ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទំនុកតម្កើង ១១៩:១៣០
អំណានប្រចាំថ្ងៃ
ពួកជំនុំដែលមិនបានទទួលយកសាររបស់ទេវតាទីមួយបានបោះបង់ចោលនូវពន្លឺពីស្ថានសួគ៌។ ព្រះបានបញ្ជូនសារនោះដោយសេចក្តីមេត្តាករុណា ដើម្បីដាស់ពួកគេឱ្យឃើញស្ថានភាពពិតនៃលោកិយ និងការត្រឡប់ទៅប្រព្រឹត្តអំពើទុច្ចរិតឡើងវិញរបស់ពួកគេ ហើយឱ្យគេរៀបចំខ្លួន ដើម្បីជួបនឹងព្រះអម្ចាស់របស់គេ។
ព្រះបានបញ្ជូនសារនៃទេវតាទីមួយដល់រាស្ត្ររបស់ទ្រង់ ដើម្បីញែកពួកជំនុំរបស់ព្រះគ្រីស្ទ ចេញពីឥទ្ធិពលពុករលួយនៃពិភពលោក។ ប៉ុន្តែ ជាមួយនឹងហ្វូងមនុស្សដ៏ច្រើន សូម្បីតែគ្រីស្ទានដែលត្រូវបានប្រកាសថាស្រឡាញ់ព្រះគ្រីស្ទក៏ដោយ ចំណងដែលបានចងពួកគេភ្ជាប់ទៅនឹងលោកិយ ខ្លាំងជាងការទាក់ទាញចិត្តឱ្យគិតដល់ស្ថានសួគ៌ទៅទៀត។ ពួកគេបានជ្រើសរើសស្តាប់សំឡេងនៃប្រាជ្ញារបស់លោកិយហើយបានងាកបែរចេញពីការស្វែងរកសារនៃសេចក្តីពិតឱ្យអស់ពីចិត្ត។
ព្រះប្រទានពន្លឺមក ដើម្បីឱ្យរាស្ត្ររបស់ទ្រង់ស្រឡាញ់និងស្តាប់បង្គាប់ មិនមែនឱ្យគេស្អប់និងច្រានចោលនោះឡើយ។ ពន្លឺដែលទ្រង់ប្រទានមកបានក្លាយជាងងឹត ចំពោះអ្នកដែលមិនគោរពដល់ពន្លឺនោះ។ នៅពេលដែលព្រះវិញ្ញាណរបស់ព្រះលែងគង់នៅក្នុងចិត្តរបស់មនុស្ស ការឮទាំងអស់នឹងគ្មានប្រយោជន៍ឡើយហើយគ្រប់ទាំងការអធិប្បាយក៏ឥតប្រយោជន៍ដែរ។
នៅពេលដែលពួកជុំនំបានច្រានចោលនូវការទូន្មានរបស់ព្រះ ដោយបោះបង់ចោលសារនៃការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ទ្រង់ក៏បោះបង់ចោលពួកគេដូចគ្នាដែរ។ សាររបស់ទេវតា ទីពីរត្រូវបានប្រកាស បន្ទាប់ពីសារនៃទេវតាទីមួយ ដែលមានសេចក្តីថា «ក្រុងបាប៊ីឡូនដ៏ធំបានរលំហើយ បានរលំហើយ ដ្បិតវាបានឱ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្តីឃោរឃៅរបស់ការកំផិតខ្លួន» វិវរណៈ ១៤:៨។ ពួកអ្នកជឿលើការយាងមកលើកទីពីរយល់ថាសារនេះគឺជាសេចក្តីប្រកាសពីការធ្លាក់ចុះខាងផ្នែកសីលធម៌របស់ពួកជំនុំ ដែលជាលទ្ធផលនៃការបោះបង់ចោលសារទីមួយរបស់ពួកគេ។ ការប្រកាសថា «ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហេីយ» ត្រូវបានប្រទានមកនៅរដូវក្តៅ នៃឆ្នាំ ១៨៤៤ ហើយជាលទ្ធផលមានមនុស្សប្រហែលជា ៥០ ០០០ នាក់ បានដកខ្លួនចេញពីព្រះវិហារ (បាប៊ីឡូន) នេះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ៩:១-១៩
ខចងចាំ៖ ទំាងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង។ ទីតុស ២:១៣