ថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសំដែងពីសេចក្តីសង្គ្រោះរបស់ទ្រង់រាល់ៗថ្ងៃ ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍។ របាក្សត្រទី១ ១៦:២៣-២៤
អំណានប្រចាំថ្ងៃ ព្រះវិញ្ញាណទ្រង់កំពុងធើ្វការ
ថ្វីបើមានការបៀតបៀនសង្កត់សង្កិនយ៉ាងណាក្តី ក៏ការតស៊ូប្រឆាំងនឹងការពុករលួយស្តីពីសេចក្តីជំនឿ នៅតែកើតមានឡើងជាបន្តបន្ទាប់ដែរ ក្រោយពីការស្លាប់របស់លោក វីគ្លីហ្វ។ វាហាក់បីដូចជាជំនាន់របស់ពួកសាវកដែរ គឺមានមនុស្សជាច្រើនបានលះបង់ទ្រព្យសម្បត្តិខាងលោកិយរបស់គេដើម្បីព្រះ។
មានការប្រឹងប្រែងជាច្រើនក្នុងការពង្រឹង និងពង្រីកអំណាចរបស់សម្តេចប៉ាប។ ប៉ុន្តែ ក្នុងខណៈដែលប៉ាបនៅតែប្រកាសថាជាអ្នកតំណាងរបស់ព្រះគ្រីស្ទនោះ ពួកបណ្តាជនកាន់តែស្អប់ខ្ពើមនូវទង្វើពុករលួយរបស់ពួកគេ។ ដោយសារតែមានការបង្កើតម៉ាស៊ីនបោះពុម្ពនៅជំនាន់នោះ បានធ្វើឱ្យការចែកចាយព្រះគម្ពីរកាន់តែរីករាលដាល ហើយបានធ្វើឱ្យមនុស្សជាច្រើនបានឃើញថា ការបង្រៀនរបស់សម្តេចប៉ាបប្រាសចាកទាំងស្រុងពីព្រះគម្ពីរ។
នៅពេលដែលស្មរបន្ទាល់ម្នាក់ត្រូវបានគេបង្ខំឱ្យបោះភ្លើងនៃសេចក្តីពិតពីដៃរបស់គេ នោះនឹងមានស្មរបន្ទាល់ជាច្រើននាក់ទៀតមកទទួលភ្លើងនៃសេចក្តីពិតនោះ ហើយលើកភ្លើងនោះឡើងដោយក្លាហាន។ ឧបសគ្គនោះមិនត្រឹមតែបានបើកឱ្យមនុស្សម្នាក់ៗ ឬព្រះវិហារទាំងឡាយ រួចពីការគ្រប់គ្រងរបស់ប៉ាបប៉ុណ្ណោះ គឺវាថែមទាំងធ្វើឱ្យប្រទេសជាតិទាំងឡាយរួចពីការគ្រប់គ្រងរបស់ប៉ាបដែរ។ ឆ្លងកាត់ឈូងសមុទ្រអស់រយៈពេលរាប់រយឆ្នាំ មនុស្សបានឈោងចាប់យកការផ្លាស់ប្តូរនៅជំនាន់របស់ ចន វីគី្លហ្វ ហើយក្រោយមក លោក ម៉ាទីន លូធើរ (Luther) បានចាប់ផ្តើមការកែទម្រង់នៅប្រទេសអាល្លឺម៉ង់។ លោក ខាល់វិន (Calvin) បានបង្រៀននៅប្រទេសបារាំង និងប្រទេសស្វ៊ីសពី «សេរីភាពខាងសាសនា»។
អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក ៧:១-១១
ខចងចាំ៖ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។ និក្ខមនំ ២០:៨-១១