ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។វិវរណៈ ៤:១១
អំណានប្រចាំថ្ងៃ ថ្ងៃសប្បាតហ៍គឺជាសញ្ញានៃអំណាចគ្រប់គ្រងរបស់ព្រះ
សត្វដែលមានស្នែងដូចជាកូនចៀមនោះបង្គាប់ថា «វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងបាវគេ ឱ្យទទួលទីសំគាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ហើយមិនបើកឱ្យអ្នកណាមានច្បាប់ នឹងទិញឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា» វិវរណៈ ១៣:១៦-១៧។ នេះគឺជាសញ្ញាដែលទេវតាទីបីថ្លែងប្រាប់ពីការព្រមានរបស់ទ្រង់។ វាគឺជាសញ្ញានៃសត្វទីមួយជាអំណាចរបស់សម្តេចប៉ាប ដែលគេបានរកឃើញលក្ខណៈផ្សេងៗដូចជាអំណាចនោះ។
ហោរាដានីយ៉ែលបានប្រកាសថា ពួកជំនុំរ៉ូមតំណាងឱ្យស្នែងតូច ដែលគិតបំផ្លាស់ពេលកំណត់និងច្បាប់ផង (ដានីយ៉ែល ៧:២៥) ដែលសាវកប៉ុលបានឱ្យឈ្មោះថាតួបាប (ថែស្សាឡូនីចទី ២ ២:៣, ៤) ដែលលើកខ្លួនខ្ពស់ជាងព្រះ។ មានតែការផ្លាស់ប្តូរច្បាប់របស់ព្រះទេ ទើបរបបប៉ាបអាចលើកតម្កើងខ្លួនឱ្យខ្ពស់ជាងព្រះបាន អស់អ្នកដែលគោរពច្បាប់ដែលបានផ្លាស់ប្តូរ គឺបានគោរពដល់សម្តេចប៉ាប ហើយបានងាកបែរចេញពីច្បាប់របស់ព្រះហើយ។
ក្រឹត្យវិន័យទី៤ ដែលទីក្រុងរ៉ូមបានខិតខំលុបបំបាត់ចោល គឺជាបញ្ញត្តិតែមួយគត់នៃក្រឹត្យវិន័យ១០ប្រការ ដែលចង្អុលទៅព្រះអាទិករថាជាអ្នកបង្កើតផ្ទៃមេឃនិងផែនដី ហើយដោយសារការនោះហើយដែលបែងចែកព្រះដ៏ពិត ឱ្យដាច់ស្រឡះពីព្រះក្លែងក្លាយទាំងឡាយ។ ព្រះបានតាំងថ្ងៃសប្បាតហ៍ (ថ្ងៃបរិសុទ្ធ) ឡើងសម្រាប់រំឭកពីការបង្កបង្កើតលោក និងដើម្បីដឹកនាំចិត្តរបស់មនុស្សទៅកាន់ព្រះដ៏ពិតនិងមានព្រះជន្មរស់នៅ។ រឿងរ៉ាវនៃអំណាចដែលបានបង្កើតលោករបស់ព្រះ ត្រូវបានរៀបរាប់នៅពេញព្រះគម្ពីរទាំងមូលជាភស្តុតាងបញ្ជាក់ថាព្រះនៃសាសន៍អ៊ីស្រាអែលមានអំណាច លើសជាងពួកព្រះក្លែងក្លាយរបស់ពួកដែលមិនជឿព្រះ។ ប្រសិនបើមនុស្សបានគោរពនិងរក្សាថ្ងៃបរិសុទ្ធ គំនិតនិងសេចក្តីស្រឡាញ់របស់មនុស្សនឹងត្រូវបានដឹកនាំទៅរកព្រះអម្ចាស់របស់ពួកគេ ជាកម្មវត្ថុនៃសេចក្តីគោរពនិងការថ្វាយបង្គំ ហើយគេនឹងមិនក្លាយជាអ្នកថ្វាយបង្គំរូបព្រះ ជាអ្នកមិនជឿថាមានព្រះពិត ឬជាអ្នកមិនជឿព្រះឡើយ។
ការបង្រៀនដែលចង្អុលទៅកាន់ព្រះថាជាអ្នកបង្កើតលោកនោះគឺជាសញ្ញានៃអំណាចដ៏ត្រឹមត្រូវរបស់ទ្រង់ ទៅលើអ្វីៗគ្រប់ទាំងអស់ដែលទ្រង់បានបង្កើត។ ការផ្លាស់ប្តូរថ្ងៃបរិសុទ្ធគឺជាសញ្ញា និងជាទីសំគាល់នៃអំណាចរបស់ពួកជំនុំរ៉ូម។ អស់អ្នកដែលសម្រេចចិត្តគោរពថ្ងៃបរិសុទ្ធក្លែងក្លាយជំនួសឱ្យថ្ងៃបរិសុទ្ធពិត ដោយបានយល់ច្បាស់ពីការនេះ នោះបានថ្វាយបង្គំដល់រូបសត្វនោះហើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ១៣:១១-១៨
ខចងចាំ៖ ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ ហេព្រើរ ៤:១៤-១៦