ថ្ងៃចន្ទ​​ ទី១២​​ ខែកញ្ញា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៥៤)​

សាររបស់ទេវតាទីបី


អំណានព្រះគម្ពីរពេលព្រឹក៖ រួច​មាន​ទេវតា​ទី​៣​មក​តាម​ក្រោយ​ទៀត ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ហើយ​ទទួល​ទី​សំគាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្តី​ឃោរឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់ ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​វេទនា នៅ​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវតា​បរិសុទ្ធ និង​កូន​ចៀម​ផង។ វិវរណៈ ១៤:៩-១០​

អំណានប្រចាំថ្ងៃ

នៅពេលដែលព្រះគ្រីស្ទទ្រង់បានយាងចូលទៅកាន់ទីកន្លែងដ៏បរិសុទ្ធបំផុតនៃនគរស្ថានសួគ៌ ដើម្បីបំពេញការងារចុងក្រោយបង្អស់ក្នុងការប្រោសលោះឱ្យធួននឹងបាបមនុស្សលោក ទ្រង់បានប្រទានសារនៃសេចក្តីមេត្តាករុណាចុងក្រោយ ដល់អ្នកបំរើទ្រង់ ដើម្បីចែកចាយដល់មនុស្សទាំងអស់នៅលើពិភពលោក។ នេះគឺជាការព្រមានរបស់ទេវតាទីបី នៅក្នុងព្រះគម្ពីរ​វិវរណៈជំពូក ១៤។ បន្ទាប់មក ការប្រកាសពីសារនោះបានកើតឡើងតាមក្រោយភ្លាមថា ហោរាបានឃើញកូនមនុស្ស (ព្រះយេស៊ូវ) យាងមកក្នុង​សិរីល្អដើម្បីប្រមូលផលនៃចម្រូតនៅផែនដី។

ដូចបានទាយទុកនៅក្នុងព្រះគម្ពីរ តួនាទីរបស់ព្រះគ្រីស្ទនៅក្នុងទីបរិសុទ្ធបំផុត បានចាប់ផ្តើម នៅគ្រាចុងបញ្ចប់ថ្ងៃនៃបទទំនាយ នៅក្នុងឆ្នាំ ១៨៤៤។ ពេលនេះត្រូវនឹងព្រះបន្ទូលរបស់ព្រះថា «នោះមានគេបើកព្រះវិហារ​​នៃព្រះ នៅស្ថានសួគ៌ ហើយឃើញមានហឹបនៃសេចក្តីសញ្ញារបស់ទ្រង់នៅក្នុងព្រះវិហារនោះ» វិវរណៈ ១១:១៩។ ហឹបនៃសេចក្តីសញ្ញារបស់ទ្រង់គឺនៅក្នុងផ្នែកទីពីរនៃទីបរិសុទ្ធ។ ខណៈដែលព្រះគ្រីស្ទបានយាងចូលទៅកាន់ទីនោះ ដើម្បីបំពេញការងារជាតំណាងឱ្យអ្នកមានបាប ព្រះវិហារផ្នែកខាងក្នុងត្រូវបានបើក ហើយហឹបរបស់ព្រះត្រូវបានបង្ហាញឱ្យឃើញ។ ព្រះបានបើកសំដែងឱ្យអស់អ្នកដែលសម្លឹងមើលទៅឯព្រះអង្គសង្គ្រោះ ធ្វើការអង្វរ​ក​រ​ព្រះវរបិតាជំនួសគេ បានឃើញនូវព្រះបារមីនិងព្រះចេស្តារបស់ទ្រង់។ ខណៈដែលរស្មីនៃសិរីល្អរបស់ទ្រង់បានបំពេញព្រះវិហារ ពន្លឺដែលចេញពីទីបរិសុទ្ធបំផុតបានចែងចាំងទៅរាស្ត្ររបស់ទ្រង់ដែលរង់ចាំនៅផែនដី។

ពួកគេបានតាមដានសម្តេចសង្ឃដោយសេចក្តីជំនឿ ពីទីបរិសុទ្ធទៅកាន់ទីបរិសុទ្ធបំផុត ហើយពួកគេបានឃើញទ្រង់បង្ហូរព្រះលោហិតទ្រង់នៅពីមុខហឹបរបស់ព្រះ។នៅក្នុងហឹបដ៏ពិសិដ្ឋនោះ គឺជាច្បាប់ដ៏បរិសុទ្ធរបស់ព្រះវរបិតា ជាច្បាប់ដែលទ្រង់បានមានព្រះបន្ទូលដោយផ្ទាល់ នៅកណ្តាលផ្គរ​រន្ទះនៅភ្នំស៊ីណាយ និងជាច្បាប់ដែលទ្រង់បានសរសេរដោយព្រះអង្គុលី (ម្រាមដៃ) របស់ទ្រង់ផ្ទាល់ នៅលើផ្ទាំងថ្ម។ គ្មានបទបញ្ញត្តិណា​មួយត្រូវ​បាន​ទុកជាមោឃៈឡើយគ្មានក្បៀសឬបាំងឈើណាមួយត្រូវបានផ្លាស់ប្តូរឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​ ១៤:១២-២០

ខចងចាំ៖​​ ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថានសួគ៌ គឺ​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។ ហេព្រើរ ៤:១៤-១៦

Powered by CAM