ថ្ងៃអាទិត្យ ទី០៧​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។ ខ្ញុំ​បាន​សរសេរ​សេចក្តី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះនាម​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ។ យ៉ូហានទី១ ៥:១២-១៣

អំណានប្រចាំថ្ងៃ ភាពបរិសុទ្ធនៃថ្ងៃសប្បាតហ៍ត្រូវបានជំនួសដោយ​ថ្ងៃអាទិត្យ «ផ្កាយព្រឹក (ដើមកំណើត) នៃអ្នកកែទម្រង់»

នាសតវត្សរ៍ទី ១៤ នៅប្រទេសអង់គ្លេសមាន «ផ្កាយព្រឹកនៃ​ការកែ​ទម្រង់» (អ្នកបដិវត្តន៍សាសនាដំបូង) ម្នាក់បានកើតឡើង។ លោក ចន វីគ្លីហ្វ (John Wycliffe)។ មិនមែនគ្រាន់តែជាអ្នកកែទម្រង់ដំបូង នៅប្រទេសអង់​គ្លេសតែមួយប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពិភពគ្រីស្ទសាសនាទាំងមូលតែម្តង។

ព្រះជាម្ចាស់បានទតឃើញាថា វាជាការប្រពៃណាស់ដែលផ្ទុកផ្តាក់ការងារកែទម្រង់ដល់អ្នកដែលមានការចេះដឹងខ្ពស់ និងមានភាពសុចរិត និងភាពថ្លៃថ្នូរចំពោះការងាររបស់ខ្លួនដ្បិតធ្វើដូច្នេះ នឹងធ្វើឱ្យពួកអ្នកដែលប្រឆាំងមានការកោតក្រែង ហើយក៏ដើម្បីការពារមិនឱ្យអ្នកដែលប្រឆាំងនឹងសេចក្តីពិត ចោទប្រកាន់ ឬសើចចំអកដាក់ ការតស៊ូមតិ ពីសេចក្តីពិតនោះបាន។

​នៅពេលដែល ចន វីគ្លីហ្វ បានសិក្សានិងស្វែងយល់ពីអ្វីដែលគាត់បានរៀននៅឯសាលា រួចហើយគាត់ក៏បានធ្វើការសិក្សាបន្ថែមទៀតទៅលើព្រះគម្ពីររបស់ព្រះ។ នៅក្នុងការសិក្សាព្រះគម្ពីរនោះគាត់បានយល់ឃើញថា​អ្វីដែលគាត់ធ្លាប់បានយល់ឃើញថាត្រូវពីមុនមកនោះសុទ្ធតែខុស​ទាំ​ង​អស់។ តាមរយៈការសិក្សាព្រះគម្ពីរ គាត់បានដឹង និងឃើញពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ ហើយមានតែព្រះគ្រីស្ទមួយអង្គប៉ុណ្ណោះដែលជាអ្នកការពារយើង។ គាត់បានយល់ឃើញថា ពួកជំនុំរ៉ូមបានបោះបង់ចោលមាគា៌របស់ព្រះគម្ពីរ ហើយក្រោយមក គាត់ក៏បានថ្វាយជីវិតរបស់គាត់ ហើយ​ប្តេជ្ញា​ថានឹងបំរើព្រះ និងប្រកាសប្រាប់ដល់មនុស្សដទៃ ពីសេចក្តីពិត ដែល​គាត់បានស្វែងយល់ឃើញនោះ។

ភារកិច្ចចំបងរបស់គាត់ គឺការបកប្រែព្រះគម្ពីរទាំងមូល ជាភាសា​អង់គ្លេស ហើយនេះគឺជាព្រះគម្ពីរភាសាអង់គ្លេសដំបូងបង្អស់ដែលបានបកប្រែ។ នៅជំនាន់នោះ ការបោះពុម្ពជាសៀវភៅមិនទាន់មាននៅឡើយទេ ដូច្នេះ ការចម្លងព្រះគម្ពីរមានការយឺតយ៉ាវ ហើយហ្មត់ចត់ជាទីបំផុត។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ព្រះគម្ពីរនៅតែ ត្រូវបានគេចម្លង ហើយជនជាតិអង់គ្លេសក៏បានអានព្រះគម្ពីរជាភាសារបស់គេផ្ទាល់ ពន្លឺនៃព្រះបន្ទូល​របស់ព្រះក៏បាន ចែងចាំងនៅក្នុងទីងងឹត។ ព្រះជាម្ចាស់ទ្រង់បានរៀបចំការទាំងនេះសម្រាប់ការកែទម្រង់ដ៏ធំ។ ការអំពាវនាវ​ឱ្យមនុស្សស្វែង​រកហេតុ​ផល បានធ្វើឱ្យពួកគេងើបឡើងប្រឆាំងនឹងការចុះចូល និងស្តាប់បង្គាប់ ដល់ការ​បង្រៀនរបស់សម្តេចប៉ាប។ កាលពីមុន មានតែអ្នកដែលមាន​ឋានៈខ្ពស់​ប៉ុណ្ណោះ ដែលមានសិទ្ធិអាចមានព្រះគម្ពីរ ដ្បិតព្រះគម្ពីរត្រូវបានគេសរសេរជាភាសាឡាតាំង។ តែនៅពេលនេះ ចន វីគ្លីហ្វ បានបង្រៀនពី​គោល​ការកែ​ទម្រង់ពីការសង្គ្រោះតាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងពីការទទួលជឿលើព្រះគម្ពីរតែមួយគត់។ មានសង្ឃជាច្រើនបានចូលរួមជាមួយ ចន វីគ្លីហ្វ ហើយបានធ្វើការចែកចាយព្រះគម្ពីរ ព្រមទាំងបង្រៀន​ពី​ដំណឹង​ល្អ។ ការបង្រៀននោះ មានឥទ្ធិពលរហូតធ្វើឱ្យមានមនុស្សជាងពាក់កណ្តាលនៃប្រទេសអង់គ្លេសបានទទួលជឿ ហើយក៏បានធ្វើឱ្យអាណាចក្រដ៏ងងឹតនេះមានភាពរំជើបរំជួលយ៉ាងក្រៃលែង។

​ការ​ព្យាយាម​ប៉ុន​ប៉ង​​របស់សត្រូវ ក្នុងការសម្លាប់គាត់ ដើម្បីបញ្ឈប់កិច្ចការរបស់គាត់នោះមិនបានជោគជ័យឡើយ។ នៅពេលដែល ចន វីគ្លីហ្វ មានអាយុបាន ៦១ឆ្នាំ គាត់បានស្លាប់ដោយសុខសាន្ត នៅក្នុងឋានៈជាអ្នកបំរើរបស់ព្រះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​ ១១៩:១៦៩-១៧៦

ខចងចាំ៖​​ ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។ និក្ខមនំ ២០:៨-១១

Powered by CAM