​​ថ្ងៃចន្ទ ទី០៨​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ពី​ព្រោះ​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឯ​ក្រុមជំនុំ គេ​នឹង​វាយ​អ្នក​រាល់​គ្នា នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នាំ​ទៅ​ចំពោះ​ចៅហ្វាយ​ខេត្ត និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ឯ​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន។ ម៉ាកុស ១៣:៩-១០

អំណានប្រចាំថ្ងៃ ការកែទម្រង់រីកសុះសាយ

គឺសំណេររបស់លោក វីគ្លីហ្វនេះហើយដែលបានធ្វើឱ្យលោក ចន ហាស់ (John Huss) បូហាមៀ (Bohemia) ប្រកាសដកខ្លួនចេញពីការ​បង្រៀន​​​​​ខុសឆ្គងទាំងឡាយរបស់ពួកជំនុំរ៉ូម ហើយ​បានចូលរួមជាមួយ​នឹងការ​កែ​ទម្រង់។ ចន ហាស់ក៏ជាអ្នកគ្រីស្ទានដែលមានជំនឿយ៉ាងរឹងមាំ ហើយ​ក៏ជាអ្នកចេះដឹងម្នាក់ដែលស្វែងរកការពិតដូច លោក ចន វីគ្លិហ្វដែរ។ ការអំពាវនាវរបស់គាត់ទៅលើព្រះគម្ពីរ ហើយនិងការប្រកាសមិនយល់ស្របទៅនឹងភាពអាស្រូវទាំងឡាយ ព្រមទាំងការគ្មានសីលធម៌របស់ពួកសង្ឃយ៉ាងក្លៀវក្លា​​របស់គាត់បានធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយមានមនុស្សជាច្រើនបានទទួលជឿជំនឿដ៏ពិតនិងបរិសុទ្ធនេះ។ ការនេះបានធ្វើឱ្យ​សម្តេចប៉ាប​មិនពេញចិត្តជាខ្លាំង ហើយក៏បានកោះហៅ ចន ហាស់ មកចំពោះក្រុម​ប្រឹក្សា ខន់ស្តេន (Council of Constance) ដើម្បីទទួលទោសពីការប្រឆាំងនឹងគោលការសាសនា។ ប៉ុន្តែ ដោយ ចន ហាស់ បានទទួលការការពារ​ពីសំណាក់អធិរាជអាល្លឺម៉ង់នោះ សម្តេចប៉ាបក៏បានអនុញ្ញាតឱ្យគាត់រួចខ្លួន។

ក្រោយពីការបៀតបៀនអស់រយៈពេលដ៏យូរ ស្តីពីជំនឿ​ដ៏រឹងមាំ​របស់​គាត់ ចន ហាស់ ត្រូវបានគេបង្ខំឱ្យស្បថលាជំនឿរបស់ខ្លួន បើពុំនោះទេ គាត់នឹងប្រឈមមុខនឹងការស្លាប់តែមួយគត់។ គាត់បានជ្រើស​យក​ការ​ស្លាប់​ដោយសារជំនឿ ហើយក្រោយពីដុតសៀវភៅ និងការសរសេររបស់គាត់ទាំងប៉ុន្មានហើយ គេក៏បានដុតគាត់ទាំងរស់ នៅលើបង្គោលសសរ​នោះ​ដែរ។ នៅចំពោះមុខពួកមានតំណែងខ្ពស់ទាំងខាងសាសនានិងនយោបាយដែលបានមកប្រជុំគ្នា នោះអ្នកបំរើរបស់ព្រះបានតស៊ូប្រឆាំងរហូតដល់ស្លាប់ ទាស់នឹងភាពពុករលួយរបស់រចនាសម្ព័ន្ធប៉ាប។ ការស្លាប់របស់គាត់ គឺជា​ការ​សម្តែងដល់ពិភពលោកទាំងមូលឱ្យឃើញពីភាពសាហាវយង់ឃ្នងរបស់សាសនារ៉ូម ហើយនិង ការរំលោភបំពានដោយគ្មានការអៀនខ្មាសរបស់គេ ចំពោះអ្វីដែលពួកគេបានសន្យាថានឹងការពារដល់សាធារណៈជននោះ។ សត្រូវរបស់សេចក្តីពិត នៅតែបន្តការកៀបសង្កត់របស់គេ និងអ្វីដែលគេ​បាន​ប៉ុនប៉ងបំផ្លាញ។

អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក​ ១

ខចងចាំ៖​​ ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។ និក្ខមនំ ២០:៨-១១

Powered by CAM