រងំ។ អស់អ្នកដែលមិនបានចូលរួមក្នុងអង្គប្រជុំទាំងនោះ គ្មានអ្នកណាម្នាក់អាចនឹងភ្លេចនូវទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតនោះបានឡើយ។
ការប្រកាសពីពេលវេលាជាក់លាក់នៃការយាងមកវិញរបស់ព្រះគ្រីស្ទ បានបណ្តាលឱ្យមានការប្រឆាំងដ៏ធំមួយកើតឡើង ពីមនុស្សគ្រប់លំដាប់ថ្នាក់ ពីគ្រូគង្វាលដែលបំរើអាសនា ចុះទៅដល់ពួកល្ងង់ខ្លៅបំផុត និងអ្នកមានបាបដែលប្រមាថដល់ព្រះនៃនគរស្ថានសួគ៌។ «ឯថ្ងៃនិងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ» ត្រូវបានឮឡើង ចេញពីគ្រូគង្វាលកំពុត និងអ្នកចំអកមើលងាយ។ ពួកគេបានបិទត្រចៀក មិនព្រមស្តាប់ការពន្យល់បទគម្ពីរដ៏ជាក់លាក់ និងស្របគ្នាទាំងឡាយ ដែលចង្អុលបង្ហាញពីពេលចុងបញ្ចប់របស់រយៈពេលនៃបទទំនាយ និងសញ្ញាទាំងឡាយដែលព្រះគ្រីស្ទទ្រង់បានមានព្រះបន្ទូលផ្ទាល់ប្រាប់ឱ្យដឹងជាមុនទុកជានិមិត្តរូបនៃការយាងមកជាលើកទីពីររបស់ទ្រង់នោះឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ៧:១៥-២៥
ខចងចាំ៖ ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ។ វិវរណៈ ១៤:៦-៧