ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្តីឃោរឃៅរបស់ការកំផិតខ្លួន។ វិវរណៈ ១៤:៨
អំណានប្រចាំថ្ងៃ បានបង្ខំឲ្យចាក់ចេញ
អស់អ្នកដែលបានអធិប្បាយពីសារទីមួយ មិនមានគោលបំណង ឬការរំពឹងទុកថានឹងធ្វើឱ្យមានការបែងចែកនៅក្នុងពួកជំនុំ ឬក៏បង្កើតអង្គការផ្តាច់ខ្លួនណាមួយឡើយ។ លោក វីលៀម មីលើរ(William Miller) មានប្រសាសន៍ថា «គ្រប់ទាំងការងាររបស់ខ្ញុំទាំងអស់ ខ្ញុំពុំដែលមានសេចក្តីប្រាថ្នា ឬមានគំនិតដើម្បីនឹងបង្កើតឱ្យមានការបំបែកចំណាប់អារម្មណ៍ណាមួយ ចេញពីនិកាយទាំងប៉ុន្មាន ដែលមានរួចមកហើយនោះទេ ឬមួយក៏ធ្វើឱ្យអ្នកណាមានប្រយោជន៍ ហើយអ្នកណាខាតបង់នោះដែរ។ ខ្ញុំមានបំណងធ្វើឱ្យមានប្រយោជន៍ដល់មនុស្សទាំងអស់គ្នា។ ខ្ញុំគិតថា គ្រីស្ទានទាំងអស់នឹងមានសេចក្តីអំណរ នៅក្នុងសេចក្តីសង្ឃឹមពីការយាងមករបស់ព្រះគ្រីស្ទ។ ខ្ញុំពុំបានគិតថា ចាំបាច់ត្រូវតែមានការប្រជុំបែងចែកណាមួយនោះឡើយ។ គោលបំណងទាំងមូលរបស់ខ្ញុំ គឺប្រាថ្នាចង់បំផ្លាស់បំប្រែចិត្តមនុស្សមកឯព្រះ ខ្ញុំចង់បញ្ជាក់ប្រាប់ដល់ពិភពលោកឱ្យដឹងពីការជំនុំជម្រះដែលនឹងមកដល់ និងចង់បញ្ចុះបញ្ចូលមនុស្សជាទីស្រឡាញ់របស់ខ្ញុំទាំងអស់ឱ្យរៀបចំចិត្ត ដែលនឹងអាចធ្វើឱ្យពួកគេជួបព្រះរបស់ពួកគេដោយសុខសាន្ត។
មានពួកជំនុំជាច្រើនបានស្វាគមន៍ដល់ការងាររបស់គាត់ មួយរយៈពេលខ្លី ប៉ុន្តែខណៈដែលពួកគេបានសម្រេចចិត្តប្រឆាំងទៅនឹងសេចក្តីពិតនៃការយាងមកជាលើកទីពីររបស់្រពះគ្រីស្ទ ពួកគេបានប្រាថ្នាចង់ទប់ស្កាត់ការរំជើបរំជួលដោយសារដំណឹងនេះ។ អស់អ្នកដែលបានទទួលគោលលទ្ធិនេះ ត្រូវបានគេដាក់ឱ្យស្ថិតនៅក្នុងការពិបាកយ៉ាងធ្ងន់ធ្ងរ។ ពួកគេបានស្រឡាញ់ពួកជំនុំរបស់គេណាស់ ហើយពួកគេស្ទាក់ស្ទើរមិនចង់បែកចេញពីព្រះវិហារនោះទេ ប៉ុន្តែខណៈដែលពួកគេត្រូវបានគេសើចចំអក ហើយសង្កត់សង្កិន និងមិនផ្តល់សិទ្ធិឱ្យនិយាយពីសេចក្តីសង្ឃឹមរបស់ពួកគេ ឬចូលរួមស្តាប់សេចក្តីអធិប្បាយពីការយាងមកវិញរបស់ព្រះជាម្ចាស់នោះ យ៉ាងហោចណាស់ក៏មានមនុស្សជាច្រើនបានងើបឡើង ហើយបានបោះបង់ចោលនឹមដែលបានសង្កត់សង្កិនពួកគេដែរ។
ដោយឃើញថាពួកជំនុំបានច្រានចោលនូវទីបន្ទាល់នៃព្រះបន្ទូលរបស់ព្រះ ពួកអាត់វេនទីស្ទ (អ្នករង់ចាំការយាងមករបស់ព្រះគ្រីស្ទ) ក៏លែងចាត់ទុកពួកជំនុំនោះថាជាពួកជំនុំដែលរួបរួមគ្នារបស់ព្រះគ្រីស្ទតទៅទៀត ហើយសារនៃ «ទីក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ»បានចាប់ផ្តើមស្រែកប្រកាសពួកគេបានដឹងថាពួកគេត្រូវសំអាតខ្លួនដោយបំបែកខ្លួនចេញពីទំនាក់ទំនងពីមុន (ពួកជំនុំចាស់) របស់ពួកគេ។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ៩:២០-២៧
ខចងចាំ៖ ទំាងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង។ ទីតុស ២:១៣