ថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នោះព្រះយេស៊ូវមានព្រះបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច។ យ៉ូហាន ៨:៣១-៣២
អំណានប្រចាំថ្ងៃ សម័យកាលដ៏មានគ្រោះថ្នាក់
នោះហើយជាសម័យដ៏មានគ្រោះថ្នាក់ដល់ពួកជំនុំរបស់ព្រះគ្រីស្ទ។ អ្នកដែលកាន់បដានៃការស្មោះត្រង់ពិតជាមានគ្នាតិចណាស់។ ទោះបីជានៅមានអ្នករក្សាសេចក្តីពិតមួយចំនួនតូចក៏ដោយ ក៏នៅពេលនោះ ការខុសឆ្គងហើយនិងជំនឿឆ្វេងនិយមមើលទៅហាក់ដូចជាមានជ័យជំនះទាំងស្រុង ហើយសាសនាដ៏ពិត ហាក់ដូចជាត្រូវបានគេកំចាត់ចោលចេញពីផែនដីដែរ។ ដំណឹងល្អបានបាត់រូបរាង ប៉ុន្តែទម្រង់នៃសាសនាបានរីកចម្រើនឡើង ហើយមនុស្សបានទទួលការជិះជាន់ យ៉ាងតឹងរ៉ឹង។
ពួកគេមិនមែនត្រឹមតែត្រូវបានគេបង្រៀនឱ្យសម្លឹងមើលទៅសម្តេចប៉ាប ថាជាអ្នកសម្របសម្រួលរបស់ពួកគេ ជាមួយនឹងព្រះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងឱ្យទុកចិត្តទៅនឹងការងារលោះបាបរបស់ពួកគេថែមទៀតផង។ ដំណើរធម្មយាត្រាយ៉ាងវែង ការធ្វើទារុណកម្មខ្លួនឯង ការថ្វាយបង្គំវត្ថុបុរាណ ការសាងសង់ព្រះវិហារ ទីសក្ការបូជា ហើយនិងអាសនា ព្រមទាំងការបង់ប្រាក់ជាច្រើនដល់ព្រះវិហារ ទាំងអស់នេះ និងអំពើខុសឆ្គងស្រដៀងគ្នាផ្សេងៗជាច្រើនទៀត អាចនឹងបន្ថយ សេចក្តីក្រោធរបស់ព្រះ ឬក៏អាចធ្វើឱ្យព្រះអង្គសព្វព្រះហឫទ័យ។ ព្រះទ្រង់មិនក្រោធនឹងរឿងបន្តិចបន្តួច ឬក៏សព្វព្រះហឫទ័យនឹងអំណោយឬការធ្វើទារុណកម្មខ្លួនឯង ដូចជាមនុស្សលោកនោះទេ!
សតវត្សរ៍នៃការជឿនលឿនគឺជាទីបន្ទាល់ពីគោលលទ្ធិខុសដែលបានបង្កើតចេញពីពួកជំនុំរ៉ូម។ ការបង្រៀននៃពួកទស្សនវិទូដែលមិនជឿលើព្រះបានទទួលការចាប់អារម្មណ៍និងមានឥទ្ធិពលទៅលើពួកជំនុំ តាំងពីមុនការបង្កើតរបបប៉ាបមកម៉្លេះ។ មនុស្សជាច្រើនដែលបានអះអាងថាគេបានផ្លាស់ប្តូរជំនឿសាសនាហើយ គេនៅតែប្រកាន់ខ្ជាប់នូវគោលលទ្ធិនៃទស្សនៈរបស់ពួកមិនជឿលើសាសនារបស់ពួកគេដដែល ហើយមិនគ្រាន់តែបានបន្តការសិក្សាសម្រាប់តែខ្លួនគេផ្ទាល់ទេ ប៉ុន្តែគេបានជម្រុញគោលលទ្ធិនេះដល់មនុស្សដទៃទៀត ជាមធ្យោបាយដើម្បីពង្រីកឥទ្ធិពលរបស់ពួកគេ នៅក្នុងចំណោមពួកអ្នកដែលមិនជឿសាសនាថែមទៀត។ ដូច្នេះ កំហុសដ៏ធ្ងន់ធ្ងរទាំងអស់នេះត្រូវបានគេដាក់បញ្ចូលទៅក្នុងសេចក្តីជំនឿរបស់ពួកគ្រីស្ទាន។ រឿងមួយដែលលេចធ្លោឡើង នៅក្នុងចំណោមរឿងទាំងអស់នេះ គឺសេចក្តីជំនឿទៅលើភាពមិនចេះស្លាប់ (អមតៈ) ពីកំណើតរបស់មនុស្សដោយជឿថានៅពេលស្លាប់ទៅព្រលឹងមនុស្សនៅរស់ហើយទៅកាន់ស្ថានសួគ៌ ស្ថាននរក ឬទៅកើតជាថ្មីវិញ។ គោលលទ្ធិនេះបានចាក់គ្រឹះនៅលើអ្វីដែលពួកជំនុំរ៉ូមបានបង្កើត ការអធិស្ឋានដល់ពួកបរិសុទ្ធ និងការគោរពដល់នាងម៉ារា ជាស្រីព្រហ្មចារី។ ចេញពីពួកជំនុំនេះ ការលោះបាបដ៏អស់កល្បសម្រាប់អ្នកមានបាប ក៏ត្រូវបានគេនាំចូលទៅក្នុងសេចក្តីជំនឿរបស់អ្នកនិយមសម្តេចប៉ាបជាលើកដំបូង។
បន្ទាប់មក គេបានរៀបចំផ្លូវដើម្បីណែនាំឱ្យបណ្តាជនជឿទៅលើការបង្រៀនមួយទៀតរបស់ពួកអ្នកមិនជឿព្រះ ដែលសាសនារ៉ូមបានដាក់ឈ្មោះថាស្ថានលាងបាប ហើយបានប្រើដើម្បីបំភ័យដល់ហ្វូងមនុស្ស ដែលឆាប់ជឿនិងដែលជឿទៅលើអបិយជំនឿ។ គេបានអះអាងបញ្ជាក់ថា មានកន្លែងនៃការលោះបាបមួយ ជាទីដែលព្រលឹងមនុស្សមិនត្រូវទទួលការផ្តន្ទាទោស អស់កល្បទេ ដើម្បីទទួលទណ្ឌកម្មនៃអំពើបាបរបស់គេ ហើយនៅពេលដែលគេបានរួចពីអំពើទុច្ចរិតរបស់គេ ហើយពួកគេត្រូវបានចេញពីទីនោះ ហើយចូលទៅកាន់ស្ថានសួគ៌។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក ១១៩:១២១-១៣៦
ខចងចាំ៖ គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត។ ធីម៉ូថេទី២ ៣:១៦