ថ្ងៃសៅរ៍​​ ទី០៦​​ ខែសីហា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៤៦)​

អ្នកកែទម្រង់សាសនាដំបូង


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ។ អេសាយ ៤៣:១០-១១

អំណានប្រចាំថ្ងៃ

នៅក្នុងភាពងងឹតដែលគ្របដណ្តប់មកលើផែនដីអស់រយៈពេលដ៏យូរ ដែលគ្រប់គ្រងដោយអំណាចរបស់សម្តេចប៉ាបនោះ ពន្លឺនៃសេចក្តីពិតមិនបានរលត់ទាំងស្រុងទេ។ មានអ្នកធ្វើទីបន្ទាល់ពីព្រះនៅគ្រប់ជំនាន់ ហើយអ្នកទាំងនោះ ជាអ្នកមានជំនឿលើព្រះគ្រីស្ទយ៉ាងរឹងមាំ ថាទ្រង់គឺជា អ្នកសម្របសម្រួលតែមួយគត់ រវាងមនុស្សនិងព្រះជាអ្នកដែលយកព្រះគម្ពីរជាច្បាប់តែមួយគត់ក្នុងការរស់នៅ និងជាអ្នកលើកតម្កើងថ្ងៃសប្បាតហ៍ដ៏ពិត។ ពិភពលោកយើងសព្វថ្ងៃនេះគួរតែដឹងគុណដល់អ្នកទាំងនេះ ហើយ និងទង្វើរបស់គេ។ ប្រសិនបើគ្មានពួកគេទេ មនុស្សជំនាន់ក្រោយនឹងមិនដឹងពីសេចក្តីពិតឡើយ។ ពួកគេត្រូវបានគេចាត់ទុកថាជាពួកអ្នកទទឹងច្បាប់ ត្រូវបានគេទិតៀន ហើយមួលបង្កាច់។ ការសរសេរហើយនិងការបង្រៀន របស់ពួកគេ ត្រូវបានគេកៀបសង្កត់ ព្រមទាំងធ្វើឱ្យខុសពីការពិត។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែឈរយ៉ាងរឹងមាំដោយជំនឿ និង សេចក្តីសុចរិត ពីជំនាន់មួយ ទៅជំនាន់មួយ ដើម្បីជាកេរដំណែលដល់មនុស្សជំនាន់ក្រោយ។

សង្គ្រាមយ៉ាងជូរចត់បានវាយលុកទៅលើព្រះគម្ពីរ ហើយនៅពេលនោះមានព្រះគម្ពីរតិចតួចណាស់ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ព្រះបានទ្រទ្រង់ព្រះបន្ទូលរបស់ទ្រង់មិនឱ្យគេបំផ្លាញទាំងស្រុងដែរ។ គេមិនអាចលាក់បាំងសេចក្តីពិតបានជារៀងរហូតឡើយ។ ព្រះទ្រង់អាចរំដោះព្រះបន្ទូលនៃជីវិតបានយ៉ាងស្រួល ដូចជាទ្រង់បានបើកទ្វារគុក ដើម្បីរំដោះអ្នកបំរើរបស់ទ្រង់ចេញដូច្នោះដែរ។ មនុស្សក្នុងបណ្តាប្រទេសនានា ក្នុងទ្វីបអឺរ៉ុបត្រូវបានព្រះវិញ្ញាណបណ្តាលឱ្យនាំគ្នាស្វែងយល់ពីព្រះបន្ទូលរបស់ព្រះ ដូចជាស្វែងរកកំណប់ដែលកប់ទុកដូច្នោះដែរ។ ព្រះបានបណ្តាល ហើយដឹកនាំគេឱ្យសិក្សាព្រះបន្ទូលដ៏បរិសុទ្ធ ហើយពួកគេបានសិក្សាយ៉ាងហ្មត់ចត់ និង​យកចិត្តទុកដាក់ជាទីបំផុត មិនតែប៉ុណ្ណោះ ពួកគេសុខចិត្តទទួលយកពន្លឺដែលពួកគេរកឃីញ ទោះបីជាពួកគេត្រូវបាត់បង់អ្វីក៏ដោយ។ ទោះបីជា​នៅពេលនោះ ពួកគេមិនទាន់បានស្វែងយល់ពីគ្រប់ការទាំងអស់ក៏ដោយ ក៏ពួកគេអាចយល់ពីសេចក្តីពិត ពេលវេលាដែលព្រះគម្ពីរត្រូវតែបានបកប្រែជាភាសាផ្សេងៗ ហើយចែកចាយដល់មនុស្សនៅក្នុងទឹកដីនានា ជាភាសា​របស់គេបានមកដល់។ ភាពងងឹតដូចពេលយប់កណ្តាល អធ្រាត្រនៃពិភព លោកនេះ បានមកដល់ទីបញ្ចប់ ហើយពន្លឺក៏បានចូលមកជំនួសវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​ ១១៩:១៥៣-១៦៨

ខចងចាំ៖​​ គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត។ ធីម៉ូថេទី២ ៣:១៦

Powered by CAM