​​ថ្ងៃអាទិត្យ ទី​​១៨ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង​ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ។ រ៉ូម ៨:៣៤

អំណានប្រចាំថ្ងៃ បទពិសោធន៍របស់ពួកយូដាបានកើតឡើងម្តងទៀត

ទេវតាបានបង្ហាញខ្ញុំត្រឡប់ទៅការប្រកាសពីការយាងមកលើកទី១របស់ព្រះគ្រីស្ទ។ ព្រះបានចាត់លោកយ៉ូហានមកដោយវិញ្ញាណនិងអំណាចរបស់លោកអេលីយ៉ា ដើម្បីរៀបចំផ្លូវថ្វាយព្រះយេស៊ូវ។ អ្នកដែលបដិសេធ​ដំណឹងរបស់លោកយ៉ូហាន នឹងមិនបានទទួលផលប្រយោជន៍ពីការបង្រៀនរបស់ព្រះយេស៊ូវឡើយ។ ការប្រឆាំងរបស់គេទៅនឹងការប្រកាស​ឱ្យដឹងជាមុនពីការយាងមករបស់ទ្រង់បានកំណត់ថា គេពិតជានឹងមិនមានភស្តុតាងដ៏ធំបំផុត ដែលបញ្ជាក់ថា ទ្រង់ជាព្រះមែស្ស៊ីឡើយ។ សាតាំងបានដឹកនាំ​អ្នកដែលបដិសេធដំណឹងរបស់លោកយ៉ូហានឱ្យបន្តទៅមុខទៀត រហូត​បដិសេធ​ព្រះយេស៊ូវ ហើយឆ្កាងទ្រង់។ ដោយការធ្វើដូច្នេះ ពួកគេបានដាក់ខ្លួនគេនៅកន្លែងដែលគេមិនអាចទទួលព្រះពរនៅថ្ងៃបុណ្យទី៥០ (ប៉ង់តាកុស) ដែល​បាន​បង្រៀនគេពីវិធីចូល​ទៅក្នុងទីបរិសុទ្ធនៃស្ថានសួគ៌។

ការរហែកនៃវាំងនន​ក្នុងព្រះវិហារបង្ហាញថា ព្រះលែងទទួលយញ្ញបូជានិងបញ្ញត្តិរបស់ពួកយូដាតទៅទៀតហើយ។ ការថ្វាយតង្វាយ​ដុតដ៏ធំ​ត្រូវបានថ្វាយរួចហើយ ហើយត្រូវបានព្រះទទួលយកផង រួចព្រះវិញ្ញាណបរិសុទ្ធដែលបានយាងចុះមកនៅថ្ងៃបុណ្យទី៥០ បាននាំគំនិត​របស់ពួក​សាវក​ពីទីបរិសុទ្ធនៅផែនដី ទៅទីបរិសុទ្ធនៃស្ថានសួគ៌ ដែលព្រះយេស៊ូវ​បានយាងចូល ដោយព្រះលោហិតរបស់ទ្រង់ ដើម្បីខ្ចាយមកលើពួកសាវក នូវប្រយោជន៍នៃការប្រោសលោះរបស់ទ្រង់ ឱ្យធួននឹងបាបមនុស្សលោក។ ប៉ុន្តែ ពួកយូដាបានស្ថិតនៅក្នុងភាពងងឹតសូនឈឹង។ គេបានបាត់បង់​ពន្លឺ​ដែលពួកគេមាន ស្តីអំពីផែនការនៃការសង្គ្រោះ ហើយគេនៅតែទុកចិត្តលើយញ្ញបូជានិងតង្វាយឥតប្រយោជន៍របស់គេតទៅទៀតដដែល។ ទីបរិសុទ្ធនៅស្ថានសួគ៌បានជំនួសទីបរិសុទ្ធនៅផែនដីហើយ តែគេមិនបានដឹងពីការផ្លាស់ប្តូរនេះឡើយ។ ហេតុដូច្នេះហើយ ពួកគេមិនបានទទួលប្រយោជន៍ពីការសុំអង្វរករព្រះវរបិតារបស់ព្រះយេស៊ូវ ជំនួសមនុស្សលោក នៅទីបរិសុទ្ធ​ឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ហេព្រើរ ជំពូក​ ៧:២៣-២៦

ខចងចាំ៖​​ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះអម្ចាស់។ កិច្ចការ ៣:១៩

Powered by CAM