ថ្ងៃព្រហស្បតិ៍​​ ទី០១​​ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥១-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ ពេត្រុសទី២​ ១:១៩​

អំណានប្រចាំថ្ងៃ ពេលវេលានៃការរង់ចាំ

ចាប់តាំងពីការច្រានចោលនូវសារទីមួយមក ការផ្លាស់ប្តូរដ៏ក្រៀមក្រំមួយបានកើតឡើងនៅក្នុងពួកជំនុំ។ នៅពេលដែលសេចក្តីពិតត្រូវបានគេទាត់ចោល សេចក្តីខុសឆ្គងត្រូវបានគេទទួលយក និងបានជាទី​ស្រឡាញ់​របស់គេ។ សេចក្តីស្រឡាញ់ចំពោះព្រះ និងសេចក្តីជំនឿទៅលើព្រះបន្ទូលរបស់ទ្រង់ត្រូវបានធ្លាក់ចុះ។ ពួកជំនុំបានធ្វើឱ្យព្រះវិញ្ញាណរបស់ព្រះកើតទុក្ខ ហើយព្រះបានដកយកព្រះវិញ្ញាណបរិសុទ្ធចេញពីពួកជំនុំ។

ខណៈដែលឆ្នាំ ១៨៤៣ បានកន្លងផុតទៅទាំងស្រុង ដោយមិនឃើញមានការយាងមកវិញរបស់ព្រះយេស៊ូវ អស់អ្នកដែលបានរង់ចាំការលេចមករបស់ទ្រង់ដោយសេចក្តីជំនឿ មានការសង្ស័យនិងមាន​ភាព​អល់អែក។ ប៉ុន្តែ ថ្វីបើមានការខកចិត្តក៏ដោយ ក៏មនុស្សជាច្រើននៅតែបន្តស្រាវជ្រាវព្រះគម្ពីរ ដោយពិនិត្យសាជាថ្មីរកភស្តុតាងនៃសេចក្តីជំនឿរបស់គេ ហើយគេបាន​សិក្សា​ពីបទទំនាយ ដោយយកចិត្តទុកដាក់ ដើម្បីទទួលពន្លឺបន្ថែមទៀត។ ការគាំទ្រដល់តំណែងរបស់ពួកគេពីទីបន្ទាល់នៃព្រះគម្ពីរ មើលទៅហាក់បី​ដូចជាច្បាស់លាស់ ហើយប្រាកដប្រជាឥតសង្ស័យ។ សញ្ញាទាំងប៉ុន្មាន ដែលមិនអាចច្រឡំនោះ បានចង្អុលប្រាប់ពីការយាងមករបស់ព្រះគ្រីស្ទ កាន់តែជិតមកដល់ហើយ។ ពួកអ្នកជឿមិនអាចពន្យល់អំពីការខកចិត្តរបស់ពួកគេបានទេ ប៉ុន្តែពួកគេបានដឹងច្បាស់ថាព្រះបានដឹកនាំគេ នៅក្នុងបទពិសោធន៍របស់ពួកគេកន្លងមកនេះ។

​សេចក្តីជំនឿរបស់ពួកគេកាន់តែរឹងមាំឡើង ដោយការខំប្រឹងសំភីសិក្សាព្រះគម្ពីរ ដែលប្រាប់ឱ្យដឹងអំពីការពន្យារពេល។ នៅដើមឆ្នាំ ១៨៤២ ព្រះវិញ្ញាណរបស់ព្រះបានបណ្តាលចិត្តលោក ឆាល ហ្វីច (Charles Fittch) ឱ្យបែងចែកតារាងនៃបទទំនាយ ដែលពួកអាត់វេនទីស្ទចាត់ទុកថាជាការសម្រេចតាមការបង្គាប់របស់ហោរាហាបាគុកឱ្យ «កត់ការជាក់ស្តែងនេះទុក ត្រូវឱ្យចារិកឱ្យច្បាស់នៅលើក្តារចុះ»។ ទោះជាយ៉ាងនេះក៏ដោយ ក៏គ្មានអ្នកណាបានឃើញការពន្យារពេលបានកើតឡើងនៅក្នុងបទទំនាយដដែលនោះដែរ។ បន្ទាប់ពីការខកចិត្តមក អត្ថន័យនៃបទគម្ពីរនេះបានលេចរូបរាងឡើងយ៉ាងច្បាស់។ ហោរាបានចែងថា «ដ្បិតការជាក់ស្តែងនេះទុកសម្រាប់ដល់វេលា កំណត់ ក៏កំពុងស្រូតឱ្យដល់ពេលនោះ ហើយនៅគ្រានោះនឹង​មិន​កុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត​ឥតរារង់​ឡើយ» ( ហាបាគុក ២:២-៣)។

​ពួកអ្នកដែលកំពុងតែរង់ចាំមានក្តីអំណរជាខ្លាំង ដោយព្រះដែល​ជ្រាបពីចុងបញ្ចប់ តាំងពីការចាប់ផ្តើម ទ្រង់បានទតមើលមកមនុស្សគ្រប់សម័យកាល ព្រះអង្គបានទតឃើញជាមុននូវការខកចិត្តរបស់ពួកគេ ហើយទ្រង់បានប្រទាននូវព្រះបន្ទូលទាំងឡាយនៃការលើកទឹកចិត្តនិងសេចក្តីសង្ឃឹមដល់ពួកគេ។

អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក​ ១០

ខចងចាំ៖​​ ទំាង​រង់ចាំ​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរីល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង។ ទីតុស ២:១៣

Powered by CAM