ថ្ងៃអាទិត្យ​​ ទី២៨​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើលឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផងសូម​ល្បង​ល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូលបង្គំ​ចុះសូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំហើយ​នាំ​ទូលបង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់កល្ប​ជានិច្ច។ ទំនុកតម្កើង ១៣៩:២៣-២៤

អំណានប្រចាំថ្ងៃ ការរៀបចំខ្លួនចំាជួបព្រះអម្ចាស់

មនុស្សជាច្រើនបានទទួលការបៀតបៀនពីពួកបងប្អូនរបស់ខ្លួន ដែលគ្មានសេចក្តីជំនឿ។ ដើម្បីរក្សានូវតំណែងរបស់ពួកគេឱ្យគង់វង្សនៅក្នុងព្រះវិហារ មនុស្សខ្លះបានសម្ងំស្ងៀម ចំពោះសេចក្តី សង្ឃឹមរបស់ពួកគេ ប៉ុន្តែ ខ្លះទៀតដឹងថាភក្តីភាពចំពោះព្រះបានជំរុញគេមិនឱ្យលាក់បាំងសេចក្តី ពិត ដែលព្រះបានប្រទានមកដល់គេនោះឡើយ។ មនុស្សមិនតិចទេដែលត្រូវបានគេកាត់ផ្តាច់ចេញពីសមាជិកពួកជំនុំ ដោយសារតែការជឿទៅលើការយាងមកវិញរបស់ព្រះគ្រីស្ទតែមួយគត់។ ពិតជាមានតម្លៃណាស់អស់អ្នកដែលបានទ្រាំទ្រនូវការសាកល្បងសេចក្តីជំនឿរបស់ពួកគេ ដូច​ហោរា​បានចែងមកថា «ពួកបងប្អូនរបស់ឯងរាល់គ្នាដែលស្អប់ឯង ជាពួកអ្នក​ដែល​កាត់ឯងរាល់គ្នាចេញ ដោយព្រោះឈ្មោះអញ គេបានពោលថា ចូរឱ្យឯងរាល់គ្នាតម្កើងព្រះយេហូវ៉ាឡើង ដើម្បីឱ្យយើងបានឃើញសេចក្តីអំណររបស់​ឯងផង ប៉ុន្តែគឺគេដែលនឹងត្រូវអៀនខ្មាសវិញ» អេសាយ ៦៦:៥។

ទេវតារបស់ព្រះកំពុងទតមើលយ៉ាងយកចិត្តទុកដាក់នូវលទ្ធផលនៃការព្រមាននេះ។ នៅពេលដែលពួកជំនុំជារាងកាយរបស់ព្រះគ្រីស្ទបានច្រានចោលនូវសារនោះ ពួកទេវតាបានយាងចេញពីពួកគេទាំងក្រៀមក្រំ។ ប៉ុន្តែ នៅក្នុងពួកជំនុំមានមនុស្សជាច្រើន មិនទាន់បានសាកល្បងជាមួយនឹងសេចក្តីពិតនៃការយាងមកជាលើកទីពីរនោះនៅឡើយ។ មនុស្សជាច្រើននាក់ត្រូវបានបោកបញ្ឆោតដោយប្តី ប្រពន្ធ ឪពុកម្តាយ ឬកូនៗឱ្យជឿថាសូម្បីតែស្តាប់សារដែលបង្រៀនដោយពួកអ្នកជឿទៅលើការយាងមកជាលើកទីពីរនោះក៏ជាអំពើបាបដែរ។ ពួកទេវតាទាំងឡាយបានលាក់ខ្លួន ឃ្លាំចាំមើល​ពួកមនុស្សទាំងនេះ យ៉ាងយកចិត្តទុកដាក់ ដ្បិតពន្លឺមួយទៀតមិនទាន់បានធ្លាក់មកបំភ្លឺដល់ពួកគេ ពីបល្ល័ង្ករបស់ព្រះនៅឡើយ។

ការរៀបចំជួបព្រះអម្ចាស់

អ្នកណាដែលបានទទួលសារនេះបានរង់ចាំការយាងមករបស់ព្រះអង្គសង្គ្រោះរបស់ពួកគេយ៉ាងអន្ទះសារកថ្លែងមិនបាន។ ពេលវេលាដែលពួកគេបានរង់ចាំជួបនឹងទ្រង់បានមកដល់ហើយ។ ពួកគេបានចូលមក​ដល់ពេល​វេលានេះ ដោយស្ងៀមស្ងាត់យ៉ាងឱឡារិក។ ពួកគេបានសម្រាកនៅក្នុងទំនាក់ទំនងយ៉ាងផ្អែមល្ហែមជាមួយនឹងព្រះ សេចក្តីសុខសាន្តដ៏ពិតប្រាកដដែលនឹងក្លាយទៅជារបស់គេនៅក្នុងពេលអនាគតខាងមុខដ៏ភ្លឺចាំង។ គ្មាននរណាម្នាក់​ដែលបានឆ្លងកាត់សេចក្តីសង្ឃឹមនិងការទុកចិត្តនេះ អាចនឹងបំភ្លេចគ្រាដ៏មានតម្លៃបំផុតនៃការរង់ចាំនោះបានឡើយ។ គេបានទុកចោលមុខជំនួញខាងលោកិយដ៏សំខាន់អស់រយៈពេលពីរបីសប្តាហ៍ ពួកអ្នក​ជឿ​ទាំងឡាយបានពិនិត្យចិត្ត និងអារម្មណ៍របស់ពួកគេយ៉ាងយកចិត្តទុកដាក់ ហាក់បីដូចជានៅលើគ្រែនៃសេចក្តីស្លាប់ ហើយគេបានបិទភ្នែក ក្នុង​រយៈពេលពីរបីម៉ោង សម្លឹងមើលទៅទស្សនីយភាពនៃលោកិយ។ ពួកគេ​ដឹងជាក់ថា ពួកគេត្រូវរៀបចំខ្លួនដើម្បីជួបនឹងព្រះអង្គសង្គ្រោះ សំលៀក​បំពាក់សរបស់ពួកគេ គឺជាភាពបរិសុទ្ធនៃព្រលឹង ជាអត្តចរិត​ដែលបាន​លាង​សំអាតពីអំពើបាប ដោយព្រះលោហិតដែលធួននឹងបាបរបស់ព្រះគ្រីស្ទ។

អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក​ ៨:១-១៤

ខចងចាំ៖​​ ទំាង​រង់ចាំ​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរីល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង។ ទីតុស ២:១៣

Powered by CAM